1. បន្ទាប់មកព្រះយេស៊ូមានបន្ទូលទៅបណ្ដាជន និងពួកសិស្សរបស់ព្រះអង្គ
2. ថា៖ «ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី បានអង្គុយនៅកន្លែងរបស់លោកម៉ូសេ
3. ដូច្នេះ អ្វីៗទាំងអស់ដែលពួកគេប្រាប់អ្នករាល់គ្នា ចូរធ្វើ និងកាន់តាមចុះ ប៉ុន្ដែកុំត្រាប់តាមការប្រព្រឹត្ដិរបស់ពួកគេឡើយ ពីព្រោះពួកគេបានតែនិយាយ ប៉ុន្ដែមិនធ្វើទេ
4. ពួកគេចងបន្ទុកដែលធ្ងន់ និងពិបាកធ្វើតាម ដាក់លើស្មាមនុស្ស តែពួកគេមិនព្រមយកម្រាមដៃរបស់ពួកគេដកបន្ទុកទាំងនោះទេ
5. ហើយគ្រប់ការទាំងអស់ដែលពួកគេធ្វើ គឺដើម្បីឲ្យមនុស្សឃើញតែប៉ុណ្ណោះ គឺពួកគេបានពង្រីកស្លាកដែលពួកគេពាក់កាន់តែធំឡើងៗ ឯរំយោលអាវវិញកាន់តែវែងទៅៗដែរ។
6. ពួកគេចូលចិត្តអង្គុយមុខគេក្នុងសាលាប្រជុំ និងនៅកន្លែងកិត្ដិយសនៅក្នុងពិធីជប់លៀង
7. ពួកគេចូលចិត្តឲ្យគេគោរពនៅតាមទីប្រជុំជន និងឲ្យមនុស្សហៅពួកគេថាលោកគ្រូ
8. ប៉ុន្ដែចំពោះអ្នករាល់គ្នាវិញ កុំឲ្យគេហៅថា គ្រូ ដ្បិតគ្រូរបស់អ្នករាល់គ្នាមានតែម្នាក់គត់ ហើយអ្នកទាំងអស់គ្នាជាបងប្អូននឹងគ្នា
9. កុំហៅនរណាម្នាក់នៅលើផែនដីនេះថាជាឪពុករបស់អ្នករាល់គ្នា ព្រោះឪពុករបស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺនៅស្ថានសួគ៌
10. ហើយក៏កុំឲ្យគេហៅថាម្ចាស់ដែរ ដ្បិតម្ចាស់របស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺព្រះគ្រិស្ដ
11. អ្នកដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នានឹងត្រលប់ជាអ្នកបម្រើអ្នករាល់គ្នាវិញ