គម្ពីរសញ្ញាថ្មី

ម៉ាថាយ 23:16-25 Khmer Christian Bible (KCB)

16. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​និយាយ​ថា​ អ្នកណា​ស្បថ​នឹង​ព្រះ​វិហារ​ សម្បថ​នោះ​គ្មាន​ន័យ​ទេ​ តែ​អ្នកណា​ស្បថ​នឹង​មាស​របស់​ព្រះ​វិហារ​ អ្នក​នោះ​ជាប់​សម្បថ​ហើយ។​

17. មនុស្ស​កង្វាក់​ល្ងង់​អើយ!​ តើ​មួយ​ណា​វិសេស​ជាង​ ជា​មាស​ ឬ​ជា​ព្រះ​វិហារ​ ដែល​ធ្វើ​ឲ្យ​មាស​ទៅ​ជា​បរិសុទ្ធ?​

18. ហើយ​ថា​ អ្នកណា​ស្បថ​នឹង​កន្លែង​ថ្វាយ​តង្វាយ​ សម្បថ​នោះ​គ្មាន​ន័យ​ទេ​ តែ​អ្នកណា​ស្បថ​នឹង​តង្វាយ​លើ​កន្លែង​ថ្វាយ​តង្វាយ​ អ្នក​នោះ​ជាប់​សម្បថ​ហើយ​

19. មនុស្ស​កង្វាក់​អើយ!​ តើ​មួយ​ណា​វិសេស​ជាង​ ជា​តង្វាយ​ ឬ​កន្លែង​ថ្វាយ​តង្វាយ​ ដែល​ធ្វើ​ឲ្យ​តង្វាយ​ទៅ​ជា​បរិសុទ្ធ?​

20. ដូច្នេះ​ អ្នក​ដែល​ស្បថ​នឹង​កន្លែង​ថ្វាយ​តង្វាយ​ គឺ​ស្បថ​នឹង​កន្លែង​ថ្វាយ​តង្វាយ​ ព្រមទាំង​របស់​ទាំង​អស់​នៅ​លើ​នោះ​ហើយ​

21. ឯ​អ្នក​ដែល​ស្បថ​នឹង​ព្រះ​វិហារ​ គឺ​ស្បថ​នឹង​ព្រះ​វិហារ​ ព្រម​ទាំង​ព្រះអង្គ​ដែល​គង់​ក្នុង​នោះ​ហើយ​

22. អ្នកណា​ស្បថ​នឹង​ស្ថានសួគ៌​ គឺ​ស្បថ​នឹង​បល្ល័ង្ក​ព្រះជាម្ចាស់​ ព្រម​ទាំង​ព្រះអង្គ​ដែល​គង់​នៅ​លើ​នោះ​ហើយ។​

23. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់​ ទាំង​ជីរ​អង្កាម​ ជីរ​នាងវង​ និង​ម្អម​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ធ្វេស​ប្រហែស​នឹង​ភាព​សំខាន់​ជាង​នេះ​នៅ​ក្នុង​គម្ពីរ​វិន័យ​ គឺ​យុត្ដិធម៌​ សេចក្ដី​មេត្ដា​ករុណា​ និង​ជំនឿ​ សេចក្ដី​ទាំងនេះ​ចាំបាច់​ត្រូវតែ​ធ្វើ​ ហើយ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​សេចក្ដី​ទាំង​នេះ​ដែរ។​

24. អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ!​ អ្នក​រាល់គ្នា​ស្រង់​មូស​ ប៉ុន្ដែ​លេប​អូដ្ឋ​ទៅ​វិញ។​

25. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មានពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​សំអាត​ពែង​ និង​ចាន​ដែល​នៅ​ខាង​ក្រៅ​ ឯ​ខាង​ក្នុង​វិញ​ពេញ​ដោយ​ការ​លោភលន់​ និង​ការ​បណ្ដោយ​តាម​តណ្ហា​របស់​ខ្លួន​

សូមអានជំពូកពេញលេញ ម៉ាថាយ 23