ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាថ្មី

ម៉ាកុស 3 Khmer Christian Bible (KCB)

1. ព្រះអង្គ​បាន​យាង​ចូល​សាលា​ប្រជុំ​ម្ដង​ទៀត​ ហើយ​នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​

2. គេ​តាម​មើល​ព្រះអង្គ​ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គ​ ក្រែង​លោ​ព្រះអង្គ​ប្រោស​បុរស​នេះ​ឲ្យ​បាន​ជា​នៅ​ថ្ងៃ​សប្ប័ទ​

3. ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖​ «ចូរ​ក្រោក​ឡើង​នៅ​កណ្ដាល​ចំណោម​នេះ»​

4. រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​នៅ​ថ្ងៃ​សប្ប័ទ​ វិន័យ​អនុញ្ញាត​ឲ្យ​ធ្វើការ​ល្អ​ ឬ​ធ្វើការ​អាក្រក់?​ ឲ្យ​សង្គ្រោះ​ជីវិត​ ឬ​សម្លាប់?»​ ប៉ុន្ដែ​គេ​នៅ​ស្ងៀម​

5. ព្រះអង្គ​ក៏​ទត​មើល​ជុំវិញ​ទាំង​ក្រេវ​ក្រោធ​ និង​សោក​សៅ​ចំពោះ​ចិត្ដ​រឹង​រូស​របស់​គេ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​បុរស​នោះ​ថា៖​ «ចូរ​លាត​ដៃ​អ្នក​ចុះ!»​ គាត់​ក៏​លាត​ដៃ​ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត​

6. អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចេញ​ទៅ​ភ្លាម​ ហើយ​ពិគ្រោះ​ជាមួយ​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ ដើម្បី​រក​វិធី​សម្លាប់​ព្រះអង្គ។​

7. ព្រះយេស៊ូ​បាន​ចាក​ចេញ​ជាមួយ​សិស្ស​របស់​ព្រះអង្គ​ទៅ​ឯ​បឹង​ ហើយ​មាន​មនុស្ស​ច្រើន​កុះករ​មក​ពី​ស្រុក​កាលីឡេ​បាន​ដើរ​តាម​ព្រះអង្គ​ ក៏​មាន​មនុស្ស​មក​ពី​ស្រុក​យូដា​

8. ក្រុង​យេរូសាឡិម​ ស្រុក​អេដំ​ ស្រុក​នៅ​ឯ​នាយ​អូរ​យ័រដាន់​ ស្រុក​នៅ​ជុំ​វិញ​ក្រុង​ទីរ៉ុស​ និង​ក្រុង​ស៊ីដូន​ផង​ដែរ។​ មនុស្ស​ច្រើន​កុះករ​បាន​មក​ឯ​ព្រះអង្គ​ ពេល​គេ​ឮ​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះអង្គ​បាន​ធ្វើ​

9. ព្រះអង្គ​មាន​បន្ទូល​ទៅ​សិស្ស​ឲ្យ​រៀបចំ​ទូក​មួយ​សម្រាប់​ព្រះអង្គ​ ក្រែង​លោ​មនុស្ស​ប្រជ្រៀត​គ្នា​ចោម​រោម​ព្រះអង្គ​

10. ដោយ​ព្រោះ​តែ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា​ នោះ​អ្នក​ជំងឺ​ទាំង​ឡាយ​ក៏​នាំ​គ្នា​សំរុក​ចូល​មក​ពាល់​ព្រះអង្គ​

11. នៅ​ពេល​ពួក​វិញ្ញាណ​អាក្រក់​បាន​ឃើញ​ព្រះអង្គ​ ពួកវា​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះអង្គ​ ទាំង​ស្រែក​ឡើង​ថា៖​ «ព្រះអង្គ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់»​

12. ប៉ុន្ដែ​ព្រះអង្គ​បាន​ហាម​ពួកវា​យ៉ាង​ម៉ឺង​ម៉ាត់​មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា​ព្រះអង្គ​ជា​អ្នកណា​ឡើយ។​

13. បន្ទាប់​មក​ ព្រះអង្គ​បាន​យាង​ឡើង​ទៅ​លើ​ភ្នំ​ ហើយ​បាន​ហៅ​អស់​អ្នក​ដែល​ព្រះអង្គ​ពេញ​ចិត្ដ​ ពួកគេ​ក៏​បាន​មក​ឯ​ព្រះអង្គ​

14. រួច​ព្រះអង្គ​បាន​តែង​តាំង​ដប់​ពីរ​នាក់​ហៅ​ថា​សាវក​ ដើម្បី​ឲ្យ​នៅ​ជាមួយ​ព្រះអង្គ​ និង​ដើម្បី​ឲ្យ​ព្រះអង្គ​បាន​ចាត់​គេ​ចេញ​ទៅ​ប្រកាស​

15. ទាំង​ឲ្យ​គេ​មាន​សិទ្ធិ​អំណាច​ប្រោស​ជំងឺ​ និង​បណ្ដេញ​អារក្ស​ផង​

16. ព្រះអង្គ​បាន​តែង​តាំង​សាវក​ទាំង​ដប់ពីរ​ដូច​តទៅ​ ព្រះអង្គ​ដាក់​ឈ្មោះ​លោក​ស៊ីម៉ូន​ថា​ «ពេត្រុស»​

17. ហើយ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​ ត្រូវ​ជា​កូន​លោក​សេបេដេ​ ព្រះអង្គ​បាន​ដាក់​ឈ្មោះ​ថា​ «បោនអ៊ើកេ»​ មាន​ន័យ​ថា​ «កូន​ផ្គរ​លាន់»​

18. និង​លោក​អនទ្រេ​ លោក​ភីលីព​ លោក​បារថូឡូមេ​ លោក​ម៉ាថាយ​ លោក​ថូម៉ាស​ លោក​យ៉ាកុប​ជា​កូន​អាល់​ផាយ​ លោក​ថាដេ​ លោក​ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម​

19. ព្រមទាំង​យូដាស​អ៊ីស្ការីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ​ផង​ដែរ។​

20. ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ហើយ​បណ្ដាជន​ក៏​មក​ជួប​ជុំគ្នា​ម្ដង​ទៀត​ ដូច្នេះ​ហើយ​បាន​ជា​ព្រះអង្គ​ និង​ពួក​សិស្ស​មិន​អាច​បរិភោគ​បាន​

21. ហើយ​នៅ​ពេល​ដែល​បងប្អូន​ព្រះអង្គ​បាន​ឮ​អំពី​ការ​នេះ​ ពួកគេ​បាន​មក​ចាប់​ព្រះអង្គ​ ពីព្រោះ​គេ​និយាយ​ថា៖​ «គាត់​វង្វេង​ស្មារតី​ហើយ»។​

22. រីឯ​គ្រូ​វិន័យ​ដែល​ចុះ​មក​ពី​ក្រុង​យេរូសាឡិម​បាន​និយាយ​ថា​ «អ្នក​នេះ​មាន​អារក្ស​បេលសេប៊ូល​ចូល​ ហើយ​អ្នក​នេះ​បណ្ដេញ​អារក្ស​ដោយសារ​មេ​អារក្ស»​

23. ព្រះអង្គ​បាន​ហៅ​គេ​មក​ ហើយ​មាន​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ប្រដូច​ថា៖​ «តើ​អារក្ស​សាតាំង​អាច​បណ្ដេញ​អារក្ស​សាតាំង​ដូច​ម្ដេច​កើត​

24. ហើយ​ប្រសិន​បើ​នគរ​មួយ​បែក​បាក់​គ្នា​ នគរ​នោះ​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ទេ​

25. បើ​គ្រួសារ​មួយ​បែក​បាក់​គ្នា​ គ្រួសារ​នោះ​ក៏​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ដែរ​

26. បើ​អារក្ស​សាតាំង​ក្រោក​ឡើង​ទាស់​ទែង​នឹង​ខ្លួន​វា​ នោះ​វា​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ទេ​ គឺ​មុខ​ជា​វិនាស​ជា​មិន​ខាន​

27. គ្មាន​អ្នកណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ ប្លន់​យក​ទ្រព្យ​សម្បត្ដិ​បាន​ទេ​ លុះត្រា​តែ​គេ​ចង​មនុស្ស​ខ្លាំង​នោះ​ជា​មុន​សិន​ ទើប​អាច​ប្លន់​ផ្ទះ​នោះ​បាន​

28. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គ្រប់​ទាំង​បាប​របស់​មនុស្ស​ និង​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ អាច​ទទួល​បាន​ការ​លើក​លែង​ទោស​

29. ប៉ុន្ដែ​អ្នកណា​ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះវិញ្ញាណ​បរិសុទ្ធ​ មិន​អាច​ទទួល​បាន​ការ​លើក​លែង​ទោស​ជា​រៀង​រហូត​ គឺ​ជាប់​ទោស​ជា​រៀង​រហូត​វិញ»។​

30. ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ ដោយ​ព្រោះ​គេ​និយាយ​ថា​ ព្រះអង្គ​មាន​វិញ្ញាណ​អាក្រក់​ចូល។​

31. បន្ទាប់​មក​ ម្ដាយ​ និង​បង​ប្អូន​របស់​ព្រះយេស៊ូ​បាន​មក​ឈរ​នៅ​ខាង​ក្រៅ​ ចាត់​ឲ្យ​គេ​ទៅ​ហៅ​ព្រះអង្គ​

32. បណ្ដាជន​ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ​ គេ​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ ម្ដាយ​ និង​បង​ប្អូន​លោក​កំពុង​តែ​រក​លោក​នៅ​ខាង​ក្រៅ​»

33. ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «តើ​នរណា​ជា​ម្ដាយ​ និង​ជា​បង​ប្អូន​របស់​ខ្ញុំ?»​

34. ព្រះអង្គ​បាន​ទត​មើល​មនុស្ស​ ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ​ រួច​មាន​បន្ទូល​ថា៖​ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្ដាយ​ និង​ជា​បង​ប្អូន​របស់​ខ្ញុំ​

35. ដ្បិត​អ្នកណា​ដែល​ធ្វើ​តាម​បំណង​ព្រះជាម្ចាស់​ អ្នក​នោះ​ហើយ​ជា​ម្ដាយ​ និង​ជា​បង​ប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ»។​