គម្ពីរសញ្ញាថ្មី

ម៉ាថាយ 25:34-46 Khmer Christian Bible (KCB)

34. នៅ​ពេល​នោះ​ ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ស្ដាំ​ថា​ អស់​អ្នក​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រទាន​ពរ​ ចូរ​មក​ទទួល​យក​នគរ​ដែល​បាន​រៀបចំ​សម្រាប់​អ្នក​រាល់គ្នា​ តាំង​ពី​ដើម​កំណើត​ពិភព​លោក​ទុក​ជា​មរតក​ចុះ​

35. ព្រោះ​កាល​ខ្ញុំ​ឃ្លាន​ អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​បរិភោគ​ កាល​ខ្ញុំ​ស្រេក​ អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​ផឹក​ ហើយ​កាល​ខ្ញុំ​ជា​អ្នក​ក្រៅ​ អ្នក​រាល់គ្នា​បាន​ស្វាគមន៍​ខ្ញុំ​

36. កាល​ខ្ញុំ​នៅ​អាក្រាត​ អ្នក​រាល់គ្នា​បាន​ស្លៀក​ពាក់​ឲ្យ​ខ្ញុំ​ កាល​ខ្ញុំ​ឈឺ​ អ្នក​រាល់គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ ហើយ​កាល​ខ្ញុំ​ជាប់​គុក​ អ្នករាល់គ្នា​បាន​មក​ជួប​ខ្ញុំ​

37. ពួក​អ្នក​សុចរិត​នឹង​ទូល​តប​វិញ​ថា​ ព្រះអម្ចាស់​អើយ!​ តើ​យើង​ខ្ញុំ​បាន​ឲ្យ​ព្រះអង្គ​បរិភោគ​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ឃ្លាន​ ឬ​បាន​ឲ្យ​ព្រះអង្គ​ផឹក​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ស្រេក​ពី​កាល​ណា?​

38. តើ​យើង​ខ្ញុំបាន​ស្វាគមន៍​ព្រះអង្គ​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ជា​អ្នក​ក្រៅ​ ឬ​បាន​ស្លៀកពាក់​ឲ្យ​ព្រះអង្គ​ កាល​ព្រះអង្គ​នៅ​អាក្រាត​ពី​កាលណា?​

39. តើ​យើង​ខ្ញុំ​បាន​មក​ជួប​ព្រះអង្គ​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ឈឺ​ ឬ​ជាប់​គុក​ពី​កាល​ណា?​

40. ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួកគេ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ការ​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​ដូច្នេះ​ សម្រាប់​បងប្អូន​របស់​ខ្ញុំ​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ នោះ​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ហើយ។​

41. ព្រះអង្គ​នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាងឆ្វេង​ដែរ​ថា​ អស់​អ្នក​ត្រូវ​បណ្ដាសា​ ចូរ​ចេញ​ពី​ខ្ញុំ​ ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ ដែល​ឆេះ​អស់កល្ប​ជា​និច្ច​ ដែល​បាន​រៀបចំ​សម្រាប់​អារក្ស​សាតាំង​ និង​ពួក​ទេវតា​របស់​វា​ចុះ​

42. ព្រោះ​កាល​ខ្ញុំ​ឃ្លាន​ អ្នក​រាល់គ្នា​មិន​បាន​ឲ្យ​ខ្ញុំ​បរិភោគ​ ហើយ​កាល​ខ្ញុំ​ស្រេក​ អ្នក​រាល់គ្នា​មិន​បាន​ឲ្យ​ខ្ញុំ​ផឹក​

43. កាល​ខ្ញុំ​ជា​អ្នក​ក្រៅ​ អ្នក​រាល់គ្នា​មិន​បាន​ស្វាគមន៍​ខ្ញុំ​ កាល​ខ្ញុំ​នៅ​អាក្រាត​ អ្នក​រាល់គ្នា​មិន​បាន​ស្លៀក​ពាក់​ឲ្យ​ខ្ញុំ​ ហើយ​កាល​ខ្ញុំ​ឈឺ​ និង​ជាប់​គុក​ អ្នក​រាល់គ្នា​មិន​បាន​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ទេ​

44. ពេល​នោះ​ ពួកគេ​នឹង​ទូល​តប​ដែរ​ថា​ ព្រះអម្ចាស់​អើយ!​ តើ​កាល​យើង​ខ្ញុំឃើញ​ព្រះអង្គ​ឃ្លាន​ ឬ​ស្រេក​ ជា​អ្នក​ក្រៅ​ ឬ​នៅ​អាក្រាត​ ឈឺ​ ឬ​ជាប់​គុក​នោះ​ យើង​ខ្ញុំ​មិន​បាន​បម្រើ​ព្រះអង្គ​ពី​កាល​ណា?​

45. ព្រះអង្គ​នឹង​មាន​បន្ទូល​ទៅ​ពួកគេ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ការ​ដែល​អ្នក​រាល់គ្នា​មិន​បាន​ធ្វើ​ដូច្នេះ​សម្រាប់​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​ទាំង​នេះ​ នោះ​ក៏​មិន​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ដែរ​

46. អ្នក​ទាំង​នោះ​នឹង​ចេញ​ទៅ​ទទួល​ទោស​អស់កល្ប​ជានិច្ច​ ឯ​ពួក​អ្នក​សុចរិត​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 25