29. ដ្បិតអស់អ្នកដែលមាននឹងបន្ថែមឲ្យ ហើយអ្នកនោះនឹងមានជាបរិបូរ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង
30. រួចចូរបោះបាវបម្រើចោលម្សៀតនេះ ទៅក្នុងសេចក្ដីងងឹតនៅខាងក្រៅទៅ ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។
31. ពេលកូនមនុស្សមកនៅក្នុងសិរីរុងរឿងរបស់លោកជាមួយនឹងពួកទេវតាទាំងអស់ នោះលោកនឹងអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក
32. ហើយជនជាតិទាំងអស់នឹងត្រូវបានប្រមូលមកនៅចំពោះមុខលោក រួចលោកនឹងញែកពួកគេចេញពីគ្នា ប្រៀបដូចជាអ្នកគង្វាលញែកចៀមចេញពីពពែ
33. លោកនឹងដាក់ចៀមនៅខាងស្ដាំលោក ឯពពែនៅខាងឆ្វេងលោក។
34. នៅពេលនោះ ស្ដេចនឹងមានបន្ទូលទៅពួកអ្នកនៅខាងស្ដាំថា អស់អ្នកដែលព្រះវរបិតារបស់ខ្ញុំបានប្រទានពរ ចូរមកទទួលយកនគរដែលបានរៀបចំសម្រាប់អ្នករាល់គ្នា តាំងពីដើមកំណើតពិភពលោកទុកជាមរតកចុះ
35. ព្រោះកាលខ្ញុំឃ្លាន អ្នករាល់គ្នាឲ្យខ្ញុំបរិភោគ កាលខ្ញុំស្រេក អ្នករាល់គ្នាឲ្យខ្ញុំផឹក ហើយកាលខ្ញុំជាអ្នកក្រៅ អ្នករាល់គ្នាបានស្វាគមន៍ខ្ញុំ
36. កាលខ្ញុំនៅអាក្រាត អ្នករាល់គ្នាបានស្លៀកពាក់ឲ្យខ្ញុំ កាលខ្ញុំឈឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខខ្ញុំ ហើយកាលខ្ញុំជាប់គុក អ្នករាល់គ្នាបានមកជួបខ្ញុំ
37. ពួកអ្នកសុចរិតនឹងទូលតបវិញថា ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឲ្យព្រះអង្គបរិភោគ កាលយើងខ្ញុំបានឃើញព្រះអង្គឃ្លាន ឬបានឲ្យព្រះអង្គផឹក កាលយើងខ្ញុំបានឃើញព្រះអង្គស្រេកពីកាលណា?
38. តើយើងខ្ញុំបានស្វាគមន៍ព្រះអង្គ កាលយើងខ្ញុំបានឃើញព្រះអង្គជាអ្នកក្រៅ ឬបានស្លៀកពាក់ឲ្យព្រះអង្គ កាលព្រះអង្គនៅអាក្រាតពីកាលណា?
39. តើយើងខ្ញុំបានមកជួបព្រះអង្គ កាលយើងខ្ញុំបានឃើញព្រះអង្គឈឺ ឬជាប់គុកពីកាលណា?
40. ស្ដេចនឹងមានបន្ទូលទៅពួកគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ការដែលអ្នករាល់គ្នាបានធ្វើដូច្នេះ សម្រាប់បងប្អូនរបស់ខ្ញុំម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះ នោះបានធ្វើសម្រាប់ខ្ញុំហើយ។
41. ព្រះអង្គនឹងមានបន្ទូលទៅពួកអ្នកនៅខាងឆ្វេងដែរថា អស់អ្នកត្រូវបណ្ដាសា ចូរចេញពីខ្ញុំ ហើយធ្លាក់ទៅក្នុងភ្លើង ដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំសម្រាប់អារក្សសាតាំង និងពួកទេវតារបស់វាចុះ