23. វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ទាំងជីរអង្កាម ជីរនាងវង និងម្អម ប៉ុន្ដែអ្នករាល់គ្នាធ្វេសប្រហែសនឹងភាពសំខាន់ជាងនេះនៅក្នុងគម្ពីរវិន័យ គឺយុត្ដិធម៌ សេចក្ដីមេត្ដាករុណា និងជំនឿ សេចក្ដីទាំងនេះចាំបាច់ត្រូវតែធ្វើ ហើយក៏មិនត្រូវធ្វេសប្រហែសនឹងសេចក្ដីទាំងនេះដែរ។
24. អ្នកនាំផ្លូវកង្វាក់អើយ! អ្នករាល់គ្នាស្រង់មូស ប៉ុន្ដែលេបអូដ្ឋទៅវិញ។
25. វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសំអាតពែង និងចានដែលនៅខាងក្រៅ ឯខាងក្នុងវិញពេញដោយការលោភលន់ និងការបណ្ដោយតាមតណ្ហារបស់ខ្លួន
26. ពួកអ្នកខាងគណៈផារិស៊ីដ៏កង្វាក់អើយ! ចូរសំអាតខាងក្នុងពែងជាមុនសិន នោះទើបខាងក្រៅបានស្អាតដែរ។
27. វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាប្រៀបដូចជាផ្នូរដែលលាបពណ៌សពីខាងក្រៅ មើលទៅពិតជាស្អាតមែន ប៉ុន្ដែខាងក្នុងពេញដោយឆ្អឹងខ្មោច និងភាពស្មោកគ្រោកគ្រប់បែបយ៉ាង
28. ហើយអ្នករាល់គ្នាក៏ដូច្នោះដែរ នៅចំពោះមុខមនុស្សមើលទៅសុចរិតពីខាងក្រៅមែន ប៉ុន្ដែខាងក្នុងអ្នករាល់គ្នាពេញដោយពុតត្បុត និងសេចក្តីទុច្ចរិត។
29. វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសង់ផ្នូររបស់អ្នកនាំព្រះបន្ទូល រួចតុបតែងស្ដូបរបស់ពួកមនុស្សសុចរិត
30. ហើយនិយាយថា ប្រសិនបើយើងបាននៅជំនាន់ដូនតារបស់យើង នោះយើងមិនរួមគំនិតជាមួយពួកគាត់ សម្លាប់ពួកអ្នកនាំព្រះបន្ទូលទេ
31. ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ដោយខ្លួនឯងហើយថា អ្នករាល់គ្នាជាកូនចៅពួកអ្នកដែលបានសម្លាប់ពួកអ្នកនាំព្រះបន្ទូល
32. ចូរអ្នករាល់គ្នាសម្រេចអ្វីៗដែលដូនតារបស់អ្នករាល់គ្នាបានធ្វើចុះ។