2. ក្នុងចំណោមពួកគេ ប្រាំនាក់ល្ងង់ និងប្រាំនាក់ទៀតឆ្លាត។
3. ពួកស្ដ្រីល្ងង់បានយកចង្កៀងរបស់ពួកគេទៅ ប៉ុន្ដែមិនបានយកប្រេងទៅជាមួយពួកគេទេ
4. ផ្ទុយទៅវិញ ពួកស្ដ្រីឆ្លាតបានយកប្រេងនៅក្នុងដបទៅជាមួយចង្កៀងរបស់ពួកគេដែរ។
5. កាលកូនកំលោះក្រមកដល់ពេក ពួកនាងក៏ងងុយដេក ហើយដេកលក់អស់ទៅ។
6. លុះដល់ពាក់កណ្ដាលអធ្រាត្រ ក៏មានសម្រែកមួយថា មើល៍ កូនកំលោះមកហើយ ចូរចេញទៅទទួលគាត់ចុះ
7. នៅពេលនោះ ពួកនាងក៏ភ្ញាក់ពីដេកទាំងអស់គ្នា ហើយរៀបចំចង្កៀងរៀងៗខ្លួន។
8. ពួកស្ដ្រីល្ងង់បាននិយាយទៅពួកស្ដ្រីឆ្លាតថា សូមរំលែកប្រេងរបស់អ្នករាល់គ្នាឲ្យយើងផង ព្រោះចង្កៀងរបស់យើងចង់រលត់ហើយ
9. ប៉ុន្ដែពួកស្ដ្រីឆ្លាតបានតបវិញថា ប្រេងប្រាកដជាមិនគ្រប់គ្រាន់សម្រាប់ពួកយើង និងអ្នករាល់គ្នាទេ ដូច្នេះ ចូរពួកនាងទៅឯអ្នកលក់ ហើយទិញប្រេងសម្រាប់ខ្លួនឯងចុះ។
10. ពេលពួកស្ដ្រីល្ងង់ចេញទៅទិញប្រេង នោះកូនកំលោះក៏បានមកដល់ ហើយពួកស្ដ្រីឆ្លាតដែលបានរៀបចំរួចហើយ ក៏ចូលទៅក្នុងពិធីមង្គលការជាមួយកូនកំលោះ រួចគេក៏បិទទ្វារ។
11. ក្រោយមក ពួកស្ដ្រីល្ងង់ក៏មកដល់ដែរ និងបាននិយាយថា លោកម្ចាស់! លោកម្ចាស់អើយ! សូមបើកទ្វារឲ្យយើងផង
12. ប៉ុន្ដែគាត់តបទៅវិញថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់អ្នករាល់គ្នាទេ។
13. ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថាថ្ងៃណា ឬម៉ោងណាទេ។
14. ព្រោះការនេះប្រៀបដូចជាបុរសម្នាក់ ដែលត្រូវធ្វើដំណើរ និងបានហៅពួកបាវបម្រើរបស់ខ្លួនមក ហើយប្រគល់ទ្រព្យសម្បត្ដិរបស់គាត់ឲ្យពួកគេ។
15. គាត់បានឲ្យបាវបម្រើម្នាក់ៗទៅតាមសមត្ថភាពផ្ទាល់ខ្លួនរបស់គេ គឺម្នាក់ប្រាំឋាឡាន់ ម្នាក់ពីរឋាឡាន់ និងម្នាក់ទៀតមួយឋាឡាន់ រួចគាត់ក៏ចេញដំណើរទៅ
16. ម្នាក់ដែលបានទទួលប្រាំឋាឡាន់ ក៏យកលុយទាំងនោះចេញទៅធ្វើការរកស៊ីភ្លាម ហើយក៏បានចំណេញប្រាំឋាឡាន់ទៀត
17. ឯម្នាក់ដែលបានទទួលពីរឋាឡាន់ក៏ធ្វើដូច្នោះដែរ គឺបានចំណេញពីរឋាឡាន់ទៀត
18. ផ្ទុយទៅវិញ ម្នាក់ដែលបានទទួលមួយឋាឡាន់បានយកលុយម្ចាស់របស់គាត់ទៅជីកដីកប់ទុក
19. លុះអស់រយៈពេលជាយូរក្រោយមក ម្ចាស់របស់បាវបម្រើទាំងនោះក៏ត្រលប់មកវិញ និងបានទូទាត់បញ្ជីជាមួយពួកគេ
20. ម្នាក់ដែលបានទទួលប្រាំឋាឡាន់ បាននាំយកប្រាំឋាឡាន់ទៀត ចូលមកជិតប្រាប់ថា លោកម្ចាស់អើយ! ប្រាំឋាឡាន់ដែលលោកម្ចាស់បានឲ្យខ្ញុំ សូមមើល ខ្ញុំបានចំណេញប្រាំឋាឡាន់ទៀត
21. ម្ចាស់ក៏និយាយទៅគាត់ថា ប្រសើរណាស់ បាវបម្រើល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់លើទ្រព្យសម្បត្តិបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យគ្រប់គ្រងលើទ្រព្យសម្បត្តិជាច្រើន ចូរអ្នកចូលរួមមានអំណរជាមួយម្ចាស់របស់អ្នកចុះ
22. ឯម្នាក់ដែលបានទទួលពីរឋាឡាន់ក៏ចូលមកជិតដែរ ប្រាប់ថា លោកម្ចាស់អើយ! ពីរឋាឡាន់ដែលលោកម្ចាស់បានឲ្យខ្ញុំ សូមមើល ខ្ញុំបានចំណេញពីរឋាឡាន់ទៀត