5. ព្រះអង្គក៏ទតមើលជុំវិញទាំងក្រេវក្រោធ និងសោកសៅចំពោះចិត្ដរឹងរូសរបស់គេ ព្រះអង្គមានបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃអ្នកចុះ!» គាត់ក៏លាតដៃ ហើយដៃគាត់ក៏បានជាដូចដៃម្ខាងទៀត
6. អ្នកខាងគណៈផារិស៊ីបានចេញទៅភ្លាម ហើយពិគ្រោះជាមួយអ្នកខាងគណៈហេរ៉ូឌ ដើម្បីរកវិធីសម្លាប់ព្រះអង្គ។
7. ព្រះយេស៊ូបានចាកចេញជាមួយសិស្សរបស់ព្រះអង្គទៅឯបឹង ហើយមានមនុស្សច្រើនកុះករមកពីស្រុកកាលីឡេបានដើរតាមព្រះអង្គ ក៏មានមនុស្សមកពីស្រុកយូដា
8. ក្រុងយេរូសាឡិម ស្រុកអេដំ ស្រុកនៅឯនាយអូរយ័រដាន់ ស្រុកនៅជុំវិញក្រុងទីរ៉ុស និងក្រុងស៊ីដូនផងដែរ។ មនុស្សច្រើនកុះករបានមកឯព្រះអង្គ ពេលគេឮពីកិច្ចការទាំងឡាយដែលព្រះអង្គបានធ្វើ
9. ព្រះអង្គមានបន្ទូលទៅសិស្សឲ្យរៀបចំទូកមួយសម្រាប់ព្រះអង្គ ក្រែងលោមនុស្សប្រជ្រៀតគ្នាចោមរោមព្រះអង្គ
10. ដោយព្រោះតែព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា នោះអ្នកជំងឺទាំងឡាយក៏នាំគ្នាសំរុកចូលមកពាល់ព្រះអង្គ
11. នៅពេលពួកវិញ្ញាណអាក្រក់បានឃើញព្រះអង្គ ពួកវាក្រាបចុះនៅចំពោះព្រះអង្គ ទាំងស្រែកឡើងថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»
12. ប៉ុន្ដែព្រះអង្គបានហាមពួកវាយ៉ាងម៉ឺងម៉ាត់មិនឲ្យនិយាយប្រាប់គេថាព្រះអង្គជាអ្នកណាឡើយ។
13. បន្ទាប់មក ព្រះអង្គបានយាងឡើងទៅលើភ្នំ ហើយបានហៅអស់អ្នកដែលព្រះអង្គពេញចិត្ដ ពួកគេក៏បានមកឯព្រះអង្គ
14. រួចព្រះអង្គបានតែងតាំងដប់ពីរនាក់ហៅថាសាវក ដើម្បីឲ្យនៅជាមួយព្រះអង្គ និងដើម្បីឲ្យព្រះអង្គបានចាត់គេចេញទៅប្រកាស
15. ទាំងឲ្យគេមានសិទ្ធិអំណាចប្រោសជំងឺ និងបណ្ដេញអារក្សផង
16. ព្រះអង្គបានតែងតាំងសាវកទាំងដប់ពីរដូចតទៅ ព្រះអង្គដាក់ឈ្មោះលោកស៊ីម៉ូនថា «ពេត្រុស»
17. ហើយលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ត្រូវជាកូនលោកសេបេដេ ព្រះអង្គបានដាក់ឈ្មោះថា «បោនអ៊ើកេ» មានន័យថា «កូនផ្គរលាន់»