គម្ពីរសញ្ញាថ្មី

ម៉ាកុស 1:3-12 Khmer Christian Bible (KCB)

3. មាន​សំឡេង​ស្រែក​នៅ​ទីរហោឋាន​ថា ចូរ​រៀបចំ​ដំណើរ​របស់​ព្រះអម្ចាស់​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ។​»

4. នៅ​ទីរហោឋាន​ លោក​យ៉ូហាន​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ និង​ប្រកាស​ពី​ពិធី​ជ្រមុជ​នៃ​ការ​ប្រែចិត្ដ​សម្រាប់​ការ​លើក​លែង​ទោស​បាប។​

5. មនុស្ស​មកពី​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា​ និង​ក្រុង​យេរូសាឡិម​បាន​មក​ឯ​លោក​យ៉ូហាន​ ដើម្បី​ទទួល​សារភាព​បាប​របស់​ខ្លួន​ ព្រមទាំង​ទទួល​ពិធីជ្រមុជ​ទឹក​ពី​គាត់​ក្នុង​អូរ​យ័រដាន់។​

6. លោក​យ៉ូហាន​ស្លៀក​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ​ ពាក់​ខ្សែ​ក្រវាត់​ដែល​ធ្វើ​ពី​ស្បែក​នៅ​នឹង​ចង្កេះ​ ហើយ​គាត់​បរិភោគ​កណ្ដូប​ និង​ទឹក​ឃ្មុំ​ព្រៃ។​

7. លោក​ប្រកាស​ថា៖​ «ព្រះអង្គ​យាង​មក​ក្រោយ​ខ្ញុំ​ មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្ដសម​នឹង​ឱន​ស្រាយ​ខ្សែ​ស្បែក​ជើង​របស់​ព្រះអង្គ​ផង​

8. ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​ ប៉ុន្ដែ​ព្រះអង្គ​វិញ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»។​

9. នៅ​គ្រា​នោះ​ ព្រះយេស៊ូ​បាន​យាង​មក​ពី​ក្រុង​ណាសារ៉ែត​ ស្រុក​កាលីឡេ​ និង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន​នៅ​ក្នុង​អូរ​យ័រដាន់​

10. ពេល​ងើប​ចេញ​ពី​ទឹក​ភ្លាម​ ព្រះអង្គ​ទត​ឃើញ​ស្ថានសួគ៌​បើក​ចំហ​ ហើយ​ព្រះវិញ្ញាណ​បាន​យាង​មក​សណ្ឋិត​លើ​ព្រះអង្គ​ ដូចជា​សត្វ​ព្រាប​

11. ហើយ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖​ «អ្នក​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញ​ចិត្ដ​នឹង​អ្នក​ណាស់»។​

12. ភ្លាម​នោះ​ ព្រះវិញ្ញាណ​ក៏​ជំរុញ​ព្រះអង្គ​ឲ្យ​ទៅ​ទីរហោឋាន។​

សូមអានជំពូកពេញលេញ ម៉ាកុស 1