គម្ពីរសញ្ញាថ្មី

លូកា 10:9-19 Khmer Christian Bible (KCB)

9. ហើយ​ចូរ​ប្រោស​ពួក​អ្នក​ជំងឺ​នៅ​ក្រុង​នោះ​ឲ្យ​បាន​ជា​ចុះ​ ព្រមទាំង​ប្រាប់​ពួកគេ​ថា​ នគរ​ព្រះជាម្ចាស់​បាន​មក​ជិត​អ្នក​រាល់គ្នា​ហើយ។​

10. ប៉ុន្ដែ​ក្រុង​ណា​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ចូល​ ហើយ​គេ​មិន​ទទួល​អ្នក​រាល់គ្នា​ ពេល​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ក្រុង​នោះ​ ចូរ​អ្នក​រាល់គ្នា​និយាយ​ថា​

11. សូម្បីតែ​ធូលី​ដី​ពី​ក្រុង​របស់​អ្នក​រាល់គ្នា​ដែល​ជាប់​នឹង​ជើង​របស់​យើង​ ក៏​យើង​រលាស់​ចេញ​ឲ្យ​អ្នក​រាល់គ្នា​វិញ​ដែរ​ ប៉ុន្ដែ​ចូរ​ដឹង​ការ​នេះ​ចុះ​ថា​ នគរ​ព្រះជាម្ចាស់​បាន​មក​ជិត​បង្កើយ​ហើយ។​

12. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ថ្ងៃ​នោះ​ សម្រាប់​ក្រុង​សូដុម​ងាយទ្រាំ​ជាង​ក្រុង​នោះ​ទៅ​ទៀត​។​

13. វេទនា​ដល់​អ្នក​ហើយ​ ក្រុង​ខូរ៉ាស៊ីន​ វេទនា​ដល់​អ្នក​ហើយ​ ក្រុង​បេតសៃដា!​ ព្រោះ​ប្រសិន​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាន​សំដែង​នៅ​ក្រុង​ទីរ៉ុស​ និង​ក្រុងស៊ីដូន​វិញ​ នោះ​គេ​មុខជា​ប្រែ​ចិត្ដ​តាំងពី​យូរ​ ដោយ​ស្លៀក​សំពត់​ធ្មៃ​ ទាំង​អង្គុយ​ក្នុង​ផេះ​មិន​ខាន​

14. ប៉ុន្ដែ​នៅ​ពេល​ជំនុំជម្រះ​ក្រុង​ទីរ៉ុស​ និង​ស៊ីដូន ​មុខជា​ងាយទ្រាំ​ជាង​អ្នក​រាល់គ្នា។​

15. ឯ​អ្នក​វិញ​ ក្រុង​កាពើណិម​អើយ!​ តើ​អ្នក​នឹង​ថ្កើង​ឡើង​ដល់​ស្ថានសួគ៌​ឬ?​ អ្នក​នឹង​ត្រូវ​ធ្លាក់​ចុះ​ដល់​ស្ថាននរក​មិន​ខាន។​

16. អ្នកណា​ស្ដាប់​អ្នក​រាល់គ្នា​ គឺ​ស្ដាប់​ខ្ញុំ​ អ្នកណា​បដិសេធ​នឹង​អ្នក​រាល់គ្នា​ គឺ​បដិសេធ​ខ្ញុំ​ ហើយ​អ្នកណា​បដិសេធ​ខ្ញុំ​ គឺ​បដិសេធ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។​

17. សិស្ស​ទាំង​ចិត​សិប​នាក់​បាន​ត្រលប់​មក​វិញ​ដោយ​អំណរ​ ទាំង​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម្បីតែ​ពួក​អារក្ស​ក៏​ចុះចូល​នឹង​យើង​ក្នុង​នាម​របស់​ព្រះអង្គ​ដែរ»​

18. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ខ្ញុំ​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​ស្ថានសួគ៌​ដូច​ជា​ផ្លេក​បន្ទោរ​

19. មើល៍​ ខ្ញុំ​បាន​ឲ្យ​សិទ្ធិ​អំណាច​ដល់​អ្នក​រាល់គ្នា​ដើរ​ជាន់​សត្វ​ពស់​ សត្វ​ខ្យាដំរី​ និង​លើ​អំណាច​ទាំង​អស់​របស់​ខ្មាំង​សត្រូវ​ ហើយ​គ្មាន​អ្វី​អាច​ធ្វើ​ទុក្ខ​អ្នក​រាល់គ្នា​បាន​ឡើយ​

សូមអានជំពូកពេញលេញ លូកា 10