12. មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាម យកគ្រែស្នែងរបស់ខ្លួន ដើរកាត់មុខមនុស្សទាំងអស់ចេញទៅ ធ្វើឲ្យគេគ្រប់គ្នាស្ញប់ស្ញែងយ៉ាងខ្លាំង ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ទាំងពោលថា៖ «យើងមិនដែលបានឃើញការអស្ចារ្យណាមួយដូចពេលនេះឡើយ!»។
13. ព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេម្ដងទៀត។ បណ្ដាជនទាំងមូលនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏បង្រៀនពួកគេ។
14. កាលព្រះអង្គយាងកាត់តាមនោះ ទ្រង់ទតឃើញលោកលេវី ជាកូនរបស់លោកអាល់ផាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។
15. បន្ទាប់មក ព្រះយេស៊ូសោយព្រះស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ* ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយព្រះអង្គ និងពួកសិស្ស*។ មានមនុស្សប្រភេទនោះច្រើននាក់បានមកតាមព្រះអង្គ។
16. ពួកអាចារ្យពីគណៈផារីស៊ី*ឃើញព្រះយេស៊ូសោយព្រះស្ងោយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ពួកសិស្សថា៖ «ហេតុអ្វីបានជាលោកបរិភោគជាមួយអ្នកទារពន្ធ និងជាមួយមនុស្សបាប?»។
17. ព្រះយេស៊ូបានឮគេនិយាយដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។
18. ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ដ និងពួកសិស្សខាងគណៈផារីស៊ី នាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះយេស៊ូថា៖ «សិស្សរបស់លោកយ៉ូហាន និងសិស្សខាងគណៈផារីស៊ី* តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។