1. រួចអ្នកនៅក្នុងអង្គប្រជុំទាំងមូលក៏ក្រោកឡើងនាំព្រះអង្គទៅជួបលោកពីឡាត់
2. ពួកគេក៏ចាប់ផ្ដើមចោទប្រកាន់ព្រះអង្គថា៖ «យើងបានឃើញអ្នកនេះកំពុងនាំជនជាតិរបស់យើងបះបោរ និងហាមការបង់ពន្ធដារឲ្យព្រះចៅអធិរាជ ព្រមទាំងហៅខ្លួនឯងថាជាព្រះគ្រិស្ដ គឺជាស្ដេច»។
3. លោកពីឡាត់ក៏សួរព្រះអង្គថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាឬ?» ព្រះអង្គមានបន្ទូលឆ្លើយថា៖ «លោកនិយាយត្រូវហើយ»
4. លោកពីឡាត់ក៏និយាយទៅពួកសម្ដេចសង្ឃ និងបណ្ដាជនថា៖ «ខ្ញុំមិនឃើញថា បុរសម្នាក់នេះមានទោសសោះ»
5. ប៉ុន្ដែពួកគេនិយាយទទូចថា៖ «គាត់ញុះញង់ប្រជាជន ទាំងបង្រៀនពាសពេញស្រុកយូដាទាំងមូល គឺចាប់ពីស្រុកកាលីឡេរហូតមកដល់ទីនេះ»។
6. ពេលលោកពីឡាត់ឮដូច្នេះ ក៏សាកសួរថា បុរសម្នាក់នេះជាអ្នកស្រុកកាលីឡេមែនដែរឬអត់
7. កាលដឹងថា ព្រះអង្គស្ថិតក្នុងសិទ្ធិអំណាចរបស់ស្ដេចហេរ៉ូឌ លោកពីឡាត់ក៏បញ្ជូនព្រះអង្គទៅឯស្ដេចហេរ៉ូឌ ដ្បិតនៅថ្ងៃនោះស្ដេចក៏នៅក្នុងក្រុងយេរូសាឡិមដែរ
8. ពេលស្ដេចជួបព្រះយេស៊ូ ក៏ត្រេកអរជាពន់ពេក ព្រោះស្ដេចបានឮអំពីព្រះអង្គ និងចង់ជួបព្រះអង្គជាយូរមកហើយ ស្ដេចសង្ឃឹមថានឹងឃើញព្រះអង្គសំដែងទីសំគាល់អស្ចារ្យណាមួយ។
9. ស្ដេចក៏សួរព្រះអង្គជាច្រើន ប៉ុន្ដែព្រះអង្គមិនបានឆ្លើយអ្វីឡើយ។
10. ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យក៏ក្រោកឈរចោទប្រកាន់ព្រះអង្គយ៉ាងធ្ងន់ៗ។