គម្ពីរសញ្ញាថ្មី

លូកា 14:2-17 Khmer Christian Bible (KCB)

2. ហើយ​មើល៍​ នៅ​ចំពោះ​ព្រះភក្ដ្រ​ព្រះអង្គ​ មាន​បុរស​ម្នាក់​មាន​ជំងឺ​ទាច។​

3. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​សួរ​ទៅ​ពួក​អ្នក​ជំនាញ​ច្បាប់​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ថា៖​ «តើ​វិន័យ​អនុញ្ញាត​ឲ្យ​ប្រោស​មនុស្ស​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ​ដែរ​ឬ​ទេ?»​

4. ប៉ុន្ដែ​ពួកគេ​នៅ​ស្ងៀម​ ដូច្នេះ​ព្រះអង្គ​ក៏​ចាប់​គាត់​ឡើង​ ហើយ​ប្រោស​គាត់​ឲ្យ​ជា​ រួច​ក៏​ឲ្យ​គាត់​ចេញ​ទៅ។​

5. បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បើ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​កូន​ម្នាក់​ ឬ​គោ​មួយ​ក្បាល​ធ្លាក់​ក្នុង​អណ្ដូង​នៅ​ថ្ងៃ​សប្ប័ទ​ តើ​មិន​ស្រង់​វា​ភ្លាមៗ​ទេ​ឬ?»​

6. ពួកគេ​មិន​អាច​ឆ្លើយ​តប​នឹង​សំណួរ​ទាំង​នេះ​បាន​ឡើយ។​

7. កាល​ព្រះអង្គ​សំគាល់​ឃើញ​របៀប​ដែល​ភ្ញៀវ​ជ្រើស​រើស​កន្លែង​កិត្ដិយស​ ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​ទៅ​ពួកគេ​ថា៖​

8. «ពេល​អ្នកណា​ម្នាក់​អញ្ជើញ​អ្នក​ទៅ​ពិធី​មង្គលការ​ ចូរ​អ្នក​កុំ​អង្គុយ​នៅ​កន្លែង​កិត្ដិយស​អី​ ក្រែងលោ​អ្នកនោះ​បាន​អញ្ជើញ​អ្នក​មាន​កិត្ដិយស​ជាង​អ្នក​មក​ដែរ។​

9. ពេល​នោះ ​អ្នក​ដែល​បាន​អញ្ជើញ​អ្នក និង​ភ្ញៀវ​នោះ​នឹង​មក​ប្រាប់​អ្នក​ថា​ សូម​ឲ្យ​កន្លែង​នេះ​ទៅ​គាត់​ នោះ​អ្នក​មុខជា​បាន​កន្លែង​នៅ​ខាង​ក្រោយ​បំផុត​ ទាំង​អាម៉ាស់​មុខ​មិន​ខាន។​

10. ដូច្នេះ​ពេល​គេ​អញ្ជើញ​អ្នក​ទៅ​បរិភោគ​អាហារ​ ចូរ​អង្គុយ​នៅ​កន្លែង​ខាង​ក្រោយ​បំផុត​ ដើម្បី​ពេល​ណា​អ្នក​ដែល​អញ្ជើញ​អ្នក​មក​ដល់​ គាត់​នឹង​ប្រាប់​អ្នក​ថា​ សម្លាញ់​អើយ!​ សូម​ឡើង​មក​កន្លែង​កិត្ដិយស​ នោះ​អ្នក​មុខជា​ខ្ពស់​មុខ​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំងឡាយ​ដែល​អង្គុយ​រួម​តុ​ជាមួយ​អ្នក​មិនខាន​

11. ដ្បិត​អ្នកណា​លើក​តម្កើង​ខ្លួន​ នឹង​ត្រូវ​បន្ទាប​ចុះ​ ឯ​អ្នកណា​បន្ទាប​ខ្លួន​ នឹង​ត្រូវ​លើក​តម្កើង​វិញ»។​

12. ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​អ្នក​ដែល​អញ្ជើញ​ព្រះអង្គ​ដែរ​ថា៖​ «ពេល​អ្នក​រៀបចំ​ជប់​លៀង​អាហារ​ថ្ងៃ​ត្រង់​ ឬ​អាហារ​ពេល​ល្ងាច​ ចូរ​កុំ​អញ្ជើញ​មិត្ដ​ភក្ដិ​ បងប្អូន​ សាច់​ញាតិ​ ឬ​អ្នក​ជិត​ខាង​របស់​អ្នក​ដែល​ជា​អ្នក​មាន​ឡើយ​ ក្រែងលោ​ពួកគេ​នឹង​អញ្ជើញ​អ្នក​ដូច្នេះ​ដែរ​ ហើយ​វា​ក៏​ត្រលប់​ជា​ការ​តបស្នង​ចំពោះ​អ្នក​វិញ។​

13. ប៉ុន្ដែ​ពេល​អ្នក​រៀបចំ​ពិធី​ជប់​លៀង​ ចូរ​អញ្ជើញ​អ្នក​ក្រ​ មនុស្ស​ពិការ​ មនុស្ស​ខ្វិន​ និង​មនុស្ស​ខ្វាក់​វិញ​

14. នោះ​អ្នក​នឹង​មាន​ពរ​ហើយ​ ព្រោះ​ពួកគេ​សង​អ្នក​វិញ​មិន​បាន​ឡើយ​ ដូច្នេះ​អ្នក​នឹង​ទទួល​ការ​តបស្នង​នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។​

15. ពេល​ឮ​សេចក្ដី​ទាំង​នេះ​ ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​ពួក​ភ្ញៀវ​អង្គុយ​រួម​តុ​ជាមួយ​ព្រះអង្គ​បាន​ទូល​ព្រះអង្គ​ថា៖​ «មាន​ពរ​ហើយ​ អ្នកណា​ដែល​នឹង​បរិភោគ​អាហារ​នៅ​ក្នុង​នគរ​ព្រះជាម្ចាស់»​

16. តែ​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «មាន​បុរស​ម្នាក់​រៀបចំ​ពិធី​ជប់​លៀង​ពេល​ល្ងាច​ដ៏​ធំ​មួយ​ ហើយ​គាត់​បាន​អញ្ជើញ​ភ្ញៀវ​ជាច្រើន​

17. លុះ​ដល់​ពេល​ម៉ោង​អាហារ​ពេល​ល្ងាច​ គាត់​បាន​ចាត់​បាវបម្រើ​របស់​គាត់​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ថា​ សូម​អញ្ជើញ​មក​ ដ្បិត​អ្វីៗ​បាន​រៀបចំ​រួច​រាល់​ហើយ!​

សូមអានជំពូកពេញលេញ លូកា 14