គម្ពីរសញ្ញាថ្មី

ម៉ាថាយ 23:1-7 Khmer Christian Bible (KCB)

1. បន្ទាប់​មក​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​បណ្ដាជន​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​

2. ថា៖​ «ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ បាន​អង្គុយ​នៅ​កន្លែង​របស់​លោក​ម៉ូសេ​

3. ដូច្នេះ​ អ្វីៗ​ទាំង​អស់​ដែល​ពួកគេ​ប្រាប់​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​ និង​កាន់​តាម​ចុះ​ ប៉ុន្ដែ​កុំ​ត្រាប់​តាម​ការ​ប្រព្រឹត្ដិ​របស់​ពួក​គេ​ឡើយ​ ពី​ព្រោះ​ពួកគេ​បាន​តែ​និយាយ​ ប៉ុន្ដែ​មិន​ធ្វើ​ទេ​

4. ពួកគេ​ចង​បន្ទុក​ដែល​ធ្ងន់​ និង​ពិបាក​ធ្វើ​តាម​ ដាក់​លើ​ស្មា​មនុស្ស​ តែ​ពួកគេ​មិន​ព្រម​យក​ម្រាម​ដៃ​របស់​ពួកគេ​ដក​បន្ទុក​ទាំង​នោះ​ទេ​

5. ហើយ​គ្រប់​ការ​ទាំង​អស់​ដែល​ពួកគេ​ធ្វើ​ គឺ​ដើម្បី​ឲ្យ​មនុស្ស​ឃើញ​តែ​ប៉ុណ្ណោះ​ គឺ​ពួក​គេ​បាន​ពង្រីក​ស្លាក​ដែល​ពួក​គេ​ពាក់​កាន់​តែ​ធំ​ឡើងៗ​ ឯ​រំយោល​អាវ​វិញ​កាន់​តែ​វែង​ទៅៗ​ដែរ។​

6. ពួកគេ​ចូល​ចិត្ត​អង្គុយ​មុខ​គេ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​កន្លែង​កិត្ដិយស​នៅ​ក្នុង​ពិធី​ជប់លៀង​

7. ពួកគេ​ចូល​ចិត្ត​ឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំជន​ និង​ឲ្យ​មនុស្ស​ហៅ​ពួកគេ​ថា​លោកគ្រូ​

សូមអានជំពូកពេញលេញ ម៉ាថាយ 23