គម្ពីរសញ្ញាថ្មី

ម៉ាថាយ 25:6-17 Khmer Christian Bible (KCB)

6. លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​ ក៏​មាន​សម្រែក​មួយ​ថា​ មើល៍​ កូន​កំលោះ​មក​ហើយ​ ចូរ​ចេញ​ទៅ​ទទួល​គាត់​ចុះ​

7. នៅ​ពេល​នោះ​ ពួក​នាង​ក៏​ភ្ញាក់​ពី​ដេក​ទាំង​អស់​គ្នា​ ហើយ​រៀបចំ​ចង្កៀង​រៀងៗ​ខ្លួន។​

8. ពួក​ស្ដ្រី​ល្ងង់​បាន​និយាយ​ទៅ​ពួក​ស្ដ្រី​ឆ្លាត​ថា​ សូម​រំលែក​ប្រេង​របស់​អ្នក​រាល់គ្នា​ឲ្យ​យើង​ផង​ ព្រោះ​ចង្កៀង​របស់​យើង​ចង់​រលត់​ហើយ​

9. ប៉ុន្ដែ​ពួក​ស្ដ្រី​ឆ្លាត​បាន​តប​វិញ​ថា​ ប្រេង​ប្រាកដ​ជា​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​យើង​ និង​អ្នក​រាល់គ្នា​ទេ​ ដូច្នេះ​ ចូរ​ពួក​នាង​ទៅ​ឯ​អ្នក​លក់​ ហើយ​ទិញ​ប្រេង​សម្រាប់​ខ្លួន​ឯង​ចុះ។​

10. ពេល​ពួក​ស្ដ្រី​ល្ងង់​ចេញ​ទៅ​ទិញ​ប្រេង​ នោះ​កូន​កំលោះ​ក៏​បាន​មក​ដល់​ ហើយ​ពួក​ស្ដ្រី​ឆ្លាត​ដែល​បាន​រៀបចំ​រួច​ហើយ​ ក៏​ចូល​ទៅ​ក្នុង​ពិធី​មង្គលការ​ជាមួយ​កូន​កំលោះ​ រួច​គេ​ក៏​បិទ​ទ្វារ។​

11. ក្រោយ​មក​ ពួក​ស្ដ្រី​ល្ងង់​ក៏​មក​ដល់​ដែរ​ និង​បាន​និយាយ​ថា​ លោក​ម្ចាស់!​ លោក​ម្ចាស់​អើយ!​ សូម​បើក​ទ្វារ​ឲ្យ​យើង​ផង​

12. ប៉ុន្ដែ​គាត់​តប​ទៅ​វិញ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ខ្ញុំ​មិន​ស្គាល់​អ្នក​រាល់គ្នា​ទេ។​

13. ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​ប្រុង​ស្មារតី​ ដ្បិត​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ថ្ងៃ​ណា​ ឬ​ម៉ោង​ណា​ទេ។​

14. ព្រោះ​ការ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ ដែល​ត្រូវ​ធ្វើ​ដំណើរ​ និង​បាន​ហៅ​ពួក​បាវបម្រើ​របស់​ខ្លួន​មក​ ហើយ​ប្រគល់​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ឲ្យ​ពួក​គេ។​

15. គាត់​បាន​ឲ្យ​បាវបម្រើ​ម្នាក់ៗ​ទៅ​តាម​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​របស់​គេ​ គឺ​ម្នាក់​ប្រាំ​ឋាឡាន់​ ម្នាក់​ពីរ​ឋាឡាន់​ និង​ម្នាក់​ទៀត​មួយ​ឋាឡាន់​ រួច​គាត់​ក៏​ចេញ​ដំណើរ​ទៅ​

16. ម្នាក់​ដែល​បាន​ទទួល​ប្រាំ​ឋាឡាន់​ ក៏​យក​លុយ​ទាំង​នោះ​ចេញ​ទៅ​ធ្វើ​ការ​រកស៊ី​ភ្លាម​ ហើយ​ក៏​បាន​ចំណេញ​ប្រាំ​ឋាឡាន់​ទៀត​

17. ឯ​ម្នាក់​ដែល​បាន​ទទួល​ពីរ​ឋាឡាន់​ក៏​ធ្វើ​ដូច្នោះ​ដែរ​ គឺ​បាន​ចំណេញ​ពីរ​ឋាឡាន់​ទៀត​

សូមអានជំពូកពេញលេញ ម៉ាថាយ 25