គម្ពីរសញ្ញាថ្មី

លូកា 23:18-27 Khmer Christian Bible (KCB)

18. ប៉ុន្ដែ​ពួកគេ​ស្រែក​ទាំង​អស់​គ្នា​ថា៖​ «សូម​យក​ម្នាក់​នេះ​ទៅ​ ហើយ​ដោះលែង​បារ៉ាបាស​ឲ្យ​យើង​វិញ!»​

19. បារ៉ាបាស​ត្រូវ​គេ​ចាប់​ដាក់​គុក​ ដោយព្រោះ​តែ​ការ​បះបោរ​ និង​ការ​កាប់​សម្លាប់​ដែល​បានកើត​ឡើង​នៅ​ក្នុង​ក្រុង។​

20. ដោយ​ចង់​ដោះលែង​ព្រះយេស៊ូ​ លោក​ពីឡាត់​ក៏​និយាយ​បញ្ជាក់​ទៅ​ពួកគេ​ម្ដងទៀត។​

21. ប៉ុន្ដែ​ពួកគេ​ស្រែក​ថា៖​ «ឆ្កាង​វា​ទៅ​ ឆ្កាង​វា​ទៅ!»​

22. លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​ជា​លើក​ទី​បី​ថា៖​ «ហេតុអ្វី​ តើ​អ្នក​នេះ​បាន​ធ្វើ​អ្វី​អាក្រក់​ឬ?​ ខ្ញុំ​ឃើញ​ថា​គាត់​គ្មាន​ទោស​ត្រូវ​ស្លាប់​ទេ​ ដូច្នេះ​ពេល​ដាក់​ទណ្ឌកម្ម​ហើយ​ ខ្ញុំ​នឹង​ដោះ​លែង​គាត់!»​

23. ប៉ុន្ដែ​ពួកគេ​បាន​ទទូច​ដោយ​សំឡេង​ឮៗ​ទាមទារ​ឲ្យ​ឆ្កាង​ព្រះអង្គ​ ហើយ​សំឡេង​របស់​ពួកគេ​ក៏​យក​ឈ្នះ​បាន​

24. ដូច្នេះ​លោក​ពីឡាត់​ក៏​សម្រេច​ចិត្ដ​ធ្វើ​តាម​ការ​ទាមទារ​របស់​ពួកគេ​

25. ហើយ​លោក​ក៏​ដោះ​លែង​មនុស្ស​ម្នាក់​ដែល​ពួកគេ​បាន​សូម​ ជា​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​ដាក់​គុក​ពី​បទ​បះបោរ​ និង​កាប់​សម្លាប់​ ឯ​ព្រះយេស៊ូ​វិញ​ លោក​បាន​ប្រគល់​ទៅ​តាម​ចិត្ដ​របស់​ពួកគេ។​

26. កាល​ពួកគេ​នាំ​ព្រះអង្គ​ទៅ​ ក៏​ចាប់​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ ជា​អ្នក​ក្រុង​គីរេន​ដែល​ទើប​មក​ពី​ចម្ការ​ គឺ​ពួកគេ​បាន​ដាក់​ឈើ​ឆ្កាង​លើ​គាត់​ឲ្យ​លី​ដើរ​តាម​ព្រះយេស៊ូ​

27. ហើយ​មាន​ប្រជាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ​ មាន​ទាំង​ពួក​ស្ដ្រី​កំពុង​កាន់ទុក្ខ​ និង​កំពុង​យំ​សោក​សម្រាប់​ព្រះអង្គ​ផង។​

សូមអានជំពូកពេញលេញ លូកា 23