គម្ពីរសញ្ញាថ្មី

លូកា 10:22-28 Khmer Christian Bible (KCB)

22. ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ខ្ញុំ​ ហើយ​គ្មាន​អ្នកណា​ស្គាល់​ថា​ ព្រះរាជ​បុត្រា​ជា​អ្នកណា​ទេ​ ក្រៅពី​ព្រះវរបិតា​ ហើយ​ក៏គ្មាន​អ្នកណា​ស្គាល់​ថា​ ព្រះវរបិតា​ជា​អ្នកណា​ដែរ​ ក្រៅពី​ព្រះរាជ​បុត្រា​ និង​អស់​អ្នក​ដែល​ព្រះរាជ​បុត្រា​មាន​បំណង​បើកសំដែង​ឲ្យ​ស្គាល់​ប៉ុណ្ណោះ»។​

23. បន្ទាប់មក​ ព្រះអង្គ​ក៏​បែរ​ទៅ​ពួក​សិស្ស​ ហើយ​មាន​បន្ទូល​ដោយ​ឡែក​ថា៖​ «មាន​ពរ​ហើយ​ ភ្នែក​ណា​ឃើញ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​កំពុង​ឃើញ​

24. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នក​នាំ​ព្រះបន្ទូល​ និង​ស្ដេច​ជាច្រើន​ចង់​ឃើញ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​កំពុង​ឃើញ​ ហើយ​ចង់​ឮ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​កំពុង​ឮ​ ប៉ុន្ដែ​គេ​មិន​បាន​ឃើញ​ និង​មិន​បាន​ឮ​ឡើយ»។​

25. ក្រោយមក​ មាន​អ្នក​ជំនាញ​ច្បាប់​ម្នាក់​បាន​ក្រោក​ឈរ​ឡើង​ល្បង​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​នឹង​បាន​ជីវិត​អស់​កល្ប​ជានិច្ច​ជា​មរតក?»​

26. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​ក្នុង​គម្ពីរ​វិន័យ​មាន​ចែងទុក​យ៉ាង​ដូច​ម្ដេច?​ តើ​អ្នក​អាន​យ៉ាង​ណា​ដែរ?»​

27. គាត់​ក៏​ទូល​ថា៖​ «អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​ អស់​ពី​ព្រលឹង​ អស់​ពី​កម្លាំង​ និង​អស់​ពី​គំនិត​របស់​អ្នក​ ហើយ​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូចជា​ខ្លួន​អ្នក»។​

28. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​ឆ្លើយ​ត្រូវ​ណាស់​ ចូរ​ប្រព្រឹត្ដ​ការ​នេះ​ចុះ​ នោះ​អ្នក​នឹង​មាន​ជីវិត​មិន​ខាន»។​

សូមអានជំពូកពេញលេញ លូកា 10