2. នាងព្រហ្មចារី គឺនគរអ៊ីស្រាអែល បានដួលចុះហើយ នឹងក្រោកឡើងវិញមិនបានឡើយ នាងដេកត្រមោចនៅលើដីខ្លួន គ្មានអ្នកណានឹងលើកឡើងវិញសោះ
3. ដ្បិតព្រះអម្ចាស់ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ទីក្រុងណាដែលលើកទ័ព១ពាន់ចេញទៅ នោះនឹងសល់នៅតែ១រយវិញ ហើយទីក្រុងដែលមាន១រយចេញទៅ នោះនឹងសល់នៅតែ១០ដល់ពួកវង្សអ៊ីស្រាអែលទេ។
4. ដ្បិតព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដល់ពួកវង្សអ៊ីស្រាអែលដូច្នេះថា ចូរស្វែងរកអញ នោះឯងរាល់គ្នានឹងរស់នៅ
5. កុំឲ្យរកដល់បេត-អែល ឬចូលទៅក្នុងគីលកាលឡើយ ក៏កុំឲ្យរំលងទៅដល់បៀរ-សេបាដែរ ពីព្រោះគីលកាលនឹងត្រូវទៅជាឈ្លើយពិត ហើយបេត-អែលនឹងត្រូវសូន្យបាត់ទៅ
6. ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះឯងរាល់គ្នានឹងរស់នៅ ក្រែងទ្រង់កាត់ឆេះឡើង ដូចជាភ្លើងនៅក្នុងវង្សយ៉ូសែប ហើយបញ្ឆេះអស់រលីងទៅ ឥតមានអ្នកណានៅបេត-អែល ដែលអាចនឹងពន្លត់បានឡើយ
7. ម្នាលឯងរាល់គ្នាដែលបំផ្លាស់បំប្រែសេចក្តីយុត្តិធម៌ ឲ្យទៅជាស្លែង ហើយបោះសេចក្តីសុចរិតចុះដល់ដី
8. ចូរស្វែងរកព្រះដែលទ្រង់បានបង្កើតផ្កាយកូនមាន់ និងផ្កាយនាយព្រាន ក៏ធ្វើឲ្យម្លប់នៃសេចក្តីស្លាប់ប្រែទៅជាព្រលឹមស្រាង ហើយឲ្យថ្ងៃត្រឡប់ទៅជាយប់វិញ ព្រមទាំងហៅទឹកសមុទ្រមក រួចចាក់ទៅលើផែនដី ព្រះនាមទ្រង់ គឺព្រះយេហូវ៉ា
9. ទ្រង់នាំការបំផ្លាញមកលើមនុស្សខ្លាំងពូកែភ្លាម១រំពេច ដល់ម៉្លេះបានជាទាំងបន្ទាយក៏ត្រូវបំផ្លាញផង។
10. គេរមែងស្អប់អ្នក ដែលបន្ទោសនៅត្រង់ទ្វារក្រុង ហើយក៏តែងតែខ្ពើមអ្នក ដែលពោលសេចក្តីទៀងទ្រង់ផង
11. ដូច្នេះ ដោយព្រោះឯងរាល់គ្នាតែងញាំញីពួកក្រ ហើយរឹបយកស្រូវពីគេ បានជាឯងរាល់គ្នានឹងសង់ផ្ទះដោយថ្មដាប់ តែមិនបានអាស្រ័យនៅក្នុងផ្ទះនោះទេ ឯងរាល់គ្នានឹងដាំចំការទំពាំងបាយជូរដ៏គាប់ចិត្ត តែមិនបានផឹកស្រាទំពាំងបាយជូរពីនោះឡើយ