23. បន្ទាប់មក ព្រះអង្គក៏បែរទៅពួកសិស្ស ហើយមានបន្ទូលដោយឡែកថា៖ «មានពរហើយ ភ្នែកណាឃើញអ្វីៗដែលអ្នករាល់គ្នាកំពុងឃើញ
24. ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនាំព្រះបន្ទូល និងស្ដេចជាច្រើនចង់ឃើញអ្វីៗដែលអ្នករាល់គ្នាកំពុងឃើញ ហើយចង់ឮអ្វីៗដែលអ្នករាល់គ្នាកំពុងឮ ប៉ុន្ដែគេមិនបានឃើញ និងមិនបានឮឡើយ»។
25. ក្រោយមក មានអ្នកជំនាញច្បាប់ម្នាក់បានក្រោកឈរឡើងល្បងព្រះអង្គថា៖ «លោកគ្រូ តើខ្ញុំគួរធ្វើអ្វីខ្លះដើម្បីនឹងបានជីវិតអស់កល្បជានិច្ចជាមរតក?»
26. ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «តើក្នុងគម្ពីរវិន័យមានចែងទុកយ៉ាងដូចម្ដេច? តើអ្នកអានយ៉ាងណាដែរ?»
27. គាត់ក៏ទូលថា៖ «អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្ដ អស់ពីព្រលឹង អស់ពីកម្លាំង និងអស់ពីគំនិតរបស់អ្នក ហើយត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចជាខ្លួនអ្នក»។
28. ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកឆ្លើយត្រូវណាស់ ចូរប្រព្រឹត្ដការនេះចុះ នោះអ្នកនឹងមានជីវិតមិនខាន»។
29. ប៉ុន្ដែដោយចង់បញ្ជាក់ថាខ្លួនគាត់សុចរិត គាត់ក៏សួរព្រះយេស៊ូថា៖ «តើអ្នកណាជាអ្នកជិតខាងរបស់ខ្ញុំ?»
30. ជាការឆ្លើយតបវិញ ព្រះយេស៊ូមានបន្ទូលថា៖ «មានបុរសម្នាក់មកពីក្រុងយេរូសាឡិមចុះទៅក្រុងយេរីខូរ ហើយគាត់បានជួបពួកចោរប្លន់ដែលបានប្លន់យកអាវរបស់គាត់ ព្រមទាំងបានវាយគាត់ឲ្យរងរបួសជិតស្លាប់ រួចក៏ទុកគាត់ចោល ហើយចេញបាត់ទៅ។
31. ជួនជាមានសង្ឃម្នាក់ចុះមកតាមផ្លូវនោះ ពេលឃើញបុរសនោះ គាត់ក៏ចៀសទៅម្ខាងបង្ហួសទៅ។
32. អ្នកខាងអំបូរលេវីម្នាក់បានមកដល់កន្លែងកើតហេតុ ហើយធ្វើដូចគ្នា គឺពេលគាត់ឃើញបុរសនោះ គាត់ក៏ចៀសទៅម្ខាងបង្ហួសទៅ
33. ប៉ុន្ដែជនជាតិសាម៉ារីម្នាក់បានធ្វើដំណើរមកដល់ ពេលគាត់ឃើញបុរសនោះ ក៏មានសេចក្ដីអាណិតអាសូរ
34. រួចក៏ចូលមកជិត ហើយរុំរបួសឲ្យបុរសនោះដោយចាក់ប្រេង និងស្រាពីលើ ហើយបានបញ្ជិះបុរសនោះលើសត្វរបស់គាត់ នាំទៅផ្ទះសំណាក់ដើម្បីមើលថែ។
35. នៅថ្ងៃបន្ទាប់ គាត់បានដកប្រាក់ពីរឌេណារីឲ្យម្ចាស់ផ្ទះសំណាក់ និងបានប្រាប់ថា សូមមើលថែគាត់ផង ហើយអ្វីក៏ដោយដែលអ្នកចាយលើសនេះ ខ្ញុំនឹងសងដល់អ្នកនៅពេលខ្ញុំត្រលប់មកវិញ។
36. ក្នុងចំណោមអ្នកទាំងបីនេះ តើអ្នកគិតថា ម្នាក់ណាគួរក្លាយជាអ្នកជិតខាងរបស់បុរសម្នាក់ដែលបានជួបពួកចោរប្លន់នោះ?»