គម្ពីរសញ្ញាថ្មី

ម៉ាថាយ 7:18-29 Khmer Christian Bible (KCB)

18. ដ្បិត​ដើម​ឈើ​ល្អ​មិន​អាច​ឲ្យ​ផ្លែ​មិន​ល្អ​ទេ​ ហើយ​ដើម​ឈើ​មិន​ល្អ​ក៏​មិន​អាច​ឲ្យ​ផ្លែ​ល្អ​ដែរ​

19. ដើម​ឈើ​ណា​មិន​ឲ្យ​ផ្លែ​ល្អ​ គេ​នឹង​កាប់​បោះ​ចូល​ទៅ​ក្នុង​ភ្លើង​

20. ដូច្នេះ​ អ្នក​រាល់គ្នា​នឹង​ស្គាល់​គេ​ដោយសារ​ផលផ្លែ​របស់​គេ​

21. មិន​មែន​អ្នក​ទាំងឡាយ​ណា​ ដែល​និយាយ​មក​កាន់​ខ្ញុំ​ថា​ ព្រះអម្ចាស់​ ព្រះអម្ចាស់!​ នឹង​បាន​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេ​ ប៉ុន្ដែ​អ្នក​ដែល​ចូល​បាន​ គឺ​អ្នក​ដែល​ធ្វើ​តាម​បំណង​របស់​ព្រះវរបិតា​ខ្ញុំ​ ដែល​គង់​នៅ​ស្ថានសួគ៌​វិញ។​

22. នៅ​ថ្ងៃ​នោះ​ មនុស្ស​ជា​ច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា​ ព្រះអម្ចាស់​ ព្រះអម្ចាស់!​ តើ​យើង​ខ្ញុំ​មិន​បាន​ថ្លែង​ព្រះបន្ទូល​ បណ្ដេញ​អារក្ស​ និង​ធ្វើ​កិច្ចការ​ដ៏​មាន​អំណាច​ជា​ច្រើន​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ទេឬ?​

23. ពេល​នោះ​ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​គេ​វិញ​ថា​ ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់គ្នា​ទេ​ ចូរ​ចេញ​ទៅ​ ពួក​ល្មើស​ច្បាប់!​

24. ដូច្នេះ​ អស់​អ្នក​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ​ ហើយ​ប្រព្រឹត្ត​តាម​ អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​វៃឆ្លាត​ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ថ្ម​ដា​

25. ពេល​ភ្លៀង​ធ្លាក់​មក​ ទឹក​ជន់​ឡើង​ ហើយ​ខ្យល់​បក់​ខ្លាំង​ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ​ ដ្បិត​វា​បាន​ចាក់​គ្រឹះ​នៅ​លើ​ថ្មដា។​

26. អស់​អ្នក​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ​ ហើយ​មិន​ប្រព្រឹត្ត​តាម​ អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ល្ងង់​ ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់​

27. ពេល​ភ្លៀង​ធ្លាក់មក​ ទឹក​ជន់​ឡើង​ ហើយ​ខ្យល់​បក់​ខ្លាំង​ ផ្ទះ​នោះ​ក៏​ដួល​រលំ​ខ្ទេចខ្ទី​អស់»។​

28. កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ចប់​សព្វគ្រប់​ហើយ​ បណ្ដាជន​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​

29. ដ្បិត​ពេល​ព្រះអង្គ​បង្រៀន​ពួកគេ​ ដូច​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ មិន​ដូច​ជា​ពួក​គ្រូវិន័យ​របស់​ពួកគេ​ឡើយ។​

សូមអានជំពូកពេញលេញ ម៉ាថាយ 7