39. មនុស្សមានទោសធ្ងន់ម្នាក់ដែលត្រូវគេឆ្កាងដែរនោះបានប្រមាថព្រះអង្គថា៖ «តើឯងមិនមែនជាព្រះគ្រិស្ដទេឬ? ចូរសង្គ្រោះខ្លួនឯង និងយើងមើល៍!»
40. ប៉ុន្ដែម្នាក់ទៀតបន្ទោសម្នាក់នោះថា៖ «តើឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ ដ្បិតឯងក៏ជាប់ទោសដូចគ្នា?
41. សម្រាប់យើងយុត្ដិធម៌ហើយ ដ្បិតយើងទទួលទោសសមនឹងអ្វីដែលយើងបានប្រព្រឹត្ដ ប៉ុន្ដែម្នាក់នេះមិនបានធ្វើខុសអ្វីសោះ»។
42. រួចគាត់ទូលទៅព្រះអង្គថា៖ «ព្រះយេស៊ូអើយ! ពេលព្រះអង្គចូលទៅក្នុងនគររបស់ព្រះអង្គ សូមនឹកចាំពីខ្ញុំផង»។
43. ព្រះអង្គមានបន្ទូលទៅគាត់វិញថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះអ្នកនឹងនៅស្ថានសួគ៌ជាមួយខ្ញុំ»។
44. ប្រហែលជាម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹតបានគ្របដណ្ដប់លើតំបន់នោះទាំងមូលរហូតដល់ម៉ោងបីរសៀល
45. ដួងអាទិត្យបានបាត់រស្មី ហើយវាំងនននៅក្នុងព្រះវិហារបានរហែកជាពីរ
46. ព្រះយេស៊ូស្រែកដោយសំឡេងខ្លាំងៗថា៖ «ព្រះវរបិតាអើយ! ខ្ញុំសូមប្រគល់វិញ្ញាណរបស់ខ្ញុំទៅក្នុងព្រះហស្ដរបស់ព្រះអង្គវិញ» ពេលមានបន្ទូលបែបនេះហើយ ព្រះអង្គផុតដង្ហើមទៅ។
47. កាលនាយទាហានម្នាក់បានឃើញហេតុការណ៍ដែលកើតឡើង ក៏សរសើរតម្កើងព្រះជាម្ចាស់ថា៖ «បុរសនេះជាមនុស្សសុចរិតមែន»
48. រីឯបណ្ដាជនទាំងអស់ដែលជួបជុំគ្នាមើលហេតុការណ៍នេះ កាលបានសង្កេតឃើញហេតុការណ៍ដែលបានកើតឡើង ក៏ត្រលប់ទៅវិញទាំងគក់ទ្រូង។
49. ពួកអ្នកដែលស្គាល់ព្រះអង្គទាំងអស់ និងពួកស្ដ្រីដែលបានដើរតាមព្រះអង្គពីស្រុកកាលីឡេមកបានឈរមើលហេតុការណ៍ទាំងនេះពីចម្ងាយ។
50. មើល៍ មានបុរសម្នាក់ឈ្មោះយ៉ូសែបជាសមាជិកម្នាក់នៃក្រុមប្រឹក្សាកំពូល និងជាមនុស្សល្អ ហើយសុចរិត។
51. គាត់មិនបានយល់ស្របជាមួយផែនការ និងអំពើរបស់ពួកគេនេះទេ។ គាត់មកពីក្រុងអើរីម៉ាថេ ជាក្រុងមួយនៃស្រុកយូដា គាត់ជាអ្នកដែលកំពុងរង់ចាំនគរព្រះជាម្ចាស់
52. គាត់បានចូលទៅជួបលោកពីឡាត់សុំយកសពព្រះយេស៊ូ។
53. កាលគាត់ដាក់សពចុះហើយ ក៏រុំនឹងសំពត់ទេសឯក ហើយបានបញ្ចុះសពនោះនៅក្នុងផ្នូរដែលដាប់ទៅក្នុងថ្ម ជាកន្លែងដែលមិនទាន់បានបញ្ចុះសពណានៅឡើយ។
54. ថ្ងៃនោះជាថ្ងៃរៀបចំ ហើយថ្ងៃសប្ប័ទបានខិតជិតមកដល់