គម្ពីរសញ្ញាថ្មី

ម៉ាថាយ 23:21-32 Khmer Christian Bible (KCB)

21. ឯ​អ្នក​ដែល​ស្បថ​នឹង​ព្រះ​វិហារ​ គឺ​ស្បថ​នឹង​ព្រះ​វិហារ​ ព្រម​ទាំង​ព្រះអង្គ​ដែល​គង់​ក្នុង​នោះ​ហើយ​

22. អ្នកណា​ស្បថ​នឹង​ស្ថានសួគ៌​ គឺ​ស្បថ​នឹង​បល្ល័ង្ក​ព្រះជាម្ចាស់​ ព្រម​ទាំង​ព្រះអង្គ​ដែល​គង់​នៅ​លើ​នោះ​ហើយ។​

23. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់​ ទាំង​ជីរ​អង្កាម​ ជីរ​នាងវង​ និង​ម្អម​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ធ្វេស​ប្រហែស​នឹង​ភាព​សំខាន់​ជាង​នេះ​នៅ​ក្នុង​គម្ពីរ​វិន័យ​ គឺ​យុត្ដិធម៌​ សេចក្ដី​មេត្ដា​ករុណា​ និង​ជំនឿ​ សេចក្ដី​ទាំងនេះ​ចាំបាច់​ត្រូវតែ​ធ្វើ​ ហើយ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​សេចក្ដី​ទាំង​នេះ​ដែរ។​

24. អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ!​ អ្នក​រាល់គ្នា​ស្រង់​មូស​ ប៉ុន្ដែ​លេប​អូដ្ឋ​ទៅ​វិញ។​

25. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មានពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​សំអាត​ពែង​ និង​ចាន​ដែល​នៅ​ខាង​ក្រៅ​ ឯ​ខាង​ក្នុង​វិញ​ពេញ​ដោយ​ការ​លោភលន់​ និង​ការ​បណ្ដោយ​តាម​តណ្ហា​របស់​ខ្លួន​

26. ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ដ៏​កង្វាក់​អើយ!​ ចូរ​សំអាត​ខាង​ក្នុង​ពែង​ជា​មុន​សិន​ នោះ​ទើប​ខាង​ក្រៅ​បាន​ស្អាត​ដែរ។​

27. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ប្រៀប​ដូច​ជា​ផ្នូរ​ដែល​លាប​ពណ៌​ស​ពី​ខាង​ក្រៅ​ មើល​ទៅ​ពិត​ជា​ស្អាត​មែន​ ប៉ុន្ដែ​ខាង​ក្នុង​ពេញ​ដោយ​ឆ្អឹង​ខ្មោច​ និង​ភាព​ស្មោកគ្រោក​គ្រប់​បែប​យ៉ាង​

28. ហើយ​អ្នក​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ នៅ​ចំពោះ​មុខ​មនុស្ស​មើល​ទៅ​សុចរិត​ពី​ខាង​ក្រៅ​មែន​ ប៉ុន្ដែ​ខាង​ក្នុង​អ្នក​រាល់គ្នា​ពេញ​ដោយ​ពុតត្បុត​ និង​សេចក្តី​ទុច្ចរិត។​

29. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​សង់​ផ្នូរ​របស់​អ្នកនាំ​ព្រះបន្ទូល​ រួច​តុបតែង​ស្ដូប​របស់​ពួក​មនុស្ស​សុចរិត​

30. ហើយ​និយាយ​ថា​ ប្រសិន​បើ​យើង​បាន​នៅ​ជំនាន់​ដូនតា​របស់​យើង​ នោះ​យើង​មិន​រួម​គំនិត​ជាមួយ​ពួក​គាត់​ សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ទេ​

31. ដូច្នេះ​ អ្នក​រាល់គ្នា​ធ្វើ​បន្ទាល់​ដោយ​ខ្លួន​ឯង​ហើយ​ថា​ អ្នក​រាល់គ្នា​ជា​កូន​ចៅ​ពួក​អ្នក​ដែល​បាន​សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​

32. ចូរ​អ្នក​រាល់គ្នា​សម្រេច​អ្វីៗ​ដែល​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​ធ្វើ​ចុះ។​

សូមអានជំពូកពេញលេញ ម៉ាថាយ 23