3. លោកពីឡាត់ក៏សួរព្រះអង្គថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាឬ?» ព្រះអង្គមានបន្ទូលឆ្លើយថា៖ «លោកនិយាយត្រូវហើយ»
4. លោកពីឡាត់ក៏និយាយទៅពួកសម្ដេចសង្ឃ និងបណ្ដាជនថា៖ «ខ្ញុំមិនឃើញថា បុរសម្នាក់នេះមានទោសសោះ»
5. ប៉ុន្ដែពួកគេនិយាយទទូចថា៖ «គាត់ញុះញង់ប្រជាជន ទាំងបង្រៀនពាសពេញស្រុកយូដាទាំងមូល គឺចាប់ពីស្រុកកាលីឡេរហូតមកដល់ទីនេះ»។
6. ពេលលោកពីឡាត់ឮដូច្នេះ ក៏សាកសួរថា បុរសម្នាក់នេះជាអ្នកស្រុកកាលីឡេមែនដែរឬអត់
7. កាលដឹងថា ព្រះអង្គស្ថិតក្នុងសិទ្ធិអំណាចរបស់ស្ដេចហេរ៉ូឌ លោកពីឡាត់ក៏បញ្ជូនព្រះអង្គទៅឯស្ដេចហេរ៉ូឌ ដ្បិតនៅថ្ងៃនោះស្ដេចក៏នៅក្នុងក្រុងយេរូសាឡិមដែរ
8. ពេលស្ដេចជួបព្រះយេស៊ូ ក៏ត្រេកអរជាពន់ពេក ព្រោះស្ដេចបានឮអំពីព្រះអង្គ និងចង់ជួបព្រះអង្គជាយូរមកហើយ ស្ដេចសង្ឃឹមថានឹងឃើញព្រះអង្គសំដែងទីសំគាល់អស្ចារ្យណាមួយ។
9. ស្ដេចក៏សួរព្រះអង្គជាច្រើន ប៉ុន្ដែព្រះអង្គមិនបានឆ្លើយអ្វីឡើយ។
10. ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យក៏ក្រោកឈរចោទប្រកាន់ព្រះអង្គយ៉ាងធ្ងន់ៗ។
11. កាលស្ដេចហេរ៉ូឌ និងពួកទាហានរបស់ស្ដេចចំអកមើលងាយព្រះអង្គរួច ក៏ពាក់អាវភ្លឺរលោងឲ្យព្រះអង្គ ហើយក៏បញ្ជូនព្រះអង្គទៅឲ្យលោកពីឡាត់វិញ។
12. នៅថ្ងៃនោះ លោកពីឡាត់ និងស្ដេចហេរ៉ូឌ ទាំងពីរនាក់បានត្រលប់ជាមិត្ដសម្លាញ់នឹងគ្នា ដ្បិតកាលពីមុនជាសត្រូវនឹងគ្នា។
13. កាលលោកពីឡាត់ហៅពួកសម្ដេចសង្ឃ ពួកអាជ្ញាធរ និងប្រជាជនមកជុំគ្នាហើយ
14. ក៏និយាយទៅពួកគេថា៖ «អ្នករាល់គ្នាបាននាំបុរសម្នាក់នេះមកឲ្យខ្ញុំ ដោយចោទថាជាអ្នកញុះញង់ប្រជាជន ប៉ុន្ដែ មើល៍ នៅចំពោះមុខអ្នករាល់គ្នា ខ្ញុំបានសាកសួរគាត់អស់ហើយ ឃើញថាបុរសម្នាក់នេះគ្មានទោសដូចដែលអ្នករាល់គ្នាចោទប្រកាន់សោះ។
15. ស្ដេចហេរ៉ូឌក៏ដូចគ្នាដែរ ដ្បិតស្ដេចបានបញ្ជូនបុរសនេះមកឲ្យយើងវិញ ហើយមើល៍ គាត់មិនបានប្រព្រឹត្តអ្វីមួយដែលសមនឹងស្លាប់សោះ
16. ដូច្នេះពេលដាក់ទណ្ឌកម្មគាត់ហើយ ខ្ញុំនឹងដោះលែងគាត់»
17. [រៀងរាល់ថ្ងៃបុណ្យ លោកពីឡាត់ធ្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យពួកគេ]។
18. ប៉ុន្ដែពួកគេស្រែកទាំងអស់គ្នាថា៖ «សូមយកម្នាក់នេះទៅ ហើយដោះលែងបារ៉ាបាសឲ្យយើងវិញ!»
19. បារ៉ាបាសត្រូវគេចាប់ដាក់គុក ដោយព្រោះតែការបះបោរ និងការកាប់សម្លាប់ដែលបានកើតឡើងនៅក្នុងក្រុង។