គម្ពីរសញ្ញាថ្មី

លូកា 10:1-15 Khmer Christian Bible (KCB)

1. បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​មក​ ព្រះអម្ចាស់​រើស​តាំង​សិស្ស​ចិត​សិប​នាក់​ផ្សេង​ទៀត​ និង​ចាត់​ពួកគេ​ពីរ​នាក់ៗ​ឲ្យ​ទៅ​មុន​ព្រះអង្គ​ឆ្ពោះទៅ​គ្រប់​ក្រុង​ និង​គ្រប់​ទីកន្លែង​ដែល​ព្រះអង្គ​បម្រុង​នឹង​ទៅ។​

2. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចម្រូត​ធំ​ណាស់​ ប៉ុន្ដែ​ពួក​អ្នក​ច្រូត​មាន​តិច​ ដូច្នេះ​ចូរ​ទូល​សុំ​ព្រះអម្ចាស់​នៃ​ចម្រូត​ដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ពួក​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះអង្គ​

3. ចូរ​ទៅ​ចុះ​ ហើយ​មើល៍ ខ្ញុំ​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ដូចជា​កូន​ចៀម​កណ្ដាល​ហ្វូង​ចចក។​

4. កុំ​យក​ថង់​ប្រាក់​ ថង់​យាម​ ឬ​ស្បែក​ជើង​ទៅ​តាម​ឡើយ​ ហើយ​កុំ​ជម្រាប​សួរ​អ្នកណា​នៅ​តាម​ផ្លូវ​ឲ្យ​សោះ។​

5. អ្នក​រាល់គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​ក៏​ដោយ​ មុន​ដំបូង​ ចូរ​និយាយ​ថា​ សូម​ឲ្យ​ផ្ទះ​នេះ​មាន​សេចក្ដី​សុខសាន្ដ។​

6. បើ​មាន​មនុស្ស​នៃ​សេចក្ដី​សុខសាន្ដ​នៅ​ទីនោះ​ សេចក្ដី​សុខសាន្ដ​របស់​អ្នក​រាល់គ្នា​នឹង​សណ្ឋិត​លើ​អ្នក​នោះ​ ប៉ុន្ដែ​បើ​គ្មាន​វិញ​ សេចក្ដី​សុខសាន្ដ​នឹង​ត្រលប់​មក​លើ​អ្នក​រាល់គ្នា​វិញ។​

7. ចូរ​នៅ​ផ្ទះ​ដដែល​នោះ​ចុះ​ ទាំង​បរិភោគ​ និង​ផឹក​អ្វីៗ​ដែល​គេ​ឲ្យ​ផង​ ព្រោះ​អ្នក​ធ្វើការ​ស័ក្តិសម​នឹង​ទទួល​បាន​ឈ្នួល​របស់​ខ្លួន​ ហើយ​កុំ​ប្ដូរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឲ្យ​សោះ។​

8. ក្រុង​ណា​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ចូល​ ហើយ​គេ​ទទួល​អ្នក​រាល់គ្នា​ ចូរ​បរិភោគ​អ្វីៗ​ដែល​គេ​រៀបចំ​នៅ​មុខ​អ្នក​រាល់គ្នា​ចុះ​

9. ហើយ​ចូរ​ប្រោស​ពួក​អ្នក​ជំងឺ​នៅ​ក្រុង​នោះ​ឲ្យ​បាន​ជា​ចុះ​ ព្រមទាំង​ប្រាប់​ពួកគេ​ថា​ នគរ​ព្រះជាម្ចាស់​បាន​មក​ជិត​អ្នក​រាល់គ្នា​ហើយ។​

10. ប៉ុន្ដែ​ក្រុង​ណា​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ចូល​ ហើយ​គេ​មិន​ទទួល​អ្នក​រាល់គ្នា​ ពេល​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ក្រុង​នោះ​ ចូរ​អ្នក​រាល់គ្នា​និយាយ​ថា​

11. សូម្បីតែ​ធូលី​ដី​ពី​ក្រុង​របស់​អ្នក​រាល់គ្នា​ដែល​ជាប់​នឹង​ជើង​របស់​យើង​ ក៏​យើង​រលាស់​ចេញ​ឲ្យ​អ្នក​រាល់គ្នា​វិញ​ដែរ​ ប៉ុន្ដែ​ចូរ​ដឹង​ការ​នេះ​ចុះ​ថា​ នគរ​ព្រះជាម្ចាស់​បាន​មក​ជិត​បង្កើយ​ហើយ។​

12. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ថ្ងៃ​នោះ​ សម្រាប់​ក្រុង​សូដុម​ងាយទ្រាំ​ជាង​ក្រុង​នោះ​ទៅ​ទៀត​។​

13. វេទនា​ដល់​អ្នក​ហើយ​ ក្រុង​ខូរ៉ាស៊ីន​ វេទនា​ដល់​អ្នក​ហើយ​ ក្រុង​បេតសៃដា!​ ព្រោះ​ប្រសិន​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាន​សំដែង​នៅ​ក្រុង​ទីរ៉ុស​ និង​ក្រុងស៊ីដូន​វិញ​ នោះ​គេ​មុខជា​ប្រែ​ចិត្ដ​តាំងពី​យូរ​ ដោយ​ស្លៀក​សំពត់​ធ្មៃ​ ទាំង​អង្គុយ​ក្នុង​ផេះ​មិន​ខាន​

14. ប៉ុន្ដែ​នៅ​ពេល​ជំនុំជម្រះ​ក្រុង​ទីរ៉ុស​ និង​ស៊ីដូន ​មុខជា​ងាយទ្រាំ​ជាង​អ្នក​រាល់គ្នា។​

15. ឯ​អ្នក​វិញ​ ក្រុង​កាពើណិម​អើយ!​ តើ​អ្នក​នឹង​ថ្កើង​ឡើង​ដល់​ស្ថានសួគ៌​ឬ?​ អ្នក​នឹង​ត្រូវ​ធ្លាក់​ចុះ​ដល់​ស្ថាននរក​មិន​ខាន។​

សូមអានជំពូកពេញលេញ លូកា 10