31. ព្រោះកាលដើមឈើនៅស្រស់នៅឡើយ ពួកគេធ្វើការទាំងនេះទៅហើយ ចុះពេលដើមឈើក្រៀម នោះតើនឹងមានអ្វីកើតឡើង?»
32. គេនាំមនុស្សមានទោសធ្ងន់ពីរនាក់ទៀតទៅឆ្កាងជាមួយព្រះអង្គដែរ។
33. កាលមកដល់កន្លែងមួយឈ្មោះលលាដ៌ក្បាល ពួកគេក៏ឆ្កាងព្រះអង្គ និងមនុស្សមានទោសធ្ងន់ពីរនាក់ទៀតនៅទីនោះដែរ គឺម្នាក់នៅខាងស្ដាំព្រះអង្គ និងម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។
34. ព្រះយេស៊ូបានមានបន្ទូលថា៖ «ឱ ព្រះវរបិតាអើយ! សូមលើកលែងទោសដល់ពួកគេផង ដ្បិតពួកគេមិនដឹងថា ពួកគេកំពុងធ្វើអ្វីទេ»។ ពួកគេបានចាប់ឆ្នោតចែកអាវរបស់ព្រះអង្គ។
35. ប្រជាជនបានឈរមើលព្រះអង្គ ឯពួកអាជ្ញាធរក៏មើលងាយព្រះអង្គដែរ ដោយនិយាយថា៖ «វាសង្គ្រោះអ្នកដទៃបាន ចូរឲ្យវាសង្គ្រោះខ្លួនឯងមើល៍ បើវានេះជាព្រះគ្រិស្ដដែលព្រះជាម្ចាស់រើសតាំងមែន»
36. ឯពួកទាហានក៏ចំអកឲ្យព្រះអង្គដែរ និងបានចូលមកជិតឲ្យទឹកខ្មេះដល់ព្រះអង្គ
37. ទាំងនិយាយថា៖ «បើឯងជាស្ដេចរបស់ជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនឯងមើល៍!»
38. ហើយនៅចំពីលើព្រះអង្គមានចំណារមួយថា នេះជាស្ដេចរបស់ជនជាតិយូដា។
39. មនុស្សមានទោសធ្ងន់ម្នាក់ដែលត្រូវគេឆ្កាងដែរនោះបានប្រមាថព្រះអង្គថា៖ «តើឯងមិនមែនជាព្រះគ្រិស្ដទេឬ? ចូរសង្គ្រោះខ្លួនឯង និងយើងមើល៍!»
40. ប៉ុន្ដែម្នាក់ទៀតបន្ទោសម្នាក់នោះថា៖ «តើឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ ដ្បិតឯងក៏ជាប់ទោសដូចគ្នា?
41. សម្រាប់យើងយុត្ដិធម៌ហើយ ដ្បិតយើងទទួលទោសសមនឹងអ្វីដែលយើងបានប្រព្រឹត្ដ ប៉ុន្ដែម្នាក់នេះមិនបានធ្វើខុសអ្វីសោះ»។
42. រួចគាត់ទូលទៅព្រះអង្គថា៖ «ព្រះយេស៊ូអើយ! ពេលព្រះអង្គចូលទៅក្នុងនគររបស់ព្រះអង្គ សូមនឹកចាំពីខ្ញុំផង»។