គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 7:15-26 Khmer Standard Version (KHSV)

15. អ្វីៗ​ពី​ខាង​ក្រៅ ចូល​ទៅ​ក្នុង​មនុស្ស ពុំ​អាច​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ*​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​អ្វីៗ​ចេញ​ពី​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មិន​បរិសុទ្ធ [

16. អ្នក​ណា​ឮ​ពាក្យ​នេះ​ហើយ ចូរ​យក​ទៅ​ពិចារណា​ចុះ]»។

17. កាល​ព្រះ‌យេស៊ូ​យាង​ចេញ​ពី​បណ្ដា‌ជន ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស*​នាំ​គ្នា​ទូល​សួរ​ព្រះ‌អង្គ​អំពី​ប្រស្នា​នេះ។

18. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ក៏​គ្មាន​ប្រាជ្ញា​ដូច​ពួក​គេ​ដែរ​ឬ? អ្នក​រាល់​គ្នា​ត្រូវ​យល់​ថា អ្វីៗ​ពី​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​មនុស្ស ពុំ​អាច​ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ

19. ដ្បិត​អ្វីៗ​ទាំង​នោះ​មិន​ចូល​ទៅ​ក្នុង​ចិត្ត​ទេ គឺ​ចូល​ទៅ​ក្នុង​ពោះ រួច​ចេញ​មក​ធ្លាក់​ទៅ​ទី​បន្ទោរ​បង់»។ ព្រះ‌អង្គ​បញ្ជាក់​ថា​គ្រប់​អាហារ​សុទ្ធ​តែ​បរិសុទ្ធ​ទាំង​អស់។

20. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មាន​តែ​អ្វីៗ​ចេញ​ពី​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​គេ​មិន​បរិសុទ្ធ

21. ដ្បិត​គំនិត​អាក្រក់​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ចេញ​មក​ពី​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស គឺ​គំនិត​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​កាម‌គុណ​ថោក​ទាប លួច​ប្លន់ កាប់​សម្លាប់

22. ផិត​ក្បត់ លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ កាច​សាហាវ បោក​ប្រាស់​គេ ប្រព្រឹត្ត​អបាយ‌មុខ ច្រណែន‌ឈ្នានីស អំនួត និង​គំនិត‌លេលា។

23. ការ‌អាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មនុស្ស​មក ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ*»។

24. ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ូស។ ព្រះ‌អង្គ​យាង​ចូល​ក្នុង​ផ្ទះ​មួយ ទ្រង់​ពុំ​ចង់​ឲ្យ​នរណា​ដឹង​ថា​ទ្រង់​គង់​នៅ​ទី​នោះ​ឡើយ តែ​លាក់​មិន​ជិត។

25. ភ្លាម​នោះ ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​វិញ្ញាណ​អាក្រក់​ចូល បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ នាង​មក​ក្រាប​ទៀប​ព្រះ‌បាទា​របស់​ព្រះ‌អង្គ។

26. ស្ត្រី​នោះ​ជា​សាសន៍​ក្រិក​មាន​កំណើត​នៅ​ភេនីស​ក្នុង​ស្រុក​ស៊ីរី។ នាង​ទូល​សូម​ព្រះ‌យេស៊ូ​ដេញ​អារក្ស​ចេញ​ពី​កូន​នាង។

សូមអានជំពូកពេញលេញ ម៉ាកុស 7