1. បន្ទាប់ពីហេតុការណ៍ទាំងនេះមក ព្រះអម្ចាស់រើសតាំងសិស្សចិតសិបនាក់ផ្សេងទៀត និងចាត់ពួកគេពីរនាក់ៗឲ្យទៅមុនព្រះអង្គឆ្ពោះទៅគ្រប់ក្រុង និងគ្រប់ទីកន្លែងដែលព្រះអង្គបម្រុងនឹងទៅ។
2. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចម្រូតធំណាស់ ប៉ុន្ដែពួកអ្នកច្រូតមានតិច ដូច្នេះចូរទូលសុំព្រះអម្ចាស់នៃចម្រូតដើម្បីឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ
3. ចូរទៅចុះ ហើយមើល៍ ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅដូចជាកូនចៀមកណ្ដាលហ្វូងចចក។
4. កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅតាមឡើយ ហើយកុំជម្រាបសួរអ្នកណានៅតាមផ្លូវឲ្យសោះ។
5. អ្នករាល់គ្នាចូលទៅក្នុងផ្ទះណាក៏ដោយ មុនដំបូង ចូរនិយាយថា សូមឲ្យផ្ទះនេះមានសេចក្ដីសុខសាន្ដ។
6. បើមានមនុស្សនៃសេចក្ដីសុខសាន្ដនៅទីនោះ សេចក្ដីសុខសាន្ដរបស់អ្នករាល់គ្នានឹងសណ្ឋិតលើអ្នកនោះ ប៉ុន្ដែបើគ្មានវិញ សេចក្ដីសុខសាន្ដនឹងត្រលប់មកលើអ្នករាល់គ្នាវិញ។
7. ចូរនៅផ្ទះដដែលនោះចុះ ទាំងបរិភោគ និងផឹកអ្វីៗដែលគេឲ្យផង ព្រោះអ្នកធ្វើការស័ក្តិសមនឹងទទួលបានឈ្នួលរបស់ខ្លួន ហើយកុំប្ដូរពីផ្ទះមួយទៅផ្ទះមួយឲ្យសោះ។
8. ក្រុងណាក៏ដោយដែលអ្នករាល់គ្នាចូល ហើយគេទទួលអ្នករាល់គ្នា ចូរបរិភោគអ្វីៗដែលគេរៀបចំនៅមុខអ្នករាល់គ្នាចុះ
9. ហើយចូរប្រោសពួកអ្នកជំងឺនៅក្រុងនោះឲ្យបានជាចុះ ព្រមទាំងប្រាប់ពួកគេថា នគរព្រះជាម្ចាស់បានមកជិតអ្នករាល់គ្នាហើយ។
10. ប៉ុន្ដែក្រុងណាក៏ដោយដែលអ្នករាល់គ្នាចូល ហើយគេមិនទទួលអ្នករាល់គ្នា ពេលចេញទៅតាមផ្លូវនៃក្រុងនោះ ចូរអ្នករាល់គ្នានិយាយថា
11. សូម្បីតែធូលីដីពីក្រុងរបស់អ្នករាល់គ្នាដែលជាប់នឹងជើងរបស់យើង ក៏យើងរលាស់ចេញឲ្យអ្នករាល់គ្នាវិញដែរ ប៉ុន្ដែចូរដឹងការនេះចុះថា នគរព្រះជាម្ចាស់បានមកជិតបង្កើយហើយ។
12. ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនោះ សម្រាប់ក្រុងសូដុមងាយទ្រាំជាងក្រុងនោះទៅទៀត។
13. វេទនាដល់អ្នកហើយ ក្រុងខូរ៉ាស៊ីន វេទនាដល់អ្នកហើយ ក្រុងបេតសៃដា! ព្រោះប្រសិនបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នករាល់គ្នាបានសំដែងនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ នោះគេមុខជាប្រែចិត្ដតាំងពីយូរ ដោយស្លៀកសំពត់ធ្មៃ ទាំងអង្គុយក្នុងផេះមិនខាន