21. ម្ចាស់ក៏និយាយទៅគាត់ថា ប្រសើរណាស់ បាវបម្រើល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់លើទ្រព្យសម្បត្តិបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យគ្រប់គ្រងលើទ្រព្យសម្បត្តិជាច្រើន ចូរអ្នកចូលរួមមានអំណរជាមួយម្ចាស់របស់អ្នកចុះ
22. ឯម្នាក់ដែលបានទទួលពីរឋាឡាន់ក៏ចូលមកជិតដែរ ប្រាប់ថា លោកម្ចាស់អើយ! ពីរឋាឡាន់ដែលលោកម្ចាស់បានឲ្យខ្ញុំ សូមមើល ខ្ញុំបានចំណេញពីរឋាឡាន់ទៀត
23. ម្ចាស់ក៏និយាយទៅគាត់ថា ប្រសើរណាស់ បាវបម្រើល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់លើទ្រព្យសម្បត្តិបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យគ្រប់គ្រងលើទ្រព្យសម្បត្តិជាច្រើន ចូរអ្នកចូលរួមមានអំណរជាមួយម្ចាស់របស់អ្នកចុះ
24. ម្នាក់ដែលបានទទួលមួយឋាឡាន់បានចូលមកជិតដែរ ប្រាប់ថា លោកម្ចាស់អើយ! ខ្ញុំដឹងថា លោកជាមនុស្សតឹងតែង គឺលោកច្រូតពីកន្លែងដែលលោកមិនបានព្រោះ និងប្រមូលពីកន្លែងដែលលោកមិនបានពង្រាយ
25. ដូច្នេះខ្ញុំខ្លាច ខ្ញុំក៏យកលុយមួយឋាឡាន់របស់លោកនោះទៅកប់ទុកក្នុងដី នេះនែ៎ សូមលោកយករបស់លោកវិញចុះ។
26. ម្ចាស់របស់គាត់តបទៅគាត់វិញថា បាវបម្រើអាក្រក់ និងខ្ចិលអើយ! ឯងក៏ដឹងដែរថា ខ្ញុំច្រូតពីកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលពីកន្លែងដែលខ្ញុំមិនបានពង្រាយ។
27. បើដូច្នោះ ម្ដេចក៏ឯងមិនយកលុយរបស់ខ្ញុំទៅចងការ ហើយពេលខ្ញុំមកវិញ ខ្ញុំនឹងទទួលបានលុយរបស់ខ្ញុំ ព្រមទាំងការប្រាក់ផង
28. ដូច្នេះ ចូរយកមួយឋាឡាន់ពីគាត់ ហើយឲ្យទៅអ្នកដែលមានដប់ឋាឡាន់ចុះ
29. ដ្បិតអស់អ្នកដែលមាននឹងបន្ថែមឲ្យ ហើយអ្នកនោះនឹងមានជាបរិបូរ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង
30. រួចចូរបោះបាវបម្រើចោលម្សៀតនេះ ទៅក្នុងសេចក្ដីងងឹតនៅខាងក្រៅទៅ ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។
31. ពេលកូនមនុស្សមកនៅក្នុងសិរីរុងរឿងរបស់លោកជាមួយនឹងពួកទេវតាទាំងអស់ នោះលោកនឹងអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក
32. ហើយជនជាតិទាំងអស់នឹងត្រូវបានប្រមូលមកនៅចំពោះមុខលោក រួចលោកនឹងញែកពួកគេចេញពីគ្នា ប្រៀបដូចជាអ្នកគង្វាលញែកចៀមចេញពីពពែ
33. លោកនឹងដាក់ចៀមនៅខាងស្ដាំលោក ឯពពែនៅខាងឆ្វេងលោក។