24. ដូច្នេះលោកពីឡាត់ក៏សម្រេចចិត្ដធ្វើតាមការទាមទាររបស់ពួកគេ
25. ហើយលោកក៏ដោះលែងមនុស្សម្នាក់ដែលពួកគេបានសូម ជាម្នាក់ដែលត្រូវគេចាប់ដាក់គុកពីបទបះបោរ និងកាប់សម្លាប់ ឯព្រះយេស៊ូវិញ លោកបានប្រគល់ទៅតាមចិត្ដរបស់ពួកគេ។
26. កាលពួកគេនាំព្រះអង្គទៅ ក៏ចាប់បុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកក្រុងគីរេនដែលទើបមកពីចម្ការ គឺពួកគេបានដាក់ឈើឆ្កាងលើគាត់ឲ្យលីដើរតាមព្រះយេស៊ូ
27. ហើយមានប្រជាជនច្រើនកុះករបានដើរតាមព្រះអង្គ មានទាំងពួកស្ដ្រីកំពុងកាន់ទុក្ខ និងកំពុងយំសោកសម្រាប់ព្រះអង្គផង។
28. ប៉ុន្ដែព្រះយេស៊ូងាកមកមានបន្ទូលទៅពួកគេថា៖ «កូនស្រីក្រុងយេរូសាឡិមអើយ! កុំយំសម្រាប់ខ្ញុំអី ចូរយំសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាវិញចុះ
29. ដ្បិតមើល៍ នឹងមានថ្ងៃមួយមកដល់ដែលពួកគេនឹងនិយាយថា មានពរហើយដល់ពួកស្ដ្រីអារ និងផ្ទៃដែលមិនបានបង្កើតកូន ព្រមទាំងស្ដ្រីដែលមិនបានបំបៅកូន។
30. ពេលនោះពួកគេនឹងចាប់ផ្ដើមនិយាយទៅកាន់ភ្នំនានាថា សូមធ្លាក់សង្កត់យើងទៅ ហើយនិយាយទៅទីទួលនានាទៀតថា សូមគ្របលើយើងទៅ
31. ព្រោះកាលដើមឈើនៅស្រស់នៅឡើយ ពួកគេធ្វើការទាំងនេះទៅហើយ ចុះពេលដើមឈើក្រៀម នោះតើនឹងមានអ្វីកើតឡើង?»
32. គេនាំមនុស្សមានទោសធ្ងន់ពីរនាក់ទៀតទៅឆ្កាងជាមួយព្រះអង្គដែរ។
33. កាលមកដល់កន្លែងមួយឈ្មោះលលាដ៌ក្បាល ពួកគេក៏ឆ្កាងព្រះអង្គ និងមនុស្សមានទោសធ្ងន់ពីរនាក់ទៀតនៅទីនោះដែរ គឺម្នាក់នៅខាងស្ដាំព្រះអង្គ និងម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។