6. បើមានមនុស្សនៃសេចក្ដីសុខសាន្ដនៅទីនោះ សេចក្ដីសុខសាន្ដរបស់អ្នករាល់គ្នានឹងសណ្ឋិតលើអ្នកនោះ ប៉ុន្ដែបើគ្មានវិញ សេចក្ដីសុខសាន្ដនឹងត្រលប់មកលើអ្នករាល់គ្នាវិញ។
7. ចូរនៅផ្ទះដដែលនោះចុះ ទាំងបរិភោគ និងផឹកអ្វីៗដែលគេឲ្យផង ព្រោះអ្នកធ្វើការស័ក្តិសមនឹងទទួលបានឈ្នួលរបស់ខ្លួន ហើយកុំប្ដូរពីផ្ទះមួយទៅផ្ទះមួយឲ្យសោះ។
8. ក្រុងណាក៏ដោយដែលអ្នករាល់គ្នាចូល ហើយគេទទួលអ្នករាល់គ្នា ចូរបរិភោគអ្វីៗដែលគេរៀបចំនៅមុខអ្នករាល់គ្នាចុះ
9. ហើយចូរប្រោសពួកអ្នកជំងឺនៅក្រុងនោះឲ្យបានជាចុះ ព្រមទាំងប្រាប់ពួកគេថា នគរព្រះជាម្ចាស់បានមកជិតអ្នករាល់គ្នាហើយ។
10. ប៉ុន្ដែក្រុងណាក៏ដោយដែលអ្នករាល់គ្នាចូល ហើយគេមិនទទួលអ្នករាល់គ្នា ពេលចេញទៅតាមផ្លូវនៃក្រុងនោះ ចូរអ្នករាល់គ្នានិយាយថា
11. សូម្បីតែធូលីដីពីក្រុងរបស់អ្នករាល់គ្នាដែលជាប់នឹងជើងរបស់យើង ក៏យើងរលាស់ចេញឲ្យអ្នករាល់គ្នាវិញដែរ ប៉ុន្ដែចូរដឹងការនេះចុះថា នគរព្រះជាម្ចាស់បានមកជិតបង្កើយហើយ។
12. ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនោះ សម្រាប់ក្រុងសូដុមងាយទ្រាំជាងក្រុងនោះទៅទៀត។
13. វេទនាដល់អ្នកហើយ ក្រុងខូរ៉ាស៊ីន វេទនាដល់អ្នកហើយ ក្រុងបេតសៃដា! ព្រោះប្រសិនបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នករាល់គ្នាបានសំដែងនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ នោះគេមុខជាប្រែចិត្ដតាំងពីយូរ ដោយស្លៀកសំពត់ធ្មៃ ទាំងអង្គុយក្នុងផេះមិនខាន
14. ប៉ុន្ដែនៅពេលជំនុំជម្រះក្រុងទីរ៉ុស និងស៊ីដូន មុខជាងាយទ្រាំជាងអ្នករាល់គ្នា។
15. ឯអ្នកវិញ ក្រុងកាពើណិមអើយ! តើអ្នកនឹងថ្កើងឡើងដល់ស្ថានសួគ៌ឬ? អ្នកនឹងត្រូវធ្លាក់ចុះដល់ស្ថាននរកមិនខាន។
16. អ្នកណាស្ដាប់អ្នករាល់គ្នា គឺស្ដាប់ខ្ញុំ អ្នកណាបដិសេធនឹងអ្នករាល់គ្នា គឺបដិសេធខ្ញុំ ហើយអ្នកណាបដិសេធខ្ញុំ គឺបដិសេធព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។
17. សិស្សទាំងចិតសិបនាក់បានត្រលប់មកវិញដោយអំណរ ទាំងទូលថា៖ «ព្រះអម្ចាស់អើយ! សូម្បីតែពួកអារក្សក៏ចុះចូលនឹងយើងក្នុងនាមរបស់ព្រះអង្គដែរ»
18. ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគេថា៖ «ខ្ញុំឃើញអារក្សសាតាំងធ្លាក់ពីស្ថានសួគ៌ដូចជាផ្លេកបន្ទោរ
19. មើល៍ ខ្ញុំបានឲ្យសិទ្ធិអំណាចដល់អ្នករាល់គ្នាដើរជាន់សត្វពស់ សត្វខ្យាដំរី និងលើអំណាចទាំងអស់របស់ខ្មាំងសត្រូវ ហើយគ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ
20. ដូច្នេះ ចូរកុំអរសប្បាយនឹងការដែលពួកអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែចូរអរសប្បាយ ដោយឈ្មោះរបស់អ្នករាល់គ្នាត្រូវបានកត់ទុកក្នុងស្ថានសួគ៌វិញ»។
21. នៅពេលនោះ ព្រះអង្គមានអំណរជាខ្លាំងដោយសារព្រះវិញ្ញាណបរិសុទ្ធ ព្រះអង្គក៏មានបន្ទូលថា៖ «ឱ ព្រះវរបិតាជាម្ចាស់ស្ថានសួគ៌ និងផែនដីអើយ! ខ្ញុំសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីមនុស្សមានប្រាជ្ញា និងមនុស្សឈ្លាសវៃ តែបើកសំដែងដល់ទារកវិញ មែនហើយ ព្រះវរបិតាអើយ! ដ្បិតព្រះអង្គសព្វព្រះហឫទ័យនឹងការបែបនេះណាស់។
22. ព្រះវរបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់ឲ្យខ្ញុំ ហើយគ្មានអ្នកណាស្គាល់ថា ព្រះរាជបុត្រាជាអ្នកណាទេ ក្រៅពីព្រះវរបិតា ហើយក៏គ្មានអ្នកណាស្គាល់ថា ព្រះវរបិតាជាអ្នកណាដែរ ក្រៅពីព្រះរាជបុត្រា និងអស់អ្នកដែលព្រះរាជបុត្រាមានបំណងបើកសំដែងឲ្យស្គាល់ប៉ុណ្ណោះ»។