គម្ពីរសញ្ញាថ្មី

លូកា 23:32-49 Khmer Christian Bible (KCB)

32. គេ​នាំ​មនុស្ស​មាន​ទោស​ធ្ងន់​ពីរ​នាក់​ទៀត​ទៅ​ឆ្កាង​ជាមួយ​ព្រះអង្គ​ដែរ។​

33. កាល​មក​ដល់​កន្លែង​មួយ​ឈ្មោះ​លលាដ៌​ក្បាល​ ពួក​គេ​ក៏​ឆ្កាង​ព្រះអង្គ​ និង​មនុស្ស​មាន​ទោស​ធ្ងន់​ពីរ​នាក់​ទៀត​នៅ​ទីនោះ​ដែរ​ គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។​

34. ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា៖​ «ឱ​ ព្រះវរបិតា​អើយ!​ សូម​លើក​លែង​ទោស​ដល់​ពួកគេ​ផង​ ដ្បិត​ពួកគេ​មិន​ដឹង​ថា​ ពួកគេ​កំពុង​ធ្វើ​អ្វី​ទេ»។​ ពួកគេ​បាន​ចាប់​ឆ្នោត​ចែក​អាវ​របស់​ព្រះអង្គ។​

35. ប្រជាជន​បាន​ឈរ​មើល​ព្រះអង្គ​ ឯ​ពួក​អាជ្ញាធរ​ក៏​មើលងាយ​ព្រះអង្គ​ដែរ​ ដោយ​និយាយ​ថា៖​ «វា​សង្គ្រោះ​អ្នក​ដទៃ​បាន​ ចូរ​ឲ្យ​វា​សង្គ្រោះ​ខ្លួន​ឯង​មើល៍​ បើ​វា​នេះ​ជា​ព្រះគ្រិស្ដ​ដែល​ព្រះជាម្ចាស់​រើសតាំង​មែន»​

36. ឯ​ពួក​ទាហាន​ក៏​ចំអក​ឲ្យ​ព្រះអង្គ​ដែរ​ និង​បាន​ចូល​មក​ជិត​ឲ្យ​ទឹក​ខ្មេះ​ដល់​ព្រះអង្គ​

37. ទាំង​និយាយ​ថា៖​ «បើ​ឯង​ជា​ស្ដេច​របស់​ជនជាតិ​យូដា​មែន​ ចូរ​សង្គ្រោះ​ខ្លួន​ឯង​មើល៍!»​

38. ហើយ​នៅ​ចំ​ពី​លើ​ព្រះអង្គ​មាន​ចំណារ​មួយ​ថា​ នេះ​ជា​ស្ដេច​របស់​ជនជាតិ​យូដា។​

39. មនុស្ស​មាន​ទោស​ធ្ងន់​ម្នាក់​ដែល​ត្រូវ​គេ​ឆ្កាង​ដែរ​នោះ​បាន​ប្រមាថ​ព្រះអង្គ​ថា៖​ «តើ​ឯង​មិន​មែន​ជា​ព្រះគ្រិស្ដ​ទេ​ឬ?​ ចូរ​សង្គ្រោះ​ខ្លួន​ឯង​ និង​យើង​មើល៍!»​

40. ប៉ុន្ដែ​ម្នាក់​ទៀត​បន្ទោស​ម្នាក់​នោះ​ថា៖​ «តើ​ឯង​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ទេ​ឬ​ ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូចគ្នា?​

41. សម្រាប់​យើង​យុត្ដិធម៌​ហើយ​ ដ្បិត​យើង​ទទួល​ទោស​សម​នឹង​អ្វី​ដែល​យើង​បាន​ប្រព្រឹត្ដ​ ប៉ុន្ដែ​ម្នាក់​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ»។​

42. រួច​គាត់​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះយេស៊ូ​អើយ!​ ពេល​ព្រះអង្គ​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះអង្គ​ សូម​នឹក​ចាំ​ពី​ខ្ញុំ​ផង»។​

43. ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ ថ្ងៃ​នេះ​អ្នក​នឹង​នៅ​ស្ថានសួគ៌​ជាមួយ​ខ្ញុំ»។​

44. ប្រហែល​ជា​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​រហូត​ដល់​ម៉ោង​បី​រសៀល​

45. ដួងអាទិត្យ​បាន​បាត់​រស្មី​ ហើយ​វាំង​នន​នៅ​ក្នុង​ព្រះវិហារ​បាន​រហែក​ជា​ពីរ​

46. ព្រះយេស៊ូ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «ព្រះវរបិតា​អើយ!​ ខ្ញុំ​សូម​ប្រគល់​វិញ្ញាណ​របស់​ខ្ញុំ​ទៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអង្គ​វិញ»​ ពេល​មាន​បន្ទូល​បែប​នេះ​ហើយ​ ព្រះអង្គ​ផុតដង្ហើម​ទៅ។​

47. កាល​នាយ​ទាហាន​ម្នាក់​បាន​ឃើញ​ហេតុការណ៍​ដែល​កើត​ឡើង​ ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖​ «បុរស​នេះ​ជា​មនុស្ស​សុចរិត​មែន»​

48. រីឯ​បណ្ដាជន​ទាំង​អស់​ដែល​ជួបជុំ​គ្នា​មើល​ហេតុការណ៍​នេះ​ កាល​បាន​សង្កេត​ឃើញ​ហេតុការណ៍​ដែល​បានកើត​ឡើង​ ក៏​ត្រលប់​ទៅ​វិញ​ទាំង​គក់​ទ្រូង។​

49. ពួក​អ្នក​ដែល​ស្គាល់​ព្រះអង្គ​ទាំង​អស់​ និង​ពួក​ស្ដ្រី​ដែល​បាន​ដើរ​តាម​ព្រះអង្គ​ពី​ស្រុក​កាលីឡេ​មក​បាន​ឈរ​មើល​ហេតុការណ៍​ទាំង​នេះ​ពី​ចម្ងាយ។​

សូមអានជំពូកពេញលេញ លូកា 23