6. ទ្រង់ក៏ធ្វើយ៉ាងនោះនៅអស់ទាំងទីក្រុងរបស់ពួកម៉ាន៉ាសេ ពួកអេប្រាអិម និងពួកស៊ីម្មាន រហូតដល់ស្រុករបស់ពួកណែបថាលី និងកន្លែងបាក់បែកនៅជុំវិញទាំងប៉ុន្មានដែរ
7. ក៏រំលំអាសនា បំបាក់បំបែករូបព្រះ និងរូបឆ្លាក់ឲ្យទៅជាផង់ធូលី កាប់រំលំអស់ទាំងរូបព្រះអាទិត្យនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែលចេញ រួចទ្រង់វិលត្រឡប់មកឯក្រុងយេរូសាឡិមវិញ។
8. លុះដល់ឆ្នាំទី១៨ ក្នុងរាជ្យទ្រង់ កាលគេបានជំរះសំអាតស្រុក និងព្រះវិហាររួចជាស្រេចហើយ នោះទ្រង់ចាត់សាផាន ជាកូនអ័សាលា ម្អាសេយ៉ា ជាចៅហ្វាយទីក្រុង និងយ៉ូអា កូនយ៉ូអាហាស ជាអ្នកតែងពង្សាវតារ ឲ្យទៅជួសជុលព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃទ្រង់
9. គេក៏ទៅឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ ប្រគល់ប្រាក់ដែលគេបាននាំយកមកក្នុងព្រះវិហារនៃព្រះ ជាប្រាក់ដែលពួកលេវីជាអ្នកឆ្មាំទ្វារ បានប្រមូលពីពួកម៉ាន៉ាសេ ពួកអេប្រាអិម និងសំណល់ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ហើយពីពួកយូដា ពួកបេនយ៉ាមីន និងពួកអ្នកនៅក្នុងក្រុងយេរូសាឡិមផង