7. ពេលនោះ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ទើបលោកពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖«បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីឲ្យខ្ញុំផ្សព្វផ្សាយដំណឹងល្អ*ដល់សាសន៍ដទៃ ឲ្យគេបានឮ និងបានជឿដែរ។
8. ព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស ទ្រង់បានបញ្ជាក់ថា ព្រះអង្គយល់ព្រមទទួលពួកគេ ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ*ឲ្យគេ ដូចព្រះអង្គបានប្រទានមកយើងដែរ។
9. ព្រះអង្គមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺទ្រង់បានសម្អាតចិត្តគេឲ្យបានបរិសុទ្ធ* ដោយជំនឿ។
10. ឥឡូវនេះ ហេតុដូចម្ដេចបានជាបងប្អូនជំទាស់ នឹងព្រះជាម្ចាស់ដូច្នេះ? នឹមដែលបុព្វបុរសរបស់យើង និងខ្លួនយើងផ្ទាល់ មិនអាចទ្រាំទ្របានផងនោះ ម្ដេចក៏បងប្អូនចង់យកទៅដាក់លើពួកសិស្សដែរ!
11. ទេ មិនបានទេ! ដ្បិតយើងជឿថា ទាំងសាសន៍យើង ទាំងសាសន៍គេ បានទទួលការសង្គ្រោះ ដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ»។
12. ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្ដាប់លោកប៉ូល និងលោកបារណាបាស មានប្រសាសន៍រៀបរាប់អំពីទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ ដែលព្រះជាម្ចាស់បានសម្តែង នៅកណ្ដាលចំណោមសាសន៍ដទៃតាមរយៈលោក។
13. លុះលោកទាំងពីរមានប្រសាសន៍ចប់ហើយ លោកយ៉ាកុបក៏មានប្រសាសន៍ឡើងថា៖
14. «បងប្អូនអើយ សូមស្ដាប់ខ្ញុំ! លោកស៊ីម៉ូនបានរៀបរាប់ថា កាលពីដើមដំបូង ព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើសប្រជារាស្ដ្រមួយ ពីចំណោមជាតិសាសន៍នានាឲ្យធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់។
15. រីឯព្រះបន្ទូលដែលពួកព្យាការី*បានថ្លែង ក៏ស្របនឹងសេចក្ដីនេះដែរ ដូចមានចែងទុកមកថា៖
16. លុះក្រោយមក យើងនឹងវិលត្រឡប់មកវិញ យើងនឹងលើកពន្លារបស់ដាវីឌ ដែលរលំទៅនោះឡើងវិញ យើងនឹងសង់ដំណាក់ដែលបាក់បែកខ្ទេចខ្ទី ឡើងវិញ
17. ពេលនោះ មនុស្សម្នាដែលនៅសល់ នឹងស្វែងរកព្រះអម្ចាស់ ហើយជាតិសាសន៍នានាដែលជាប្រជារាស្ត្រ របស់យើង ក៏នឹងស្វែងរកយើងដែរ។
18. នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែល សម្តែងការទាំងនេះឲ្យមនុស្សលោកស្គាល់ តាំងពីយូរអង្វែងរៀងមក។