17. ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នករាល់គ្នាពុំបានស្ដាប់បង្គាប់យើង ក្នុងការដោះលែងបងប្អូនដែលជាសាច់ឈាមរបស់ខ្លួនទេនោះ យើងក៏នឹងបណ្ដោយឲ្យសង្គ្រាម ជំងឺអាសន្នរោគ និងទុរ្ភិក្សកើតមានដល់អ្នករាល់គ្នាដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពេលនគរទាំងប៉ុន្មាននៅផែនដីឃើញអ្នករាល់គ្នា គេនឹងតក់ស្លុតយ៉ាងខ្លាំង។
18. យើងនឹងប្រព្រឹត្តចំពោះពួកអ្នកដែលបានរំលោភលើកិច្ចសន្យារបស់យើង ដោយកាប់កូនគោជាពីរ ហើយនាំគ្នាដើរនៅចន្លោះសាច់ទាំងពីរចំហៀងយ៉ាងនោះដែរ ដ្បិតពួកគេមិនបានគោរពលក្ខខណ្ឌ ដែលគេបានសន្យាជាមួយយើង នៅពេលចុះកិច្ចសន្យានោះឡើយ។
19. យើងនឹងប្រគល់ពួកមន្ត្រីនៅស្រុកយូដា ពួកមន្ត្រីនៅក្រុងយេរូសាឡឹម ពួកមហាតលិក ពួកបូជាចារ្យ និងប្រជាជននៅស្រុកទាំងមូល ដែលបានដើរកាត់ចន្លោះសាច់ទាំងពីរចំហៀងរបស់កូនគោនោះ
20. ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ សាកសពរបស់ពួកគេក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។