គម្ពីរសញ្ញាថ្មី

លូកា 23:27-36 Khmer Christian Bible (KCB)

27. ហើយ​មាន​ប្រជាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ​ មាន​ទាំង​ពួក​ស្ដ្រី​កំពុង​កាន់ទុក្ខ​ និង​កំពុង​យំ​សោក​សម្រាប់​ព្រះអង្គ​ផង។​

28. ប៉ុន្ដែ​ព្រះយេស៊ូ​ងាក​មក​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កូន​ស្រី​ក្រុង​យេរូសាឡិម​អើយ!​ កុំ​យំ​សម្រាប់​ខ្ញុំ​អី​ ចូរ​យំ​សម្រាប់​អ្នក​រាល់គ្នា​ និង​កូន​ចៅ​របស់​អ្នក​រាល់គ្នា​វិញ​ចុះ​

29. ដ្បិត​មើល៍​ នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ដែល​ពួកគេ​នឹង​និយាយ​ថា​ មាន​ពរ​ហើយ​ដល់​ពួក​ស្ដ្រីអារ​ និង​ផ្ទៃ​ដែល​មិន​បាន​បង្កើត​កូន ព្រម​ទាំង​ស្ដ្រី​ដែល​មិន​បាន​បំបៅ​កូន។​

30. ពេល​នោះ​ពួកគេ​នឹង​ចាប់​ផ្ដើម​និយាយ​ទៅ​កាន់​ភ្នំ​នានា​ថា​ សូម​ធ្លាក់​សង្កត់​យើង​ទៅ​ ហើយ​និយាយ​ទៅ​ទីទួល​នានា​ទៀត​ថា​ សូម​គ្រប​លើ​យើង​ទៅ​

31. ព្រោះ​កាល​ដើម​ឈើ​នៅ​ស្រស់​នៅ​ឡើយ​ ពួកគេ​ធ្វើ​ការ​ទាំង​នេះ​ទៅ​ហើយ​ ចុះ​ពេល​ដើម​ឈើ​ក្រៀម​ នោះ​តើ​នឹង​មាន​អ្វី​កើត​ឡើង?»​

32. គេ​នាំ​មនុស្ស​មាន​ទោស​ធ្ងន់​ពីរ​នាក់​ទៀត​ទៅ​ឆ្កាង​ជាមួយ​ព្រះអង្គ​ដែរ។​

33. កាល​មក​ដល់​កន្លែង​មួយ​ឈ្មោះ​លលាដ៌​ក្បាល​ ពួក​គេ​ក៏​ឆ្កាង​ព្រះអង្គ​ និង​មនុស្ស​មាន​ទោស​ធ្ងន់​ពីរ​នាក់​ទៀត​នៅ​ទីនោះ​ដែរ​ គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។​

34. ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា៖​ «ឱ​ ព្រះវរបិតា​អើយ!​ សូម​លើក​លែង​ទោស​ដល់​ពួកគេ​ផង​ ដ្បិត​ពួកគេ​មិន​ដឹង​ថា​ ពួកគេ​កំពុង​ធ្វើ​អ្វី​ទេ»។​ ពួកគេ​បាន​ចាប់​ឆ្នោត​ចែក​អាវ​របស់​ព្រះអង្គ។​

35. ប្រជាជន​បាន​ឈរ​មើល​ព្រះអង្គ​ ឯ​ពួក​អាជ្ញាធរ​ក៏​មើលងាយ​ព្រះអង្គ​ដែរ​ ដោយ​និយាយ​ថា៖​ «វា​សង្គ្រោះ​អ្នក​ដទៃ​បាន​ ចូរ​ឲ្យ​វា​សង្គ្រោះ​ខ្លួន​ឯង​មើល៍​ បើ​វា​នេះ​ជា​ព្រះគ្រិស្ដ​ដែល​ព្រះជាម្ចាស់​រើសតាំង​មែន»​

36. ឯ​ពួក​ទាហាន​ក៏​ចំអក​ឲ្យ​ព្រះអង្គ​ដែរ​ និង​បាន​ចូល​មក​ជិត​ឲ្យ​ទឹក​ខ្មេះ​ដល់​ព្រះអង្គ​

សូមអានជំពូកពេញលេញ លូកា 23