គម្ពីរសញ្ញាថ្មី

ម៉ាថាយ 25:18-27 Khmer Christian Bible (KCB)

18. ផ្ទុយ​ទៅ​វិញ​ ម្នាក់​ដែល​បាន​ទទួល​មួយ​ឋាឡាន់​បាន​យក​លុយ​ម្ចាស់​របស់​គាត់​ទៅ​ជីក​ដី​កប់​ទុក​

19. លុះ​អស់​រយៈ​ពេល​ជា​យូរ​ក្រោយ​មក​ ម្ចាស់​របស់​បាវបម្រើ​ទាំង​នោះ​ក៏​ត្រលប់​មក​វិញ​ និង​បាន​ទូទាត់​បញ្ជី​ជាមួយ​ពួក​គេ​

20. ម្នាក់​ដែល​បាន​ទទួល​ប្រាំ​ឋាឡាន់​ បាន​នាំ​យក​ប្រាំ​ឋាឡាន់​ទៀត​ ចូល​មក​ជិត​ប្រាប់​ថា​ លោកម្ចាស់​អើយ!​ ប្រាំ​ឋាឡាន់​ដែល​លោកម្ចាស់​បាន​ឲ្យ​ខ្ញុំ​ សូម​មើល​ ខ្ញុំ​បាន​ចំណេញ​ប្រាំ​ឋាឡាន់​ទៀត​

21. ម្ចាស់​ក៏​និយាយ​ទៅ​គាត់​ថា​ ប្រសើរ​ណាស់​ បាវបម្រើ​ល្អ​ និង​ស្មោះត្រង់​អើយ!​ អ្នក​បាន​ស្មោះត្រង់​លើ​ទ្រព្យ​សម្បត្តិ​បន្តិច​បន្តួច​ ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ ចូរ​អ្នក​ចូល​រួម​មាន​អំណរ​ជាមួយ​ម្ចាស់​របស់​អ្នក​ចុះ​

22. ឯ​ម្នាក់​ដែល​បាន​ទទួល​ពីរ​ឋាឡាន់​ក៏​ចូល​មក​ជិត​ដែរ​ ប្រាប់​ថា​ លោកម្ចាស់​អើយ!​ ពីរ​ឋាឡាន់​ដែល​លោក​ម្ចាស់​បាន​ឲ្យ​ខ្ញុំ​ សូម​មើល​ ខ្ញុំ​បាន​ចំណេញ​ពីរ​ឋាឡាន់​ទៀត​

23. ម្ចាស់​ក៏​និយាយ​ទៅ​គាត់​ថា​ ប្រសើរ​ណាស់​ បាវបម្រើ​ល្អ​ និង​ស្មោះត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​លើ​ទ្រព្យ​សម្បត្តិ​បន្តិច​បន្តួច​ ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ ចូរ​អ្នក​ចូល​រួម​មាន​អំណរ​ជាមួយ​ម្ចាស់​របស់​អ្នក​ចុះ​

24. ម្នាក់​ដែល​បាន​ទទួល​មួយ​ឋាឡាន់​បាន​ចូល​មក​ជិត​ដែរ​ ប្រាប់​ថា​ លោកម្ចាស់​អើយ!​ ខ្ញុំ​ដឹង​ថា​ លោក​ជា​មនុស្ស​តឹងតែង​ គឺ​លោក​ច្រូត​ពី​កន្លែង​ដែល​លោក​មិន​បាន​ព្រោះ​ និង​ប្រមូល​ពី​កន្លែង​ដែល​លោក​មិន​បាន​ពង្រាយ​

25. ដូច្នេះ​ខ្ញុំ​ខ្លាច​ ខ្ញុំ​ក៏​យក​លុយ​មួយ​ឋាឡាន់​របស់​លោក​នោះ​ទៅ​កប់​ទុក​ក្នុង​ដី​ នេះ​នែ៎​ សូម​លោក​យក​របស់​លោក​វិញ​ចុះ។​

26. ម្ចាស់​របស់​គាត់​តប​ទៅ​គាត់​វិញ​ថា​ បាវបម្រើ​អាក្រក់​ និង​ខ្ចិល​អើយ!​ ឯង​ក៏​ដឹង​ដែរ​ថា​ ខ្ញុំ​ច្រូត​ពី​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ​ ហើយ​ប្រមូល​ពី​កន្លែង​ដែល​ខ្ញុំ​មិន​បាន​ពង្រាយ។​

27. បើ​ដូច្នោះ​ ម្ដេច​ក៏​ឯង​មិន​យក​លុយ​របស់​ខ្ញុំ​ទៅ​ចង​ការ​ ហើយ​ពេល​ខ្ញុំ​មក​វិញ​ ខ្ញុំ​នឹង​ទទួល​បាន​លុយ​របស់​ខ្ញុំ​ ព្រម​ទាំង​ការ​ប្រាក់​ផង​

សូមអានជំពូកពេញលេញ ម៉ាថាយ 25