គម្ពីរសញ្ញាថ្មី

ម៉ាថាយ 23:5-17 Khmer Christian Bible (KCB)

5. ហើយ​គ្រប់​ការ​ទាំង​អស់​ដែល​ពួកគេ​ធ្វើ​ គឺ​ដើម្បី​ឲ្យ​មនុស្ស​ឃើញ​តែ​ប៉ុណ្ណោះ​ គឺ​ពួក​គេ​បាន​ពង្រីក​ស្លាក​ដែល​ពួក​គេ​ពាក់​កាន់​តែ​ធំ​ឡើងៗ​ ឯ​រំយោល​អាវ​វិញ​កាន់​តែ​វែង​ទៅៗ​ដែរ។​

6. ពួកគេ​ចូល​ចិត្ត​អង្គុយ​មុខ​គេ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​កន្លែង​កិត្ដិយស​នៅ​ក្នុង​ពិធី​ជប់លៀង​

7. ពួកគេ​ចូល​ចិត្ត​ឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំជន​ និង​ឲ្យ​មនុស្ស​ហៅ​ពួកគេ​ថា​លោកគ្រូ​

8. ប៉ុន្ដែ​ចំពោះ​អ្នក​រាល់គ្នា​វិញ​ កុំ​ឲ្យ​គេ​ហៅ​ថា​ គ្រូ​ ដ្បិត​គ្រូ​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ ហើយ​អ្នក​ទាំង​អស់​គ្នា​ជា​បងប្អូន​នឹង​គ្នា​

9. កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា​ជា​ឪពុក​របស់​អ្នក​រាល់គ្នា​ ព្រោះ​ឪពុក​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ គឺ​នៅ​ស្ថានសួគ៌​

10. ហើយ​ក៏​កុំ​ឲ្យ​គេ​ហៅ​ថា​ម្ចាស់​ដែរ​ ដ្បិត​ម្ចាស់​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ គឺ​ព្រះគ្រិស្ដ​

11. អ្នក​ដែល​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​នឹង​ត្រលប់​ជា​អ្នកបម្រើ​អ្នក​រាល់គ្នា​វិញ​

12. ព្រោះ​អ្នកណា​លើក​តម្កើង​ខ្លួន​នឹង​ត្រូវ​បន្ទាប​ចុះ​ ឯ​អ្នកណា​បន្ទាប​ខ្លួន​នឹង​ត្រូវ​លើក​តម្កើង​វិញ។​

13. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​បាន​បិទ​នគរ​ស្ថានសួគ៌​នៅ​ចំពោះ​មុខ​មនុស្ស​ អ្នក​រាល់គ្នា​មិន​ចូល​ទេ​ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​កំពុង​ចូល​នោះ​ចូល​ទៀត​ផង។​

14. វេទនា​ដល់​អ្នក​រាល់គ្នា​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ ហើយ​ធ្វើ​ពុត​ជា​អធិស្ឋាន​យូរ​ ហេតុនេះ​អ្នក​រាល់គ្នា​នឹង​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​ជាង​គេ។​

15. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ និង​ផ្លូវ​ទឹក​ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ត្រលប់​ជា​អ្នក​កាន់​សាសនា​ រួច​ពេល​គេ​ត្រលប់​ជា​អ្នក​កាន់​សាសនា​ហើយ​ អ្នក​រាល់គ្នា​ធ្វើ​ឲ្យ​គេ​ត្រលប់​ជា​អ្នក​ធ្លាក់​នរក​ លើស​អ្នក​រាល់គ្នា​ទ្វេ​ដង​

16. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​និយាយ​ថា​ អ្នកណា​ស្បថ​នឹង​ព្រះ​វិហារ​ សម្បថ​នោះ​គ្មាន​ន័យ​ទេ​ តែ​អ្នកណា​ស្បថ​នឹង​មាស​របស់​ព្រះ​វិហារ​ អ្នក​នោះ​ជាប់​សម្បថ​ហើយ។​

17. មនុស្ស​កង្វាក់​ល្ងង់​អើយ!​ តើ​មួយ​ណា​វិសេស​ជាង​ ជា​មាស​ ឬ​ជា​ព្រះ​វិហារ​ ដែល​ធ្វើ​ឲ្យ​មាស​ទៅ​ជា​បរិសុទ្ធ?​

សូមអានជំពូកពេញលេញ ម៉ាថាយ 23