ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាថ្មី

ម៉ាកុស 1 Khmer Christian Bible (KCB)

1. ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ចាប់​ផ្ដើម​ដូច​ត​ទៅ៖​

2. ដូច​ដែល​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ បាន​សរសេរ​ទុក​ថា៖​ «មើល៍!​ យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​អ្នក​ ដើម្បី​រៀបចំ​ផ្លូវ​ឲ្យ​អ្នក​

3. មាន​សំឡេង​ស្រែក​នៅ​ទីរហោឋាន​ថា ចូរ​រៀបចំ​ដំណើរ​របស់​ព្រះអម្ចាស់​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ។​»

4. នៅ​ទីរហោឋាន​ លោក​យ៉ូហាន​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ និង​ប្រកាស​ពី​ពិធី​ជ្រមុជ​នៃ​ការ​ប្រែចិត្ដ​សម្រាប់​ការ​លើក​លែង​ទោស​បាប។​

5. មនុស្ស​មកពី​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា​ និង​ក្រុង​យេរូសាឡិម​បាន​មក​ឯ​លោក​យ៉ូហាន​ ដើម្បី​ទទួល​សារភាព​បាប​របស់​ខ្លួន​ ព្រមទាំង​ទទួល​ពិធីជ្រមុជ​ទឹក​ពី​គាត់​ក្នុង​អូរ​យ័រដាន់។​

6. លោក​យ៉ូហាន​ស្លៀក​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ​ ពាក់​ខ្សែ​ក្រវាត់​ដែល​ធ្វើ​ពី​ស្បែក​នៅ​នឹង​ចង្កេះ​ ហើយ​គាត់​បរិភោគ​កណ្ដូប​ និង​ទឹក​ឃ្មុំ​ព្រៃ។​

7. លោក​ប្រកាស​ថា៖​ «ព្រះអង្គ​យាង​មក​ក្រោយ​ខ្ញុំ​ មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្ដសម​នឹង​ឱន​ស្រាយ​ខ្សែ​ស្បែក​ជើង​របស់​ព្រះអង្គ​ផង​

8. ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​ ប៉ុន្ដែ​ព្រះអង្គ​វិញ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»។​

9. នៅ​គ្រា​នោះ​ ព្រះយេស៊ូ​បាន​យាង​មក​ពី​ក្រុង​ណាសារ៉ែត​ ស្រុក​កាលីឡេ​ និង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន​នៅ​ក្នុង​អូរ​យ័រដាន់​

10. ពេល​ងើប​ចេញ​ពី​ទឹក​ភ្លាម​ ព្រះអង្គ​ទត​ឃើញ​ស្ថានសួគ៌​បើក​ចំហ​ ហើយ​ព្រះវិញ្ញាណ​បាន​យាង​មក​សណ្ឋិត​លើ​ព្រះអង្គ​ ដូចជា​សត្វ​ព្រាប​

11. ហើយ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖​ «អ្នក​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញ​ចិត្ដ​នឹង​អ្នក​ណាស់»។​

12. ភ្លាម​នោះ​ ព្រះវិញ្ញាណ​ក៏​ជំរុញ​ព្រះអង្គ​ឲ្យ​ទៅ​ទីរហោឋាន។​

13. ព្រះអង្គ​នៅ​ទីរហោឋាន​សែសិប​ថ្ងៃ​ ត្រូវ​អារក្ស​សាតាំង​ល្បួង​ ហើយ​ព្រះអង្គ​នៅ​ជាមួយ​សត្វ​ព្រៃ​ និង​មាន​ទេវតា​ចាំ​បម្រើ​ព្រះអង្គ​ផង។​

14. បន្ទាប់​ពី​គេ​ចាប់​លោក​យ៉ូហាន​ឃុំឃាំង​ ព្រះយេស៊ូ​ក៏​យាង​ចូល​ស្រុក​កាលីឡេ​ ប្រកាស​ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​

15. ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ពេល​កំណត់​បាន​មក​ដល់​ហើយ​ នគរ​ព្រះជាម្ចាស់​មក​ជិត​បង្កើយ​ ចូរ​ប្រែចិត្ដ​ ហើយ​ជឿ​ដំណឹងល្អ​ចុះ»។​

16. ពេល​ព្រះយេស៊ូ​យាង​តាម​មាត់​បឹង​កាលីឡេ​ ព្រះអង្គ​បាន​ទត​ឃើញ​លោក​ស៊ីម៉ូន​ និង​លោក​អនទ្រេ​ជា​ប្អូន​ ពួកគេ​ជា​អ្នក​នេសាទ​ កំពុង​បង់​សំណាញ់​ក្នុង​បឹង​

17. ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅពួក​គេ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ​ខ្ញុំ​នឹង​ឲ្យ​អ្នក​ធ្វើ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»។​

18. ភ្លាម​នោះ​ ពួកគេ​ក៏​ទុក​សំណាញ់​ចោល​ រួច​ដើរ​តាម​ព្រះអង្គ​តែ​ម្ដង។​

19. កាល​យាង​ហួស​ទី​នោះ​បន្ដិច​ ព្រះអង្គ​បាន​ទត​ឃើញ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​ កំពុង​ជួស​ជុល​សំណាញ់​នៅ​ក្នុង​ទូក​ អ្នក​ទាំង​ពីរ​ជា​កូន​របស់​លោក​សេបេដេ។​

20. ភ្លាម​នោះ​ ព្រះអង្គ​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ​ ពួកគេ​ក៏​ទុក​ឪពុក​ឲ្យ​នៅ​ក្នុង​ទូក​ជាមួយ​ពួក​កូន​ឈ្នួល​ រួច​ដើរ​តាម​ព្រះអង្គ​ទៅ។​

21. ពួកគេ​ចូល​ក្នុង​ក្រុង​កាពើណិម​ ហើយ​នៅ​ថ្ងៃ​សប្ប័ទ​ ព្រះយេស៊ូ​ក៏​យាង​ចូល​ក្នុង​សាលា​ប្រជុំ​ភ្លាម​ ហើយ​បាន​បង្រៀន។​

22. អ្នក​ដែល​ស្ដាប់​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​ ដ្បិត​ពេល​ព្រះអង្គ​បង្រៀន​ពួកគេ​ ព្រះអង្គ​មាន​សិទ្ធិ​អំណាច​ មិន​ដូច​ជា​ពួក​គ្រូ​វិន័យ​ឡើយ​

23. ហើយ​ភ្លាម​នោះ​ នៅ​ក្នុង​សាលា​ប្រជុំ​ មាន​បុរស​ម្នាក់​មាន​វិញ្ញាណ​អាក្រក់​ចូល​

24. ស្រែក​ឡើង​ថា៖​ «ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​អើយ!​ តើ​យើង​និង​ព្រះអង្គ​មាន​រឿង​ហេតុ​អ្វី​នឹង​គ្នា?​ តើ​ព្រះអង្គ​មក​បំផ្លាញ​យើង​ឬ?​ ខ្ញុំ​ស្គាល់​ហើយ​ ព្រះអង្គ​ជា​អង្គ​បរិសុទ្ធ​នៃ​ព្រះជាម្ចាស់»​

25. ព្រះយេស៊ូ​ក៏​បន្ទោស​វា​ថា៖​ «ស្ងៀម​ ចេញ​ពី​បុរស​នេះ​ទៅ!»​

26. វិញ្ញាណ​អាក្រក់​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន​ និង​ស្រែក​យ៉ាង​ខ្លាំង​ រួច​ក៏​ចេញ​ពី​គាត់​ទៅ​

27. មនុស្ស​ទាំង​អស់​ភ្ញាក់​ផ្អើល​ និង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ស្អី​ហ្នឹង?​ សេចក្ដី​បង្រៀន​ថ្មី​នេះ​មាន​សិទ្ធិ​អំណាច​ម៉្លេះ​ លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់​ វា​ក៏​ស្ដាប់​បង្គាប់​លោក»​

28. ភ្លាម​នោះ​ កេរ្តិ៍​ឈ្មោះ​របស់​ព្រះអង្គ​ក៏​ល្បី​ខ្ចរខ្ចាយ​គ្រប់​ទី​កន្លែង​ពាស​ពេញ​ស្រុក​កាលីឡេ។​

29. កាល​ព្រះអង្គ​ និង​ពួក​សិស្ស​ចេញ​ពី​សាលា​ប្រជុំ​ភ្លាម​ ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ និង​លោក​អនទ្រេ​ជាមួយ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ផង​ដែរ។​

30. កាល​ម្ដាយ​ក្មេក​លោក​ស៊ីម៉ូន​កំពុង​តែ​ដេក​គ្រុន​ គេ​ក៏​ទូល​ព្រះអង្គ​ភ្លាម​ថា​ គាត់​ឈឺ​

31. ព្រះអង្គ​ចូល​ទៅ​ជិត​ រួច​ក៏​ចាប់​ដៃ​លើក​គាត់​ឡើង​ គាត់​ក៏​បាន​ជា​ពី​គ្រុន​ ហើយ​បម្រើ​ពួកគេ។​

32. នៅ​ល្ងាច​នោះ​ បន្ទាប់​ពី​ថ្ងៃ​លិច​ គេ​នាំ​អស់​អ្នក​ជម្ងឺ​ និង​អ្នក​ដែល​មាន​អារក្ស​ចូល​ទាំងឡាយ​មក​រក​ព្រះអង្គ​

33. អ្នក​ក្រុង​នោះ​ទាំង​មូល​បាន​មក​ជួប​ជុំ​គ្នា​នៅ​មាត់​ទ្វារ​

34. ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​ឲ្យ​ជា​សះស្បើយ​ និង​បាន​បណ្ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ ហើយ​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំង​នោះ​និយាយ​អ្វី​ឡើយ​ ព្រោះ​ពួក​វា​ស្គាល់​ព្រះអង្គ។​

35. ពឹ្រក​ឡើង​ កាល​ងងឹត​នៅ​ឡើយ​ ព្រះអង្គ​ក្រោក​ឡើង​ ហើយ​ចេញ​ទៅ​កន្លែង​ស្ងាត់​ រួច​ក៏​អធិស្ឋាន​នៅ​ទីនោះ​

36. លោក​ស៊ីម៉ូន​ និង​ពួក​អ្នក​នៅ​ជាមួយ​បាន​តាម​រក​ព្រះអង្គ​

37. លុះ​បាន​ឃើញ​ព្រះអង្គ​ហើយ​ ពួកគេ​ទូល​ថា៖​ «មនុស្ស​គ្រប់​គ្នា​កំពុង​រក​លោក»​

38. ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​យើង​នាំ​គ្នា​ទៅ​ក្រុង​ផ្សេងៗ​ដែល​នៅ​ជិត​នេះ​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​នៅ​ទីនោះ​ដែរ​ ដ្បិត​ខ្ញុំ​មក​ដើម្បី​ធ្វើការ​នេះ​ឯង»។​

39. ព្រះអង្គ​បាន​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលីឡេ​ ហើយ​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ​ ព្រម​ទាំង​បណ្ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។​

40. មាន​មនុស្ស​ឃ្លង់​ម្នាក់​បាន​មក​រក​ព្រះអង្គ​ ហើយ​លុត​ជង្គង់​អង្វរ​ថា៖​ «លោក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត​បាន​ ប្រសិន​បើ​លោក​ចង់»​

41. ព្រះអង្គ​អាណិត​គាត់​យ៉ាង​ខ្លាំង​ ទាំង​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់​ដោយ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ចង់​ ចូរ​ឲ្យ​ជា​ស្អាត​ចុះ»​

42. ភ្លាម​នោះ​ គាត់​ក៏​បាន​ជា​ស្អាត​ពី​ជំងឺ​ឃ្លង់​តែ​ម្ដង​

43. ព្រះអង្គ​ក៏​ឲ្យ​គាត់​ទៅ​ភ្លាម​ ទាំង​មាន​បន្ទូល​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖​

44. «ចូរ​ប្រយ័ត្ន​ កុំ​និយាយ​រឿង​នេះ​ប្រាប់​អ្នកណា​ឲ្យ​សោះ​ ប៉ុន្ដែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​ ហើយ​ចូរ​ថ្វាយ​តង្វាយ​សម្រាប់​ការ​ដែល​អ្នក​បាន​ជា​ស្អាត​ ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ ដើម្បី​ជា​បន្ទាល់​ដល់​មនុស្ស​ទាំងឡាយ»។​

45. ប៉ុន្ដែ​បុរស​នោះ​បាន​ចេញ​ទៅ​ រួច​ក៏​ចាប់​ផ្ដើម​ប្រកាស​អំពី​ការ​ជា​ច្រើន​ និង​បាន​ផ្សព្វ​ផ្សាយ​អំពី​រឿង​នេះ​ ដូច្នេះ​ព្រះអង្គ​មិន​អាច​យាង​ចូល​ក្នុង​ក្រុង​ដោយ​ចំហ​ទៀត​ឡើយ​ គឺ​ព្រះអង្គ​គង់​នៅ​ខាង​ក្រៅ​ក្រុង​ត្រង់​កន្លែង​ស្ងាត់​ ហើយ​មនុស្ស​ពី​គ្រប់​ទិស​ទី​បាន​មក​រក​ព្រះអង្គ។​