គម្ពីរសញ្ញាថ្មី

លូកា 15:20-31 Khmer Christian Bible (KCB)

20. រួច​គាត់​ក៏​ក្រោក​ឡើង​ត្រលប់​ទៅ​ឯ​ឪពុក​វិញ​ កាល​គាត់​នៅ​ឆ្ងាយ​នៅ​ឡើយ​ នោះ​ឪពុក​របស់​គាត់​បាន​ឃើញ​គាត់​ និង​មាន​ចិត្ដ​អាណិត​អាសូរ​ជា​ពន់ពេក​ ក៏​រត់​ទៅ​ឱប​ថើប​គាត់។​

21. កូន​ប្រុស​នោះ​ប្រាប់​ទៅ​ឪពុក​ថា​ លោក​ឪពុក​អើយ!​ កូន​បាន​ធ្វើ​បាប​ទាស់​នឹង​ស្ថានសួគ៌​ ហើយ​នឹង​លោក​ឪពុក​ កូន​មិន​ស័ក្តិសម​នឹង​ហៅ​ថា​កូន​របស់​លោក​ឪពុក​ទៀត​ទេ។​

22. ប៉ុន្ដែ​ឪពុក​បាន​ប្រាប់​ទៅ​ពួក​បាវបម្រើ​របស់​គាត់​ថា​ ចូរ​យក​អាវ​ដ៏​ល្អ​បំផុត​មក​បំពាក់​ឲ្យ​កូន​របស់​ខ្ញុំ​ជា​ប្រញាប់​ ទាំង​បំពាក់​ចិញ្ជៀន​លើ​ដៃ​ និង​ពាក់​ស្បែក​ជើង​ឲ្យ​ផង​

23. ហើយ​ចូរ​យក​កូន​គោ​ដែល​បាន​បំប៉ន​ទុក​មក​កាប់​ រួច​ចូរ​យើង​បរិភោគ​ដោយ​អរ​សប្បាយ​ចុះ​

24. ព្រោះ​កូន​ប្រុស​របស់​ខ្ញុំ​នេះ​បាន​ស្លាប់​ហើយ​ ប៉ុន្ដែ​រស់​ឡើង​វិញ​ វា​បាន​វង្វេង​បាត់​ទៅ​ ប៉ុន្ដែ​រក​ឃើញ​វិញ។​ រួច​ពួកគេ​ក៏​ចាប់ផ្ដើម​អរ​សប្បាយ។​

25. រីឯ​កូន​ប្រុស​ច្បង​របស់​គាត់​វិញ​នៅ​ឯ​ចម្ការ​ ពេល​គាត់​មក​ជិត​ដល់​ផ្ទះ​ គាត់​បាន​ឮ​សូរ​តន្ដ្រី​ និង​ការ​រាំ​រែក​

26. គាត់​ក៏​ហៅ​បាវបម្រើ​ម្នាក់​មក​សួរ​ថា​ តើ​មាន​ហេតុការណ៍​អ្វី?​

27. បាវបម្រើ​នោះ​ប្រាប់​គាត់​ថា​ ប្អូន​ប្រុស​របស់​លោក​មក​វិញ​ហើយ​ ឪពុក​របស់​លោក​បាន​កាប់​កូន​គោ​ដែល​បាន​បំប៉ន​ទុក​ ព្រោះ​គាត់​បាន​ទទួល​កូន​មក​វិញ​ដោយ​សុខសាន្ដ។​

28. កូន​ប្រុស​ច្បង​ក៏​ខឹង​ ហើយ​មិន​ចង់​ចូល​ក្នុង​ទេ​ ដូច្នេះ​ឪពុក​របស់​គាត់​បាន​ចេញ​មក​អង្វរ​គាត់​

29. ប៉ុន្ដែ​គាត់​បាន​ឆ្លើយ​ទៅ​ឪពុក​ថា​ មើល៍​ កូន​បាន​បម្រើ​លោក​ឪពុក​ជា​ច្រើន​ឆ្នាំ​ ហើយ​មិន​ដែល​មិន​ស្ដាប់​បង្គាប់​លោក​ឪពុក​ទេ ប៉ុន្ដែ​លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ​មួយ​ដល់​ខ្ញុំ​ ដើម្បី​ឲ្យ​ខ្ញុំ​អរ​សប្បាយ​ជាមួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ទេ​

30. ប៉ុន្ដែ​នៅ​ពេល​កូន​របស់​លោក​ឪពុក​ម្នាក់​នេះ​ ដែល​ជា​អ្នក​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​លោក​ឪពុក​ជាមួយ​ស្ដ្រី​ពេស្យា​មក​ដល់​ លោក​ឪពុក​ក៏​កាប់​កូន​គោ​ដែល​បំប៉ន​ទុក​សម្រាប់​វា។​

31. ឪពុក​ក៏​ប្រាប់​កូន​នោះ​វិញ​ថា​ កូន​អើយ!​ កូន​ឯង​នៅ​ជាមួយ​ឪពុក​ជានិច្ច​ ហើយ​អ្វីៗ​ដែល​ជា​របស់​ឪពុក​គឺ​ជា​របស់​កូន​ហើយ​

សូមអានជំពូកពេញលេញ លូកា 15