គម្ពីរសញ្ញាថ្មី

ម៉ាកុស 3:1-10 Khmer Christian Bible (KCB)

1. ព្រះអង្គ​បាន​យាង​ចូល​សាលា​ប្រជុំ​ម្ដង​ទៀត​ ហើយ​នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​

2. គេ​តាម​មើល​ព្រះអង្គ​ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គ​ ក្រែង​លោ​ព្រះអង្គ​ប្រោស​បុរស​នេះ​ឲ្យ​បាន​ជា​នៅ​ថ្ងៃ​សប្ប័ទ​

3. ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖​ «ចូរ​ក្រោក​ឡើង​នៅ​កណ្ដាល​ចំណោម​នេះ»​

4. រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​នៅ​ថ្ងៃ​សប្ប័ទ​ វិន័យ​អនុញ្ញាត​ឲ្យ​ធ្វើការ​ល្អ​ ឬ​ធ្វើការ​អាក្រក់?​ ឲ្យ​សង្គ្រោះ​ជីវិត​ ឬ​សម្លាប់?»​ ប៉ុន្ដែ​គេ​នៅ​ស្ងៀម​

5. ព្រះអង្គ​ក៏​ទត​មើល​ជុំវិញ​ទាំង​ក្រេវ​ក្រោធ​ និង​សោក​សៅ​ចំពោះ​ចិត្ដ​រឹង​រូស​របស់​គេ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​បុរស​នោះ​ថា៖​ «ចូរ​លាត​ដៃ​អ្នក​ចុះ!»​ គាត់​ក៏​លាត​ដៃ​ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត​

6. អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចេញ​ទៅ​ភ្លាម​ ហើយ​ពិគ្រោះ​ជាមួយ​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ ដើម្បី​រក​វិធី​សម្លាប់​ព្រះអង្គ។​

7. ព្រះយេស៊ូ​បាន​ចាក​ចេញ​ជាមួយ​សិស្ស​របស់​ព្រះអង្គ​ទៅ​ឯ​បឹង​ ហើយ​មាន​មនុស្ស​ច្រើន​កុះករ​មក​ពី​ស្រុក​កាលីឡេ​បាន​ដើរ​តាម​ព្រះអង្គ​ ក៏​មាន​មនុស្ស​មក​ពី​ស្រុក​យូដា​

8. ក្រុង​យេរូសាឡិម​ ស្រុក​អេដំ​ ស្រុក​នៅ​ឯ​នាយ​អូរ​យ័រដាន់​ ស្រុក​នៅ​ជុំ​វិញ​ក្រុង​ទីរ៉ុស​ និង​ក្រុង​ស៊ីដូន​ផង​ដែរ។​ មនុស្ស​ច្រើន​កុះករ​បាន​មក​ឯ​ព្រះអង្គ​ ពេល​គេ​ឮ​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះអង្គ​បាន​ធ្វើ​

9. ព្រះអង្គ​មាន​បន្ទូល​ទៅ​សិស្ស​ឲ្យ​រៀបចំ​ទូក​មួយ​សម្រាប់​ព្រះអង្គ​ ក្រែង​លោ​មនុស្ស​ប្រជ្រៀត​គ្នា​ចោម​រោម​ព្រះអង្គ​

10. ដោយ​ព្រោះ​តែ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា​ នោះ​អ្នក​ជំងឺ​ទាំង​ឡាយ​ក៏​នាំ​គ្នា​សំរុក​ចូល​មក​ពាល់​ព្រះអង្គ​

សូមអានជំពូកពេញលេញ ម៉ាកុស 3