1. តើយើងនិយាយយ៉ាងដូចម្ដេច? តើយើងត្រូវធ្វើបាបបន្ដទៀតឬ ដើម្បីឲ្យព្រះគុណបានចម្រើនឡើង?
2. មិនមែនដូច្នោះទេ! យើងដែលបានស្លាប់ខាងឯបាបរួចហើយ តើឲ្យយើងរស់នៅក្នុងបាបតទៅទៀតយ៉ាងដូចម្ដេចកើត?
3. តើអ្នករាល់គ្នាមិនដឹងថា យើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹកទៅក្នុងព្រះគ្រិស្ដយេស៊ូ គឺបានទទួលពិធីជ្រមុជទឹកទៅក្នុងការសោយទិវង្គតរបស់ព្រះអង្គទេឬ?
4. ដូច្នេះ យើងត្រូវបានបញ្ចុះជាមួយព្រះអង្គរួចហើយតាមរយៈពិធីជ្រមុជទឹកទៅក្នុងសេចក្ដីស្លាប់ ដើម្បីឲ្យដូចដែលព្រះគ្រិស្ដបានរស់ពីការសោយទិវង្គតឡើងវិញ ដោយសារសិរីរុងរឿងរបស់ព្រះវរបិតាជាយ៉ាងណា នោះយើងនឹងរស់នៅក្នុងជីវិតថ្មីជាយ៉ាងនោះដែរ។
5. ដ្បិតបើយើងបានរួមជាមួយព្រះអង្គនៅក្នុងការសោយទិវង្គតរបស់ព្រះអង្គហើយ នោះយើងមុខជារួមជាមួយព្រះអង្គនៅក្នុងការរស់ឡើងវិញរបស់ព្រះអង្គមិនខានដែរ
6. ដ្បិតយើងដឹងសេចក្ដីនេះថា មនុស្សចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គរួចហើយ ដើម្បីឲ្យខ្លួនយើងដែលមានបាបត្រូវវិនាសសូន្យ និងកុំឲ្យយើងធ្វើជាបាវបម្រើរបស់បាបតទៅទៀត
7. ព្រោះអ្នកណាស្លាប់រួចហើយ អ្នកនោះក៏បានរួចពីបាបហើយដែរ។
8. ប៉ុន្ដែបើយើងស្លាប់ជាមួយព្រះគ្រិស្ដ យើងជឿថា យើងនឹងរស់ជាមួយព្រះអង្គដែរ
9. ដោយដឹងថា ព្រះគ្រិស្ដបានរស់ពីការសោយទិវង្គតឡើងវិញ ហើយក៏មិនសោយទិវង្គតទៀតឡើយ រីឯសេចក្ដីស្លាប់គ្មានអំណាចលើព្រះអង្គទៀតដែរ
10. ព្រោះការសោយទិវង្គតរបស់ព្រះអង្គ គឺព្រះអង្គបានសោយទិវង្គតខាងឯបាបតែម្ដងជាសម្រេច ហើយចំពោះការដែលព្រះអង្គមានជីវិតរស់ គឺរស់ខាងឯព្រះជាម្ចាស់វិញ
11. ដូច្នេះ ចូរអ្នករាល់គ្នារាប់ខ្លួនទុកដូចជាស្លាប់ខាងឯបាបរួចហើយដែរ ប៉ុន្ដែរស់នៅក្នុងព្រះគ្រិស្ដយេស៊ូខាងឯព្រះជាម្ចាស់វិញ។
12. ហេតុនេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ដើម្បីឲ្យស្ដាប់តាមចំណង់តណ្ហានៃបាបឡើយ
13. ហើយមិនត្រូវប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នាឲ្យបាបទុកជាឧបករណ៍បម្រើសេចក្ដីទុច្ចរិតឡើយ ផ្ទុយទៅវិញ ត្រូវថ្វាយខ្លួនដល់ព្រះជាម្ចាស់ ទុកដូចជាបានរស់ពីស្លាប់ឡើងវិញ រួចថ្វាយអវយវៈទាំងឡាយរបស់អ្នករាល់គ្នាដល់ព្រះជាម្ចាស់ទុកជាឧបករណ៍បម្រើសេចក្ដីសុចរិតវិញ