គម្ពីរសញ្ញាថ្មី

ម៉ាថាយ 25:31-39 Khmer Christian Bible (KCB)

31. ពេល​កូន​មនុស្ស​មក​នៅ​ក្នុង​សិរី​រុងរឿង​របស់​លោក​ជាមួយនឹង​ពួក​ទេវតា​ទាំង​អស់​ នោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរី​រុងរឿង​របស់​លោក​

32. ហើយ​ជនជាតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ប្រមូល​មក​នៅ​ចំពោះមុខ​លោក​ រួច​លោក​នឹង​ញែក​ពួកគេ​ចេញ​ពី​គ្នា​ ប្រៀប​ដូចជា​អ្នក​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ​

33. លោក​នឹង​ដាក់​ចៀម​នៅ​ខាង​ស្ដាំ​លោក​ ឯ​ពពែ​នៅ​ខាង​ឆ្វេង​លោក។​

34. នៅ​ពេល​នោះ​ ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ស្ដាំ​ថា​ អស់​អ្នក​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រទាន​ពរ​ ចូរ​មក​ទទួល​យក​នគរ​ដែល​បាន​រៀបចំ​សម្រាប់​អ្នក​រាល់គ្នា​ តាំង​ពី​ដើម​កំណើត​ពិភព​លោក​ទុក​ជា​មរតក​ចុះ​

35. ព្រោះ​កាល​ខ្ញុំ​ឃ្លាន​ អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​បរិភោគ​ កាល​ខ្ញុំ​ស្រេក​ អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​ផឹក​ ហើយ​កាល​ខ្ញុំ​ជា​អ្នក​ក្រៅ​ អ្នក​រាល់គ្នា​បាន​ស្វាគមន៍​ខ្ញុំ​

36. កាល​ខ្ញុំ​នៅ​អាក្រាត​ អ្នក​រាល់គ្នា​បាន​ស្លៀក​ពាក់​ឲ្យ​ខ្ញុំ​ កាល​ខ្ញុំ​ឈឺ​ អ្នក​រាល់គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ ហើយ​កាល​ខ្ញុំ​ជាប់​គុក​ អ្នករាល់គ្នា​បាន​មក​ជួប​ខ្ញុំ​

37. ពួក​អ្នក​សុចរិត​នឹង​ទូល​តប​វិញ​ថា​ ព្រះអម្ចាស់​អើយ!​ តើ​យើង​ខ្ញុំ​បាន​ឲ្យ​ព្រះអង្គ​បរិភោគ​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ឃ្លាន​ ឬ​បាន​ឲ្យ​ព្រះអង្គ​ផឹក​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ស្រេក​ពី​កាល​ណា?​

38. តើ​យើង​ខ្ញុំបាន​ស្វាគមន៍​ព្រះអង្គ​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ជា​អ្នក​ក្រៅ​ ឬ​បាន​ស្លៀកពាក់​ឲ្យ​ព្រះអង្គ​ កាល​ព្រះអង្គ​នៅ​អាក្រាត​ពី​កាលណា?​

39. តើ​យើង​ខ្ញុំ​បាន​មក​ជួប​ព្រះអង្គ​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ឈឺ​ ឬ​ជាប់​គុក​ពី​កាល​ណា?​

សូមអានជំពូកពេញលេញ ម៉ាថាយ 25