គម្ពីរសញ្ញាថ្មី

លូកា 10:17-26 Khmer Christian Bible (KCB)

17. សិស្ស​ទាំង​ចិត​សិប​នាក់​បាន​ត្រលប់​មក​វិញ​ដោយ​អំណរ​ ទាំង​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម្បីតែ​ពួក​អារក្ស​ក៏​ចុះចូល​នឹង​យើង​ក្នុង​នាម​របស់​ព្រះអង្គ​ដែរ»​

18. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ខ្ញុំ​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​ស្ថានសួគ៌​ដូច​ជា​ផ្លេក​បន្ទោរ​

19. មើល៍​ ខ្ញុំ​បាន​ឲ្យ​សិទ្ធិ​អំណាច​ដល់​អ្នក​រាល់គ្នា​ដើរ​ជាន់​សត្វ​ពស់​ សត្វ​ខ្យាដំរី​ និង​លើ​អំណាច​ទាំង​អស់​របស់​ខ្មាំង​សត្រូវ​ ហើយ​គ្មាន​អ្វី​អាច​ធ្វើ​ទុក្ខ​អ្នក​រាល់គ្នា​បាន​ឡើយ​

20. ដូច្នេះ​ ចូរ​កុំ​អរ​សប្បាយ​នឹង​ការ​ដែល​ពួក​អារក្ស​ចុះចូល​នឹង​អ្នក​រាល់គ្នា​នោះ​ឡើយ​ តែ​ចូរ​អរ​សប្បាយ​ ដោយ​ឈ្មោះ​របស់​អ្នក​រាល់គ្នា​ត្រូវ​បាន​កត់ទុក​ក្នុង​ស្ថានសួគ៌​វិញ»។​

21. នៅ​ពេល​នោះ​ ព្រះអង្គ​មាន​អំណរ​ជាខ្លាំង​ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «ឱ​ ព្រះវរបិតា​ជា​ម្ចាស់​ស្ថានសួគ៌​ និង​ផែនដី​អើយ!​ ខ្ញុំ​សរសើរ​តម្កើង​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដី​ទាំង​នេះ​ពី​មនុស្ស​មាន​ប្រាជ្ញា​ និង​មនុស្ស​ឈ្លាសវៃ ​តែ​បើក​សំដែង​ដល់​ទារក​វិញ​ មែន​ហើយ​ ព្រះវរបិតា​អើយ!​ ដ្បិត​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​ការ​បែប​នេះ​ណាស់។​

22. ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ខ្ញុំ​ ហើយ​គ្មាន​អ្នកណា​ស្គាល់​ថា​ ព្រះរាជ​បុត្រា​ជា​អ្នកណា​ទេ​ ក្រៅពី​ព្រះវរបិតា​ ហើយ​ក៏គ្មាន​អ្នកណា​ស្គាល់​ថា​ ព្រះវរបិតា​ជា​អ្នកណា​ដែរ​ ក្រៅពី​ព្រះរាជ​បុត្រា​ និង​អស់​អ្នក​ដែល​ព្រះរាជ​បុត្រា​មាន​បំណង​បើកសំដែង​ឲ្យ​ស្គាល់​ប៉ុណ្ណោះ»។​

23. បន្ទាប់មក​ ព្រះអង្គ​ក៏​បែរ​ទៅ​ពួក​សិស្ស​ ហើយ​មាន​បន្ទូល​ដោយ​ឡែក​ថា៖​ «មាន​ពរ​ហើយ​ ភ្នែក​ណា​ឃើញ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​កំពុង​ឃើញ​

24. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នក​នាំ​ព្រះបន្ទូល​ និង​ស្ដេច​ជាច្រើន​ចង់​ឃើញ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​កំពុង​ឃើញ​ ហើយ​ចង់​ឮ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​កំពុង​ឮ​ ប៉ុន្ដែ​គេ​មិន​បាន​ឃើញ​ និង​មិន​បាន​ឮ​ឡើយ»។​

25. ក្រោយមក​ មាន​អ្នក​ជំនាញ​ច្បាប់​ម្នាក់​បាន​ក្រោក​ឈរ​ឡើង​ល្បង​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​នឹង​បាន​ជីវិត​អស់​កល្ប​ជានិច្ច​ជា​មរតក?»​

26. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​ក្នុង​គម្ពីរ​វិន័យ​មាន​ចែងទុក​យ៉ាង​ដូច​ម្ដេច?​ តើ​អ្នក​អាន​យ៉ាង​ណា​ដែរ?»​

សូមអានជំពូកពេញលេញ លូកា 10