គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

៣ យ៉ូហាន 1:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. សំបុត្រ​អ្នក​ចាស់‌ទុំ ផ្ញើ​មក​អ្នក​កៃយុស ជា​អ្នក​ស្ងួនភ្ងា ដែល​ខ្ញុំ​ស្រឡាញ់​ពិត​ប្រាកដ

2. អ្នក​ស្ងួនភ្ងា​អើយ ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យ​អ្នក​បាន​ចំរើន​ឡើង​គ្រប់​ជំពូក ហើយ​ឲ្យ​បាន​សុខ​សប្បាយ​ខាង​រូប​សាច់ ដូច​ជា​ព្រលឹង​អ្នក​បាន​ចំរើន​ឡើង​ដែរ

3. ដ្បិត​ខ្ញុំ​បាន​អរ​ជា​ខ្លាំង​ណាស់ ដោយ​មាន​បង​ប្អូន​មក​ធ្វើ​បន្ទាល់ ពី​សេចក្តី​ពិត​ដែល​នៅ​ក្នុង​អ្នក ដូច​ជា​អ្នក​ធ្លាប់​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​នោះ

4. គ្មាន​សេចក្តី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​អរ​សប្បាយ លើស​ជាង​សេចក្តី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា ពួក​កូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​នោះ​ឯង។

5. អ្នក​ស្ងួនភ្ងា​អើយ ការ​អ្វី​ដែល​អ្នក​ធ្វើ សំរាប់​ពួក​បង​ប្អូន និង​ពួក​ដទៃ​ដែរ នោះ​អ្នក​ក៏​ធ្វើ​ដោយ​ស្មោះ‌ត្រង់​គ្រប់​ទាំង​អស់​ហើយ

6. គេ​ក៏​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ស្រឡាញ់​របស់​អ្នក នៅ​មុខ​ពួក​ជំនុំ​ផង បើ​អ្នក​នឹង​ជួយ​ដំរង់​អ្នក​ទាំង​នោះ តាម​បែប​គួរ​នឹង​ព្រះ នោះ​បាន​ល្អ​ហើយ

7. ដ្បិត​គេ​បាន​ចេញ​ដើរ​ទៅ ដោយ​ព្រោះ​ព្រះ‌នាម​ទ្រង់ ឥត​មាន​ទទួល​អ្វី​ពី​សាសន៍​ដទៃ​ឡើយ

8. ដូច្នេះ យើង​រាល់​គ្នា​ត្រូវ​ជួយ​ទំនុក​បំរុង​ដល់​មនុស្ស​យ៉ាង​នោះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ការ​ជា​មួយ​នឹង​គេ​ក្នុង​សេចក្តី​ពិត។

9. ខ្ញុំ​បាន​ធ្វើ​សំបុត្រ​ផ្ញើ​មក​ពួក​ជំនុំ ប៉ុន្តែ អ្នក​ឌីអូត្រេព​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ធំ​ក្នុង​ពួក​នោះ គាត់​មិន​ទទួល​យើង​ទេ

10. ដូច្នេះ បើ​ខ្ញុំ​មក ខ្ញុំ​នឹង​នឹក​ចាំ​ពី​ការ​ដែល​អ្នក​នោះ​ធ្វើ ដោយ​គាត់​ពោល​ពាក្យ​អាក្រក់ និយាយ​ដើម​យើង ហើយ​មិន​ស្កប់​ចិត្ត​នឹង​សេចក្តី​នោះ​តែ​ប៉ុណ្ណោះ ថែម​ទាំង​មិន​ព្រម​ទទួល​ពួក​បង​ប្អូន​ទៀត​ផង ហើយ​បើ​មាន​អ្នក​ណា​ចង់​ទទួល​គេ នោះ​គាត់​ក៏​ហាម​ឃាត់​មិន​ឲ្យ​ទទួល​វិញ ព្រម​ទាំង​កាត់​គេ​ចេញ​ពី​ពួក​ជំនុំ​ផង។

សូមអានជំពូកពេញលេញ ៣ យ៉ូហាន 1