ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 1 ព្រះគម្ពីរបរិសុទ្ធ (KHOV)

សេចក្តី​ផ្តើម

1. សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវក​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ តាម​បង្គាប់​របស់​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង និង​ព្រះ‌យេស៊ូវ​គ្រីស្ទ ដ៏​ជា​ទី​សង្ឃឹម​នៃ​យើង​រាល់​គ្នា

2. ខ្ញុំ​ផ្ញើ​មក​អ្នក​ធីម៉ូថេ ជា​កូន​ពិត​ក្នុង​សេចក្តី​ជំនឿ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ សេចក្តី​មេត្តា‌ករុណា និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។

ពាក្យ​ដាស់‌តឿន​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្តី​បង្រៀន​ក្លែង‌ក្លាយ

3. កាល​ខ្ញុំ​រៀប​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន នោះ​ខ្ញុំ​បាន​សូម​ឲ្យ​អ្នក​នៅ​តែ​ក្នុង​ក្រុង​អេភេសូរ​ចុះ ដើម្បី​ឲ្យ​អ្នក​បាន​ហាម‌ប្រាម​ដល់​អ្នក​ខ្លះ កុំ​ឲ្យ​គេ​បង្រៀន​ពី​សេចក្តី​ណា​ផ្សេង​ទៀត

4. ឬ​ស្តាប់​តាម​រឿង​ព្រេង និង​ពង្សាវតារ ដែល​មិន​ចេះ​អស់​មិន​ចេះ​ហើយ​នោះ​ឡើយ ដែល​រឿង​ទាំង​នោះ​តែង​បង្កើត​ឲ្យ​មាន សេចក្តី​ដេញ​ដោល ជា​ជាង​ចំរើន​ការ​នៃ​ព្រះ​ក្នុង​សេចក្តី​ជំនឿ

5. ហេតុ​ដែល​ហាម​យ៉ាង​ដូច្នោះ នោះ​គឺ​ប្រយោជន៍​ចង់​ឲ្យ​បាន​សេចក្តី​ស្រឡាញ់ ដែល​កើត​ពី​ចិត្ត​ស្អាត ពី​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ហើយ​ពី​សេចក្តី​ជំនឿ​ដ៏​ស្មោះ‌ត្រង់​វិញ

6. ព្រោះ​អ្នក​ខ្លះ​បាន​ជ្រួស​ចេញ​ពី​សេចក្តី​នោះ​ទៅ​ហើយ ព្រម​ទាំង​បែរ​ចេញ ទៅ​ខាង​ពាក្យ​សំដី ដែល​ឥត​ប្រយោជន៍​ផង

7. គេ​ចង់​ធ្វើ​ជា​គ្រូ​នៃ​ក្រឹត្យ‌វិន័យ តែ​គេ​មិន​ទាំង​យល់​សេចក្តី​ដែល​គេ​និយាយ ឬ​ពី​សេចក្តី​ដែល​គេ​ប្រកាន់​នោះ​ផង

8. រីឯ​យើងៗ​ដឹង​ថា ក្រឹត្យ‌វិន័យ​ល្អ​មែន បើ​អ្នក​ណា​ប្រើ​តាម​ត្រឹម​ត្រូវ

9. ដោយ​ដឹង​ថា ក្រឹត្យ‌វិន័យ​មិន​មែន​តាំង​សំរាប់​មនុស្ស​សុចរិត​ទេ គឺ​សំរាប់​មនុស្ស​ទទឹង​ច្បាប់ និង​មនុស្ស​រឹង‌ចចេស មនុស្ស​ទមិល​ល្មើស និង​មនុស្ស​ដែល​មាន​បាប គឺ​ជា​មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​មិន​រាប់​ព្រះ មនុស្ស​ដែល​វាយ​ឪពុក​ម្តាយ និង​មនុស្ស​ដែល​សំឡាប់​គេ

10. មនុស្ស​កំផិត លេង​កូន​ជឹង ចាប់​មនុស្ស​លក់ ភូត‌កុហក ហើយ​ស្បថ​បំពាន​វិញ ព្រម​ទាំង​ការ​អ្វី​ដែល​ទាស់​ទទឹង​នឹង​សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ដែរ

11. នោះ​គឺ​តាម​ដំណឹង​ពី​សិរី‌ល្អ​នៃ​ព្រះ​ដ៏​មាន​ពរ ជា​ដំណឹង ដែល​ផ្ញើ​ទុក​នឹង​ខ្ញុំ។

ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ

12. ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ គឺ​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​រាប់​ខ្ញុំ​ទុក​ជា​ស្មោះ‌ត្រង់ ទាំង​តាំង​ខ្ញុំ​ឲ្យ​មាន​ការ‌ងារ

13. ដែល​ពី​ដើម​ខ្ញុំ​ជា​អ្នក​ប្រមាថ ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​ព្រហើន​ឈ្លាន‌ពាន តែ​ទ្រង់​បាន​អាណិត​មេត្តា​ដល់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅ‌ល្ងង់ ឥត​មាន​សេចក្តី​ជំនឿ

14. តែ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង បាន​ចំរើន​ជា​បរិបូរ​ហូរ‌ហៀរ​ឡើង ព្រម​ទាំង​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ​ផង

15. ពាក្យ​នេះ​គួរ​ជឿ ហើយ​គួរ​ទទួល​គ្រប់​យ៉ាង គឺ​ថា ព្រះ‌គ្រីស្ទ​យេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជួយ​សង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ​១​ក្នុង​ពួក​គេ

16. ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាណិត​មេត្តា​ដល់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​សំដែង​ចេញ គ្រប់​ទាំង​សេចក្តី​អត់​ធន់​របស់​ទ្រង់​ក្នុង​ខ្លួន​ខ្ញុំ ដែល​ជា​អ្នក​លេខ​១​នោះ ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ក្បួន​ដល់​ពួក​អ្នក ដែល​នឹង​ជឿ​ដល់​ទ្រង់ ប្រយោជន៍​ឲ្យ​គេ​បាន​ជីវិត អស់​កល្ប‌ជានិច្ច

17. រីឯ​ស្តេច​នៃ​អស់​ទាំង​កល្ប ដែល​ទ្រង់​មិន​ចេះ​សុគត ហើយ​មើល​ទ្រង់​មិន​ឃើញ គឺ​ជា​ព្រះ​តែ​១​ព្រះ‌អង្គ នោះ​សូម​ឲ្យ​ទ្រង់​បាន​ល្បី​ព្រះ‌នាម និង​សិរី‌ល្អ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។

18. ឱ​ធីម៉ូថេ ជា​កូន​អើយ ខ្ញុំ​ប្រគល់​ពាក្យ​បណ្តាំ​នេះ​ទុក​នឹង​អ្នក តាម​សេចក្តី​ទំនាយ​ដែល​បាន​ទាយ​ពី​អ្នក​ជា​មុន ដើម្បី​ឲ្យ​អ្នក​បាន​ច្បាំង​ជា​ចំបាំង​យ៉ាង​ល្អ ដោយ‌សារ​សេចក្តី​ទាំង​នោះ

19. ព្រម​ទាំង​រក្សា​សេចក្តី​ជំនឿ និង​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ដែល​មនុស្ស​ខ្លះ​បាន​បោះ​បង់​ចោល ហើយ​គេ​បាន​លិច​បាត់​ខាង​ឯ​សេចក្តី​ជំនឿ​ផង

20. ក្នុង​ពួក​នោះ មាន​ឈ្មោះ​ហ៊ីមេនាស និង​អ័លេ‌ក្សាន‌ត្រុស ដែល​ខ្ញុំ​បាន​ប្រគល់​ទៅ​អារក្ស​សាតាំង ឲ្យ​ត្រូវ​វាយ‌ផ្ចាល ដើម្បី​ឲ្យ​គេ​រាង‌ចាល​កុំ​ឲ្យ​ប្រមាថ​ទៀត។