9. ក្នុងចំណោមអ្នករាល់គ្នា តើនរណាឲ្យដុំថ្មដល់កូន ពេលកូនសុំនំប៉័ង
10. ឬឲ្យពស់វែកដល់កូន ពេលកូនសុំតី្រដែរឬទេ?
11. ដូច្នេះ បើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យអំណោយល្អៗដល់កូន នោះតើព្រះវរបិតាដែលគង់នៅស្ថានសួគ៌នឹងប្រទានអំណោយល្អៗលើសនេះដល់អ្នកដែលសុំពីព្រះអង្គយ៉ាងណាទៅទៀត។
12. អ្នករាល់គ្នាចង់ឲ្យមនុស្សប្រព្រឹត្ដគ្រប់ការទាំងអស់ចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្ដចំពោះគេយ៉ាងនោះដែរ ដ្បិតនេះជាសេចក្ដីសង្ខេបនៃគម្ពីរវិន័យ និងជាពាក្យរបស់អ្នកនាំព្រះបន្ទូល។
13. ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ និងផ្លូវទូលាយនាំទៅរកសេចក្ដីវិនាស ហើយមនុស្សជាច្រើនកំពុងចូលតាមទ្វារនោះ
14. ឯទ្វារចង្អៀត និងផ្លូវតូចនាំទៅរកជីវិត ហើយមានមនុស្សតិចណាស់រកឃើញ។
15. ចូរប្រយ័ត្ននឹងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយដែលពាក់ស្បែកចៀមមករកអ្នករាល់គ្នា តែខាងក្នុងវិញ ជាឆ្កែចចកកាចសាហាវ
16. រួចអ្នករាល់គ្នានឹងស្គាល់ពួកគេដោយសារផលផ្លែរបស់ពួកគេ តើមាននរណាប្រមូលផលទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដើមកន្ដ្រើយដែរឬទេ?
17. ដូច្នេះ ដើមឈើណាល្អឲ្យផ្លែល្អ ហើយដើមឈើណាមិនល្អក៏ឲ្យផ្លែមិនល្អដែរ
18. ដ្បិតដើមឈើល្អមិនអាចឲ្យផ្លែមិនល្អទេ ហើយដើមឈើមិនល្អក៏មិនអាចឲ្យផ្លែល្អដែរ
19. ដើមឈើណាមិនឲ្យផ្លែល្អ គេនឹងកាប់បោះចូលទៅក្នុងភ្លើង
20. ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេដោយសារផលផ្លែរបស់គេ
21. មិនមែនអ្នកទាំងឡាយណា ដែលនិយាយមកកាន់ខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់! នឹងបានចូលទៅក្នុងនគរស្ថានសួគ៌នោះទេ ប៉ុន្ដែអ្នកដែលចូលបាន គឺអ្នកដែលធ្វើតាមបំណងរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌វិញ។
22. នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់! តើយើងខ្ញុំមិនបានថ្លែងព្រះបន្ទូល បណ្ដេញអារក្ស និងធ្វើកិច្ចការដ៏មានអំណាចជាច្រើននៅក្នុងព្រះនាមរបស់ព្រះអង្គទេឬ?
23. ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេវិញថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ ចូរចេញទៅ ពួកល្មើសច្បាប់!