3. ដូច្នេះ អ្វីៗទាំងអស់ដែលពួកគេប្រាប់អ្នករាល់គ្នា ចូរធ្វើ និងកាន់តាមចុះ ប៉ុន្ដែកុំត្រាប់តាមការប្រព្រឹត្ដិរបស់ពួកគេឡើយ ពីព្រោះពួកគេបានតែនិយាយ ប៉ុន្ដែមិនធ្វើទេ
4. ពួកគេចងបន្ទុកដែលធ្ងន់ និងពិបាកធ្វើតាម ដាក់លើស្មាមនុស្ស តែពួកគេមិនព្រមយកម្រាមដៃរបស់ពួកគេដកបន្ទុកទាំងនោះទេ
5. ហើយគ្រប់ការទាំងអស់ដែលពួកគេធ្វើ គឺដើម្បីឲ្យមនុស្សឃើញតែប៉ុណ្ណោះ គឺពួកគេបានពង្រីកស្លាកដែលពួកគេពាក់កាន់តែធំឡើងៗ ឯរំយោលអាវវិញកាន់តែវែងទៅៗដែរ។
6. ពួកគេចូលចិត្តអង្គុយមុខគេក្នុងសាលាប្រជុំ និងនៅកន្លែងកិត្ដិយសនៅក្នុងពិធីជប់លៀង
7. ពួកគេចូលចិត្តឲ្យគេគោរពនៅតាមទីប្រជុំជន និងឲ្យមនុស្សហៅពួកគេថាលោកគ្រូ
8. ប៉ុន្ដែចំពោះអ្នករាល់គ្នាវិញ កុំឲ្យគេហៅថា គ្រូ ដ្បិតគ្រូរបស់អ្នករាល់គ្នាមានតែម្នាក់គត់ ហើយអ្នកទាំងអស់គ្នាជាបងប្អូននឹងគ្នា
9. កុំហៅនរណាម្នាក់នៅលើផែនដីនេះថាជាឪពុករបស់អ្នករាល់គ្នា ព្រោះឪពុករបស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺនៅស្ថានសួគ៌
10. ហើយក៏កុំឲ្យគេហៅថាម្ចាស់ដែរ ដ្បិតម្ចាស់របស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺព្រះគ្រិស្ដ
11. អ្នកដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នានឹងត្រលប់ជាអ្នកបម្រើអ្នករាល់គ្នាវិញ
12. ព្រោះអ្នកណាលើកតម្កើងខ្លួននឹងត្រូវបន្ទាបចុះ ឯអ្នកណាបន្ទាបខ្លួននឹងត្រូវលើកតម្កើងវិញ។
13. វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបានបិទនគរស្ថានសួគ៌នៅចំពោះមុខមនុស្ស អ្នករាល់គ្នាមិនចូលទេ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សដែលកំពុងចូលនោះចូលទៀតផង។
14. វេទនាដល់អ្នករាល់គ្នា ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបំផ្លាញទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយូរ ហេតុនេះអ្នករាល់គ្នានឹងត្រូវទទួលទោសធ្ងន់ធ្ងរជាងគេ។
15. វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ដើម្បីធ្វើឲ្យមនុស្សម្នាក់ត្រលប់ជាអ្នកកាន់សាសនា រួចពេលគេត្រលប់ជាអ្នកកាន់សាសនាហើយ អ្នករាល់គ្នាធ្វើឲ្យគេត្រលប់ជាអ្នកធ្លាក់នរក លើសអ្នករាល់គ្នាទ្វេដង
16. វេទនាដល់អ្នករាល់គ្នាហើយ អ្នកនាំផ្លូវកង្វាក់អើយ! ដ្បិតអ្នករាល់គ្នានិយាយថា អ្នកណាស្បថនឹងព្រះវិហារ សម្បថនោះគ្មានន័យទេ តែអ្នកណាស្បថនឹងមាសរបស់ព្រះវិហារ អ្នកនោះជាប់សម្បថហើយ។
17. មនុស្សកង្វាក់ល្ងង់អើយ! តើមួយណាវិសេសជាង ជាមាស ឬជាព្រះវិហារ ដែលធ្វើឲ្យមាសទៅជាបរិសុទ្ធ?
18. ហើយថា អ្នកណាស្បថនឹងកន្លែងថ្វាយតង្វាយ សម្បថនោះគ្មានន័យទេ តែអ្នកណាស្បថនឹងតង្វាយលើកន្លែងថ្វាយតង្វាយ អ្នកនោះជាប់សម្បថហើយ
19. មនុស្សកង្វាក់អើយ! តើមួយណាវិសេសជាង ជាតង្វាយ ឬកន្លែងថ្វាយតង្វាយ ដែលធ្វើឲ្យតង្វាយទៅជាបរិសុទ្ធ?
20. ដូច្នេះ អ្នកដែលស្បថនឹងកន្លែងថ្វាយតង្វាយ គឺស្បថនឹងកន្លែងថ្វាយតង្វាយ ព្រមទាំងរបស់ទាំងអស់នៅលើនោះហើយ
21. ឯអ្នកដែលស្បថនឹងព្រះវិហារ គឺស្បថនឹងព្រះវិហារ ព្រមទាំងព្រះអង្គដែលគង់ក្នុងនោះហើយ