2. ប៉ុន្តែព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់សេម៉ាយ៉ា ជាអ្នកសំណប់របស់ព្រះថា
3. ចូរទៅប្រាប់ដល់រេហូបោម ជាកូនសាឡូម៉ូន ស្តេចស្រុកយូដា ហើយដល់សាសន៍អ៊ីស្រាអែល នៅខែត្រយូដា និងបេនយ៉ាមីនទាំងអស់ថា
4. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ កុំឲ្យឯងរាល់គ្នាឡើងទៅច្បាំងនឹងពួកបងប្អូនឯងឡើយ ចូរវិលទៅឯទីលំនៅឯងរៀងខ្លួនទៅ ដ្បិតការនេះ គឺអញបានបង្កើតឡើងទេ គេក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា គឺគេវិលត្រឡប់ពីផ្លូវ ដែលគេឡើងទៅទាស់នឹងយេរ៉ូបោមនោះទៅវិញ។
5. ដូច្នេះ ស្តេចរេហូបោមទ្រង់គង់នៅក្រុងយេរូសាឡិម ហើយក៏សង់ទីក្រុងខ្លះនៅស្រុកយូដា សំរាប់ការពារស្រុក
6. ទ្រង់សង់ក្រុងបេថ្លេហិម អេថាម ត្កូអា
7. បេត-ស៊ើរ សូគរ អាឌូឡាម
8. កាថ ម៉ារីសា ស៊ីភ
9. អាដូរែម ឡាគីស អាសេកា
10. សូរ៉ាស់ អាយ៉ាឡូន និងហេប្រុន ដែលនៅស្រុកយូដា និងស្រុកបេនយ៉ាមីន សុទ្ធតែជាទីក្រុងមានបន្ទាយទាំងអស់
11. ទ្រង់ក៏ធ្វើបន្ទាយទាំងប៉ុន្មានឲ្យមាំមួនឡើង ហើយដាក់ឲ្យមានមេទ័ព លើគ្រប់បន្ទាយទាំងនោះ ព្រមទាំងឲ្យមានស្បៀងអាហារ ប្រេង និងស្រាទំពាំងបាយជូរផង
12. ហើយនៅគ្រប់ទាំងទីក្រុង ទ្រង់បានបំរុងទុកខែល និងលំពែង ឲ្យទីក្រុងទាំងនោះបានមានកំឡាំងក្រៃលែង ឯស្រុកយូដា និងស្រុកបេនយ៉ាមីន នោះជារបស់ផងទ្រង់។
13. ឯពួកសង្ឃ និងពួកលេវី ដែលនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល គេក៏ចេញពីស្រុករបស់ខ្លួនមូលមកឯទ្រង់ទាំងអស់
14. ពួកលេវីគេលះចោលទីលំនៅ និងកេរអាកររបស់គេ មូលមកនៅស្រុកយូដា និងក្រុងយេរូសាឡិមទាំងអស់ ពីព្រោះយេរ៉ូបោម និងកូនចៅទ្រង់ បានបោះបង់ចោលគេចេញ មិនឲ្យគេធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាទេ
15. ហើយក៏តាំងពួកអ្នកដទៃឡើងជាសង្ឃវិញសំរាប់អស់ទាំងទីខ្ពស់ រូបពពែឈ្មោល និងកូនគោ ដែលទ្រង់បានធ្វើ
16. ឯពួកអ្នកនៅអស់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល គឺជាអ្នកដែលតាំងចិត្តរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះក៏តាមពួកលេវីនោះ មកឯក្រុងយេរូសាឡិម ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ