គម្ពីរសញ្ញាថ្មី

ម៉ាកុស 1:25-37 Khmer Christian Bible (KCB)

25. ព្រះយេស៊ូ​ក៏​បន្ទោស​វា​ថា៖​ «ស្ងៀម​ ចេញ​ពី​បុរស​នេះ​ទៅ!»​

26. វិញ្ញាណ​អាក្រក់​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន​ និង​ស្រែក​យ៉ាង​ខ្លាំង​ រួច​ក៏​ចេញ​ពី​គាត់​ទៅ​

27. មនុស្ស​ទាំង​អស់​ភ្ញាក់​ផ្អើល​ និង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ស្អី​ហ្នឹង?​ សេចក្ដី​បង្រៀន​ថ្មី​នេះ​មាន​សិទ្ធិ​អំណាច​ម៉្លេះ​ លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់​ វា​ក៏​ស្ដាប់​បង្គាប់​លោក»​

28. ភ្លាម​នោះ​ កេរ្តិ៍​ឈ្មោះ​របស់​ព្រះអង្គ​ក៏​ល្បី​ខ្ចរខ្ចាយ​គ្រប់​ទី​កន្លែង​ពាស​ពេញ​ស្រុក​កាលីឡេ។​

29. កាល​ព្រះអង្គ​ និង​ពួក​សិស្ស​ចេញ​ពី​សាលា​ប្រជុំ​ភ្លាម​ ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ និង​លោក​អនទ្រេ​ជាមួយ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ផង​ដែរ។​

30. កាល​ម្ដាយ​ក្មេក​លោក​ស៊ីម៉ូន​កំពុង​តែ​ដេក​គ្រុន​ គេ​ក៏​ទូល​ព្រះអង្គ​ភ្លាម​ថា​ គាត់​ឈឺ​

31. ព្រះអង្គ​ចូល​ទៅ​ជិត​ រួច​ក៏​ចាប់​ដៃ​លើក​គាត់​ឡើង​ គាត់​ក៏​បាន​ជា​ពី​គ្រុន​ ហើយ​បម្រើ​ពួកគេ។​

32. នៅ​ល្ងាច​នោះ​ បន្ទាប់​ពី​ថ្ងៃ​លិច​ គេ​នាំ​អស់​អ្នក​ជម្ងឺ​ និង​អ្នក​ដែល​មាន​អារក្ស​ចូល​ទាំងឡាយ​មក​រក​ព្រះអង្គ​

33. អ្នក​ក្រុង​នោះ​ទាំង​មូល​បាន​មក​ជួប​ជុំ​គ្នា​នៅ​មាត់​ទ្វារ​

34. ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​ឲ្យ​ជា​សះស្បើយ​ និង​បាន​បណ្ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ ហើយ​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំង​នោះ​និយាយ​អ្វី​ឡើយ​ ព្រោះ​ពួក​វា​ស្គាល់​ព្រះអង្គ។​

35. ពឹ្រក​ឡើង​ កាល​ងងឹត​នៅ​ឡើយ​ ព្រះអង្គ​ក្រោក​ឡើង​ ហើយ​ចេញ​ទៅ​កន្លែង​ស្ងាត់​ រួច​ក៏​អធិស្ឋាន​នៅ​ទីនោះ​

36. លោក​ស៊ីម៉ូន​ និង​ពួក​អ្នក​នៅ​ជាមួយ​បាន​តាម​រក​ព្រះអង្គ​

37. លុះ​បាន​ឃើញ​ព្រះអង្គ​ហើយ​ ពួកគេ​ទូល​ថា៖​ «មនុស្ស​គ្រប់​គ្នា​កំពុង​រក​លោក»​

សូមអានជំពូកពេញលេញ ម៉ាកុស 1