22. លោកពីឡាត់ក៏និយាយទៅពួកគេជាលើកទីបីថា៖ «ហេតុអ្វី តើអ្នកនេះបានធ្វើអ្វីអាក្រក់ឬ? ខ្ញុំឃើញថាគាត់គ្មានទោសត្រូវស្លាប់ទេ ដូច្នេះពេលដាក់ទណ្ឌកម្មហើយ ខ្ញុំនឹងដោះលែងគាត់!»
23. ប៉ុន្ដែពួកគេបានទទូចដោយសំឡេងឮៗទាមទារឲ្យឆ្កាងព្រះអង្គ ហើយសំឡេងរបស់ពួកគេក៏យកឈ្នះបាន
24. ដូច្នេះលោកពីឡាត់ក៏សម្រេចចិត្ដធ្វើតាមការទាមទាររបស់ពួកគេ
25. ហើយលោកក៏ដោះលែងមនុស្សម្នាក់ដែលពួកគេបានសូម ជាម្នាក់ដែលត្រូវគេចាប់ដាក់គុកពីបទបះបោរ និងកាប់សម្លាប់ ឯព្រះយេស៊ូវិញ លោកបានប្រគល់ទៅតាមចិត្ដរបស់ពួកគេ។
26. កាលពួកគេនាំព្រះអង្គទៅ ក៏ចាប់បុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកក្រុងគីរេនដែលទើបមកពីចម្ការ គឺពួកគេបានដាក់ឈើឆ្កាងលើគាត់ឲ្យលីដើរតាមព្រះយេស៊ូ
27. ហើយមានប្រជាជនច្រើនកុះករបានដើរតាមព្រះអង្គ មានទាំងពួកស្ដ្រីកំពុងកាន់ទុក្ខ និងកំពុងយំសោកសម្រាប់ព្រះអង្គផង។
28. ប៉ុន្ដែព្រះយេស៊ូងាកមកមានបន្ទូលទៅពួកគេថា៖ «កូនស្រីក្រុងយេរូសាឡិមអើយ! កុំយំសម្រាប់ខ្ញុំអី ចូរយំសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាវិញចុះ
29. ដ្បិតមើល៍ នឹងមានថ្ងៃមួយមកដល់ដែលពួកគេនឹងនិយាយថា មានពរហើយដល់ពួកស្ដ្រីអារ និងផ្ទៃដែលមិនបានបង្កើតកូន ព្រមទាំងស្ដ្រីដែលមិនបានបំបៅកូន។
30. ពេលនោះពួកគេនឹងចាប់ផ្ដើមនិយាយទៅកាន់ភ្នំនានាថា សូមធ្លាក់សង្កត់យើងទៅ ហើយនិយាយទៅទីទួលនានាទៀតថា សូមគ្របលើយើងទៅ
31. ព្រោះកាលដើមឈើនៅស្រស់នៅឡើយ ពួកគេធ្វើការទាំងនេះទៅហើយ ចុះពេលដើមឈើក្រៀម នោះតើនឹងមានអ្វីកើតឡើង?»
32. គេនាំមនុស្សមានទោសធ្ងន់ពីរនាក់ទៀតទៅឆ្កាងជាមួយព្រះអង្គដែរ។
33. កាលមកដល់កន្លែងមួយឈ្មោះលលាដ៌ក្បាល ពួកគេក៏ឆ្កាងព្រះអង្គ និងមនុស្សមានទោសធ្ងន់ពីរនាក់ទៀតនៅទីនោះដែរ គឺម្នាក់នៅខាងស្ដាំព្រះអង្គ និងម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។
34. ព្រះយេស៊ូបានមានបន្ទូលថា៖ «ឱ ព្រះវរបិតាអើយ! សូមលើកលែងទោសដល់ពួកគេផង ដ្បិតពួកគេមិនដឹងថា ពួកគេកំពុងធ្វើអ្វីទេ»។ ពួកគេបានចាប់ឆ្នោតចែកអាវរបស់ព្រះអង្គ។
35. ប្រជាជនបានឈរមើលព្រះអង្គ ឯពួកអាជ្ញាធរក៏មើលងាយព្រះអង្គដែរ ដោយនិយាយថា៖ «វាសង្គ្រោះអ្នកដទៃបាន ចូរឲ្យវាសង្គ្រោះខ្លួនឯងមើល៍ បើវានេះជាព្រះគ្រិស្ដដែលព្រះជាម្ចាស់រើសតាំងមែន»
36. ឯពួកទាហានក៏ចំអកឲ្យព្រះអង្គដែរ និងបានចូលមកជិតឲ្យទឹកខ្មេះដល់ព្រះអង្គ
37. ទាំងនិយាយថា៖ «បើឯងជាស្ដេចរបស់ជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនឯងមើល៍!»
38. ហើយនៅចំពីលើព្រះអង្គមានចំណារមួយថា នេះជាស្ដេចរបស់ជនជាតិយូដា។
39. មនុស្សមានទោសធ្ងន់ម្នាក់ដែលត្រូវគេឆ្កាងដែរនោះបានប្រមាថព្រះអង្គថា៖ «តើឯងមិនមែនជាព្រះគ្រិស្ដទេឬ? ចូរសង្គ្រោះខ្លួនឯង និងយើងមើល៍!»
40. ប៉ុន្ដែម្នាក់ទៀតបន្ទោសម្នាក់នោះថា៖ «តើឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ ដ្បិតឯងក៏ជាប់ទោសដូចគ្នា?
41. សម្រាប់យើងយុត្ដិធម៌ហើយ ដ្បិតយើងទទួលទោសសមនឹងអ្វីដែលយើងបានប្រព្រឹត្ដ ប៉ុន្ដែម្នាក់នេះមិនបានធ្វើខុសអ្វីសោះ»។